ប្រវត្តិសាស្រ្តដ៏ឈឺចាប់
បន្ទប់ពីរួមគ្នាតស៊ូប្រឆាំងនឹងអាណានិគមនិយម ចក្រពត្តិនិយមជាច្រើនឆ្នាំរួចមក គួរណាស់តែប្រជាជននៃប្រទេសទាំងពីរត្រូវបានទទួលសន្ដិភាព ដើម្បីកសាងជីវភាពសំបូរណ៍សប្បាយ និងសុភមង្គល។ ក៏ប៉ុន្តែ ពួក ប៉ុល ពត បានអនុវត្តការប្រល័យពូជសាសន៍ កាប់សម្លាប់ប្រជាជនកម្ពុជារាប់លាននាក់ លុបចោលរាល់មូលដ្ឋានសង្គមទាំងឬសគល់ រុញច្រានប្រជាជនកម្ពុជាចូលទៅក្នុងរណ្តៅនៃគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍។ ពួក ប៉ុល ពត បានរំលោភទៅលើអធិបតេយ្យភាព បូរណភាពទឹកដីរបស់វៀតណាម និងប្រព្រឹត្តឧក្រិដ្ឋកម្មយ៉ាងច្រើនឥតគុណនាលើប្រជាជនវៀតណាម។

ប្រឈមមុខនឹងស្ថានភាពដែលប្រទេសកម្ពុជារងការការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនៃរបបខ្មែរក្រហម ប៉ុល ពត នោះ បណ្ដាកងកម្លាំងបដិវត្តន៍ស្នេហាជាតិកម្ពុជាបានក្រោកឈរឡើងបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍នេះ។ ឆ្លើយតបនឹងការអំពាវនាវនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ព្រមទាំងក៏ដើម្បីអនុវត្តសិទ្ធការពារមាតុភូមិយ៉ាងត្រឹមត្រូវ សមហេតុសមផលរបស់ខ្លួន កងទ័ពស្ម័គ្រចិត្តវៀតណាមបានរួមជាមួយកងទ័ពនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានងើបឡើងវាយផ្តួលរំលំរបប ប៉ុល ពត ជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នាថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩។ ដោយសារតែជ័យជំនះនេះ ប្រជាជនកម្ពុជាបានបិទបញ្ចប់នូវទំព័រប្រវត្តិសាស្រ្តដ៏ឈឺចាប់ខ្លោចផ្សា ហើយបានរស់រានមានជីវិតឡើងវិញ ចាប់ផ្ដើមស្តារប្រទេសជាតិ បើកចេញនូវសម័យឯករាជ្យ សន្តិភាព សេរីភាព និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជាសព្វថ្ងៃ។

leftcenterrightdel
 ម្ដាយកម្ពុជាមួយរូបបានចាក់ទឹកជូនកងទ័ពស្ម័គ្រចិត្តវៀតណាម (រូបថតឯកសារ)


“បើគ្មានជំនួយពីវៀតណាមគឺគ្មានប្រទេសកម្ពុជាដូចសព្វថ្ងៃនេះឡើយ”

កាលពី៤០ ឆ្នាំមុន ប្រទេសកម្ពុជាស្ទើរតែជាគំនរផេះផង់មួយ។ ប៉ុន្តែ បន្ទាប់ពីបិទបញ្ចប់ទំព័រប្រវត្តិសាស្រ្តដ៏ងងិតស្លុងនោះ ប្រទេសកម្ពុជាមិនគ្រាន់តែបានរស់រានមានជីវិតឡើងវិញតែប៉ុណ្ណោះទេ ថែមទាំងត្រូវបានសង្ឃឹមនឹងក្លាយទៅជា "សត្វខ្លាសេដ្ឋកិច្ចថ្មីមួយ" របស់អាស៊ីទៀតផង។ នេះជាការវាយតំលៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ប្រវត្តិសាស្រ្តនៃមនុស្សជាតិ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា ចងចាំជានិច្ចនូវជ័យជំនះថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែលជា និមិត្តរូបភ្លឺចិញ្ចាចនៃចំណងយុទ្ធសាមគ្គីភាពវៀតណាម - កម្ពុជា។ ជារៀងរាល់ឆ្នាំ នាថ្ងៃទី០៧ មករា គឺជាឱកាសដើម្បីរំលឹកឡើងវិញនូវទំនាក់ទំនងសាមគ្គីភាព ប្រកៀកស្មារគ្នាវាងប្រទេសទាំងពីរ វៀតណាម - កម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា បើគ្មានការផ្តល់ជំនួយរបស់វៀតណាមទេ គឺគ្មានប្រទេសកម្ពុជាដូចបច្ចុប្បន្ននេះដែរ។ សម្ដេចហ៊ុន សែន មានប្រសាសន៍ នៅពេលជួបលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាមក្នុងដំណើរទស្សនកិច្ចនៅវៀតណាមក្នុងឱកាសរំលឹកខួប “៤០ឆ្នាំ នៃមាគ៌ារំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន” នាខែមិថុនា ឆ្នាំ២០១៧។

ក្រឡេកមើលពីប្រវត្តិសាស្រ្តប៉ុន្មានឆ្នាំមកនេះ យើងសែនសប្បាយរីករាយចំពោះសមិទ្ធិផលដែលប្រជាជននៃប្រទេសទាំងពីរទទួលបាន ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែបានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ យើងជឿជាក់ថា ទោះបីជាស្ថានភាពនៅលើពិភពលោកមានការវិវត្តយ៉ាងណាក៏ដោយ តែទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជាដូចជាទន្លេមេគង្គតភ្ជាប់ប្រទេសទាំងពីរដោយមិនចេះរីងស្ងួតឡើយ៕

បកប្រែដោយ Thuy Anh