អំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping នៅប្រទេស វៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកាកន្លងមក កាសែតប្រជាជនចិនបានដកស្រង់សម្ដីរបស់មជ្ឈដ្ឋានជំនាញការដែលថា ការរំពឹងទុកនៃទំនាក់ទំនងរវាងវៀតណាម និងចិនត្រូវបានកកើតដោយកត្ដាដូចខាងក្រោម៖ ទី ១ វៀតណាម និងចិនបានឈានចូលដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍ កំណែទម្រង់ និងផ្លាស់ថ្មី; ទី ២ ចិន និងវៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្ដិការឡើងកម្រិតកម្ពស់ថ្មីមួយ តាមរយៈនោះនាំមកនូវផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀតចំពោះប្រជាជននៃប្រទេសទាំងពីរ; ទី៣ ក្នុងបរិបទនៃសកលលោកមានការប្រែប្រួល គឺកិច្ចសហប្រតិបត្ដិការមានសារៈសំខាន់ដើម្បីធានាស្ថិរភាព និងអភិវឌ្ឍន៍មិនត្រឹមតែវៀតណាម និងចិនប៉ុណ្ណោះ ថែមទាំងតំបន់និង ពិភពលោកទាំងមូលទៀតផង។

leftcenterrightdel
លោកប្រធានរដ្ឋវៀតណាម Tran Dai Quang លោកប្រធានរដ្ឋចិន  Xi Jinping លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump

បន្ទាប់ពីអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមរួចមក វិទ្យុអន្ដរជាតិចិន (CRI) ទូរទស្សន៍មជ្ឈិមចិន (CCTV) ក៏បានចេញផ្សាយបទសំភាសលោកឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរវៀតណាម និងចិន មជ្ឈដ្ឋានជំនាញការ និងនិស្សិតបរទេសដែលវាយតំលៃចំពោះសមិទ្ធិផលនៃការអភិវឌ្ឍមិត្តភាពជាប្រពៃណី និងការរំពឹងទុកចំពោះអនាគតនៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងចិន។

បណ្ដាកាសែត និងទីភ្នាក់ងារសារព័ត៌មាននានា និងបណ្តាញសង្គមធំៗរបស់ចិនបានសង្កត់ធ្ងន់ថា អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាម ក្រោយពីមហាសន្និបាតបក្សកុម្មុយនិស្ដចិនលើកទី ១៩ ទទួលបានជោគជ័យនោះ បានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងចិន និងវៀតណាម។ ក្រៅពីការរំលឹកឡើងវិញនូវរាល់សកម្មភាពរបស់លោក Xi Jinping នៅប្រទេសវៀតណាមនោះ  គេហទំព័រចិនបានបន្ដថា ប្រទេសទាំងពីរកំពុងឈានចូលដំណាក់កាលសំខាន់មួយនៃការអភិវឌ្ឍ ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែកើនឡើង វៀតណាមគឺជាគោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរចិនជាច្រើន។ ហេតុដូច្នេះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping នឹងរួមចំណែកដល់ការបង្កើនទំនាក់ទំនងដៃគូសហប្រតិបត្ដិការយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាម និងចិននៅតែបន្តអភិវឌ្ឍន៍ ស្ថិរភាព បរិសុទ្ធ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី Donald Trump នៅវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែវិច្ឆិការួចមក សេតវិមានបានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះលទ្ធផល នៃដំណើរទស្សនកិច្ចលើកនេះ។ ថ្លែងការណ៍របស់សេតវិមានបានទទួលសម្គាល់លទ្ធផលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកសម្រេចបានក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ក្នុងនោះការពង្រឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកថា ជាកត្ដាសំខាន់នៃតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក ដោយមានភាពសេរី និងបើកទូលាយ។

លើសពីនេះទៀត ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យរបស់លោកប្រធានាធិបតី Donald Trump ក៏ទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មាន  និងមជ្ឈដ្ឋាននយោបាយសហរដ្ឋអាមេរិកដែរ។ មតិយោបល់ភាគច្រើនបានវាយតំលៃជាវិជ្ជមានចំពោះកិត្យានុភាពរបស់វៀតណាមដែលកាន់តែកើនឡើងក្នុងនាមជាម្ចាស់ផ្ទះនៃ APEC 2017 និងនិន្នាការអភិវឌ្ឍន៍ប្រកបដោយបរិសុទ្ធក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម និងសហរដ្ឋអាមេរិក។

អំពីបណ្ដាសហគ្រាសវៀតណាម និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចសន្យាដោយមានតំលៃរាប់ពាន់លានដុល្លារអាមេរិក ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump ថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ទង្វើនេះ នឹងជំរុញថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ខណៈដែលទីភ្នាក់ងារសារព័ត៌មាន CNN បានដកស្រង់សម្ដីរបស់មន្ដ្រីជាន់ខ្ពស់មួយរូបនៅក្នុងរដ្ឋអំណាចរបស់លោក Donald Trump ដែលថា “យើងខ្ញុំចាត់ទុកថា វៀតណាមគឺជាដៃគូដ៏អស្ចារ្យនៅក្នុងតំបន់ ហើយមានឱកាសជាច្រើនសម្រាប់យើងខ្ញុំរកឃើញវិធានការនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិយាយដោយឡែក និងក្នុងតំបន់និយាយរួម សំដៅជំរុញកំណើននៅក្នុងតំបន់” ។

ទន្ទឹមនឹងនោះ សារព័ត៌មាន Politico ក៏មានអត្ថបទមួយដែលសង្កត់ធ្ងន់ថា  “មានមនុស្សជាច្រើនសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Donald Trump បានគូសបញ្ជាក់ជាលើកដំបូងបង្អស់ដែលប្រធានាធិបតីសហរដ្ឋអាមេរិកអញ្ជើញទៅកាន់វៀតណាមក្នុងរយៈពេលពីរឆ្នាំជាប់គ្នា។ ប្រការនេះបញ្ជាក់ថា ការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិកជាមួយវៀតណាមនឹងបន្តទៀត”៕ 

បកប្រែដោយ Pham Diep