ពីព្រោះថា ការដែលដើរតាមគន្លងនៃបដិវត្តន៍ខែតុលានោះ ជាការធ្វើតាមវប្បធម៌ត្រឹមត្រូវដោយមានទិសស្លោកថា “ដើម្បីឯករាជ្យជាតិ ដើម្បីសុខុមាលភាពរបស់ប្រជាជនវៀតណាម ដើម្បីសុខសន្តិភាព និងមិត្តភាពរវាង ប្រទេសទាំងឡាយ...ជម្រើសនោះបាន និងកំពុងត្រូវបានប្រជាជនវៀតណាម បន្តអនុវត្តប្រកបដោយជោគជ័យ ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាង និងការពារប្រទេសជាតិវៀតណាមសង្គមនិយម ដូចសព្វថ្ងៃនេះ។

leftcenterrightdel
អគ្គមគ្គុទ្ទេសគណបក្ស Bolshevich លោក វ្លាឌីមៀ អីុលីច លេនីន ប្រកាសបង្កើតឡើងរដ្ឋអំណាចសូវៀត ក្នុងអង្គមហាសន្និបាតសូវៀតលើទូទាំងប្រទេស នាថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ១៩១៧ (រូបថត៖ ឯកសារ)

បដិវត្តន៍ខែតុលារុស្ស៊ីឆ្នាំ១៩១៧ គឺជាព្រឹត្តិការណ៍ដ៏ភ្លឺ ត្រចះមួយក្នុងដំណើរការអភិវឌ្ឍនៃមនុស្សជាតិជឿនលឿន។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យរង្គោះរង្គើពិភពលោក បានកាត់ផ្តាច់នូវតំណច្រវាក់សំខាន់មួយនៃ ប្រព័ន្ធចក្រពត្តិនិយម ហើយនិងបានចាក់ទំលុះយ៉ាង ធ្ងន់ធ្ងរប្រព័ន្ធមូលធននិយម ព្រមទាំងនេះជាការផ្តើមឡើង នៃការតស៊ូរំដោះប្រជាជាតិ ដែលផ្ទុះឡើង នៅលើទូទាំងពិភពលោក នាំមកនូវពន្លឺសម្រាប់ប្រជាជាតិ ទាំងមូល។ ពន្លឺថ្ងៃរះនោះបានបំភ្លឺចិញ្ចែងចិញ្ចាចដល់ គ្រប់ទិសទីលើលោក បានបើកសករាជថ្មីមួយ សម្រាប់ប្រវត្តិសាស្រ្តនៃមនុស្សជាតិ ព្រមទាំងក៏បានបើកយុគសម័យថ្មីមួយ ក្នុងប្រវត្តិសាស្រ្តដែលជាយុគសម័យអន្តរកាល នៃការផ្លាស់ប្តូរពីមូលធននិយមទៅជា សង្គមនិយមនៅជុំវិញពិភពលោកដែរ។ លោកប្រធានរដ្ឋហូជីមិញ បានអះអាងថា៖ “បដិវត្តន៍ខែតុលាបាន បើកយុគសម័យថ្មីមួយ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ; សម័យវណ្ណៈកម្មករ និងកសិករងើបឡើងតស៊ូដណ្តើម យករដ្ឋអំណាច និងធ្វើជាម្ចាស់វាសនារបស់ខ្លួនឯង ដោយផ្ទាល់សម័យដែលបណ្តាប្រជាជាតិត្រូវរងការ ជិះជាន់សង្កត់សង្កិនបានងើបឡើងដណ្តើមយក ឯករាជ្យជាតិ សម័យនៃការចុះខ្សោយ និងការរលំរលាយរបស់ពួកចក្រពត្តិនិយម និងពួកអាណានិគម និយម ហើយក៏ជាសម័យដែលលទ្ធិម៉ាក្ស-លេនីននិយម បានក្លាយទៅជាវិចារណញ្ញាណ និងមនសិការ របស់អ្នកជឿនលឿន លើពិភពលោក។

បដិវត្តន៍ខែតុលាក៏ផ្តល់ឱ្យប្រជាជាតិទាំងមូលនូវសិទ្ធិ សម្រេចដោយខ្លួនឯង រួមនឹងមធ្យោបាយទាំងឡាយ ដើម្បីអនុវត្តនូវសិទ្ធិនោះដែរ។ ព្រមទាំងបានបង្ក លក្ខណៈសម្បត្តិសម្រាប់ការចងសម្ព័ន្ធដោយស្ម័គ្រចិត្ត ក្នុងចំណោមប្រជាជាតិសេរីដោយឈរលើមូលដ្ឋាន សមភាពពេញលេញអំពីផលប្រយោជន៍ ធ្វើឱ្យបណ្តា ប្រជាជាតិអាណានិគម ដែលពីមុនគ្រាន់តែមានទំនាក់ទំនងធូរលង់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ បានយល់ដឹងពីគ្នា ចងចំណងសាមគ្គីភាពនឹងគ្នាយ៉ាងស្អិតល្មួតទៀតផង។ ប្រការនេះធ្វើឲ្យក្រុមអ្នកជួរមុខនៃ វណ្ណៈអធន នៅបណ្តាប្រទេសអាណានិគមបានជួបប្រាស្រ័យយ៉ាងជិតស្និទ្ធ ជាមួយវណ្ណៈអធននៃបណ្តាប្រទេសលោកខាងលិច ដើម្បីបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការពិតប្រាកដ នាពេលក្រោយ។  មានតែកិច្ចសហប្រតិបត្តិការតែមួយនោះ ទើបតែអាចធានាបានឲ្យវណ្ណៈកម្មករអន្ដរជាតិ ដណ្តើមបានជ័យជម្នះចុងក្រោយ ព្រមទាំង បង្កើតឡើងមូលដ្ឋានរឹងមាំសម្រាប់សម្ព័ន្ធភាពមួយ នាពេលអនាគត រវាងបណ្តាប្រទេសនៅលើពិភពលោក ក្នុងស្មារតីថា៖ មិនថាជិត មិនថាឆ្ងាយឲ្យតែជាវណ្ណៈអធនគឺសុទ្ធតែជា បងប្អូននឹងគ្នាដែរ  

ជាការពិតណាស់ថា ចាប់តាំងពីបដិវត្តន៍ខែតុលារុស្ស៊ីដ៏មហិមា និងជ័យជំនះដ៏ធំធេងនានា ក្នុងសង្គ្រាមប្រឆាំង នឹងពួកហ្វាស៊ីសនិយមការពារមាតុប្រទេស របស់ប្រជាជនសូវៀតមកវាបានភ្ញាក់រំលឹកចលនា តស៊ូរំដោះជាតិ តស៊ូដើម្បី សុខសន្តិភាពប្រជាធិបតេយ្យ និង វឌ្ឍនភាពនៃសង្គម។ ក្រៅពីនោះក៏បានបង្កបង្កើតឡើង នូវរាល់កាលានុវត្តនភាពយ៉ាងងាយស្រួល ហើយក៏ជា បុរេលក្ខខ័ណ្ឌសម្រាប់ការអភិវឌ្ឍនៃបដិវត្តន៍ពិភពលោកផងដែរ។ ទន្ទឹមនឹងការលើកទឹកចិត្ត និងការគាំទ្រ ពីសំណាក់ចលនាបដិវត្តន៍ពិភពលោក បាននាំមកនូវ ជ័យជម្នះនៃបដិវត្តន៍សង្គមនិយមនៅប្រទេសជាច្រើន នៅអឺរ៉ុប  អាស៊ី  និងអាមេរិកឡាតាំង។

សព្វថ្ងៃនេះ ទោះបីជាបដិវត្តន៍ខែតុលារុស្ស៊ី មិនជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើប្រព័ន្ធសង្គមនិយមដូចពី មុនក្តី ក៏ប៉ុន្តែគ្មានកម្លាំងនយោបាយណាមួយអាច បដិសេធបានអំពីការកកើតឡើង ការអភិវឌ្ឍ និង អត្ថិភាពនៃប្រព័ន្ធសង្គមនិយមជាក់ស្តែង នៅលើពិភពលោកឡើយ ព្រមទាំងក៏មិនអាចបដិសេធបាននូវ តួនាទីដ៏ធំធេងចំពោះចលនាបដិវត្តន៍ពិភពលោកដែរ។

ចំពោះបដិវត្តន៍វៀតណាម ការដែលដើរទៅតាមគន្លងនៃ បដិវត្តន៍ខែតុលា ជាជម្រើសមួយនៃប្រវត្តិសាស្ត្រ របស់ប្រទេសជាតិ  និងរបស់វប្បធម៌វៀតណាម ដែល លោក Nguyen Ai Quoc (ហូជីមិញ) គឺជាអ្នកតំណាង ឲ្យប្រវត្តិសាស្ត្រ និងប្រទេសជាតិវៀតណាម ដែល ជ្រើសយកតាំងពីឆ្នាំ ១៩២០ មកម៉្លេះ។ នោះគឺជាការ បដិសេធមួយ ដោយមិនព្រមទទួលយកនូវទ្រឹស្តី និង ទំរង់នៃ បដិវត្តន៍មូលធននិយម ហើយក៏មិនដើរតាមគន្លងរបស់អន្តរជាតិទីពីរឡើយ (អន្តរជាតិទីពីរ ជាសម្ព័ន្ធអន្តរជាតិមួយ ដែលមានការចូលរួមពីបណ្តាគណបក្ស នយោបាយដែលប្រកាន់លទ្ធិសង្គមនិយម ជាមួយ និងអង្គការសហជីពមួយចំនួន លើទូទាំងពិភពលោក ដែលភាគច្រើនមកពីអឺរ៉ុប)។ លោក Nguyen Ai Quoc ប្តេជ្ញាចិត្តទទួលយកមាគ៌ា នៃបដិវត្តន៍ ខែតុលារុស្ស៊ី មាគ៌ានៃបដិវត្តន៍អធនយ៉ាងឆាប់រហ័ស ដោយសារតែលោកយល់យ៉ាងច្បាស់ អំពីតំលៃជាក់ស្តែងនៃបដិវត្តន៍នេះ។ យើងអាចអះអាងថា ការយល់ដឹងរបស់លោកប្រធាន ហូជីមិញ អំពីតំលៃនៃ បដិវត្តន៍ខែតុលា រួមទាំងនិង ការសម្រេចចិត្តជ្រើសរើស យកផ្លូវបដិវត្តន៍វៀតណាមឲ្យដើរតាមគន្លង នៃបដិវត្តន៍ខែតុលាដោយផ្អែកទៅលើមូលដ្ឋាន នៃប្រពៃណីវប្បធម៌ជាតិវៀតណាម និងតម្រូវការជាក់ស្តែងរបស់ប្រជាជនវៀតណាម ក្នុងយុគសម័យថ្មី។  

ប៉ុន្តែ តាមគំនិតរបស់លោកប្រធាន ហូជីមិញ  ផ្លូវបដិវត្តន៍របស់វៀតណាម គឺដើរតាមពន្លឺនៃបដិវត្តន៍ខែតុលារុស្ស៊ីក៏ពិតមែន តែមិនមែនជាការធ្វើត្រាប់តាម ដូចបេះបិទនឹងបដិវត្តន៍ខែតុលានោះឡើយ។ តាំងពី ដំបូងបង្អស់ លោកប្រធាន ហូជីមិញ បានចង្អុលបង្ហាញ យ៉ាងច្បាស់ថាត្រូវតែអនុវត្តតាមគន្លងបដិវត្តន៍ខែតុលា ដោយមានការឆ្នៃប្រឌិតឲ្យសមស្របទៅនឹង ស្ថានភាព ជាក់ស្តែងរបស់វៀតណាម ព្រមទាំងកំណត់ យកផ្លូវបដិវត្តន៍វៀតណាមឲ្យសមស្របទៅនឹងសម័យថ្មី។ ប្រការនេះតាំងពីឆ្នាំ ១៩២៤ ខណៈពេលឆ្លើយសម្ភាស កាសែត UNITA (អ៊ីតាលី) លោកប្រធាន ហូជីមិញ បានបញ្ជាក់ថា “វៀតណាមយើងខ្ញុំនឹងបន្តដើរតាមផ្លូវបដិវត្តន៍ ខែតុលាដែលបានត្រួសត្រាយឡើង  ហើយយើងខ្ញុំ នឹងអនុវត្តបណ្តាមេរៀន និងបទពិសោធទាំងនោះ ទៅក្នុងស្ថានភាពជាក់ស្តែង”។  ក្រោយមក លោកប្រធាន ហូជីមិញបានសរសេរថា “ពលករទាំងអស់ នៅលើពិភពលោកសុទ្ធតែមានគោលបំណងរួមដូចគ្នា គឺចង់ រួចផុតពីការជិះជាន់សង្កត់សង្កិន ហើយត្រូវបានរស់នៅ ក្នុងភាពសុខសាន្ត សេរីភាព ពោលគឺអនុវត្តនូវរបប កុម្មុយនិស្ត។ ក៏ប៉ុន្តែដើម្បីសម្រេចបានគោលបំណងនោះ ប្រទេសនិមួយៗត្រូវតែអនុវត្តតាមស្ថានភាព ជាក់ស្តែងរបស់ប្រទេសរៀងៗខ្លួនដែរ”។

ផ្តើមចេញពីស្ថានភាពជាក់ស្តែងនៅវៀតណាម លោកប្រធាន ហូជីមិញ បានចង្អុលបង្ហាញនូវគោលនយោបាយសង្ខេបសម្រាប់បក្សកុម្មុយនីស្តវៀតណាមគឺថា ផ្លូវបដិវត្តន៍ របស់វៀតណាមជាការ “ធ្វើបដិវត្តន៍ ប្រជាធិបតេយ្យប្រជាជន និងបដិវត្តន៍ដីធ្លីដើម្បីឆ្ពោះទៅ រកសង្គមកុម្មុយនិស្ត”។  ក្រោយមក លោកប្រធាន ហូជីមិញ បានវិភាគយ៉ាងច្បាស់ថា  “ដោយសារចរិត លក្ខណៈនៃអាណានិគមនិយម និងសក្តិភូមិរបស់សង្គមចាស់ នៅវៀតណាមបានជាបដិវត្តន៍វៀតណាម ត្រូវតែបែងចែកជាដំណាក់កាលពីរ។ ដំណាក់កាលទីមួយ គឺវាយផ្តួលរំលំពួកចក្រពត្តិ ពួកសក្តិភូមិ អនុវត្តគោលការណ៍ “កសិករមានដីស្រែ” កសាងរបបនយោបាយ និងខឿនសេដ្ឋកិច្ចប្រជាធិបតេយ្យថ្មី ។ល។ ដំណាក់កាលទីពីរគឺ ឈានឡើងសង្គមនិយម មានន័យថា ជាដំណាក់កាល ដំបូងបង្អស់របស់លទ្ធិកុម្មុយនិស្ត និយម”។

ផ្លូវបដិវត្តន៍ដើម្បីឯករាជ្យជាតិ សេរីភាព សុភមង្គល សម្រាប់ប្រជាជនវៀតណាម ដើម្បីសន្តិភាព មិត្តភាព រវាងប្រជាជាតិទាំងឡាយនៅតែជាផ្លូវវប្បធម៌ ហើយ ជានិច្ចកាលជាផ្លូវនាំមកជ័យជំនះនៃបដិវត្តន៍វៀតណាម។ ឯករាជ្យជាតិផ្សាភ្ជាប់នឹងសង្គមនិយមគឺជាមាគ៌ា មូលដ្ឋានត្រូវបានប្រកាន់ខ្ជាប់ខ្ជួនរហូត ក្នុងដំណើរការនៃ បដិវត្តន៍វៀតណាម ព្រមទាំងនេះក៏ជាខ្លឹមសារសំខាន់បំផុត នៃមនោគមវិជ្ជារបស់លោកប្រធានហូជីមិញ ដែលបន្សល់ទុកឲ្យជំនាន់ក្រោយ។ ជាមួយនឹងបទពិសោធន៍ ជាក់ស្តែងដ៏សម្បូរបែបរបស់ខ្លួន គួបផ្សំជាមួយនឹងទ្រឹស្ដី បដិវត្តន៍លទ្ធិ ម៉ាក្ស -លេនីននិយម លោកប្រធាន ហូជីមិញបានលើកឡើងនូវការសន្និដ្ឋានមួយដ៏ជ្រាលជ្រៅថា មានតែសង្គមនិយម និងកុម្មុយនិស្តនិយមតែប៉ុណ្ណោះ ទើបអាចដោះស្រាយបានទាំងស្រុងនូវបញ្ហា ឯករាជ្យជាតិ និងអាចនាំមកនូវសេរីភាព សុភមង្គល ពិតប្រាកដសម្រាប់ប្រជាជាតិទាំងមូល។

បន្ទាប់ពីចាប់បដិសន្ធិមកហើយ និងក្នុងរយៈពេលនៃ ដំណើរការតស៊ូ បក្សកម្មុយនិស្តវៀតណាម ជានិច្ចកាល បានបញ្ជាក់ពីជំហរថា៖ “សង្គមនិយមជាគោលដៅ និងឧត្តមគតិរបស់បក្សកម្មុយនិស្ត និងប្រជាជន វៀតណាម ឆ្ពោះទៅរកសង្គមនិយមជាតម្រូវការ បរានុម័តជាមាគ៌ាចៀសមិនផុតនៃបដិវត្តន៍វៀតណាម។

មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១២  បានសន្និដ្ឋានថា៖ “ក្នុងប៉ុន្មានឆ្នាំខាងមុខនេះស្ថានភាព នឹងមានការប្រែប្រួល យ៉ាងស្មុគស្មាញ ប៉ុន្តែសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ គឺនៅតែជានិន្នាការសំខាន់។ ដំណើរការ នៃសកលភាវូបនីយកម្ម  ការធ្វើសមាហរណកម្ម អន្តរជាតិ នៅតែបានជំរុញជាបន្តទៀត។ កិច្ចសហប្រតិបត្តិការ ការប្រកួតប្រជែង និងភាពចំណុះ លើគ្នាទៅវិញទៅមក ក្នុងចំណោមបណ្តាប្រទេស មហាអំណាចកាន់តែច្រើនឡើងៗ។  ស្ថានការណ៍ នយោបាយ និងសន្តិសុខពិភពលោក កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ពិបាកព្យាករណ៍ទុកជាមុនដូចជា ស្ថានភាពរំលោភបំពាន លើអធិបតេយ្យភាពរវាងបណ្តាប្រទេស  បញ្ហាជម្លោះអំពីបូរណភាពទឹកដី និងធនធានធម្មជាតិ វិវាទសាសនា និងបញ្ហាភេរវកម្ម។ល។ បានកើតឡើង យ៉ាងខ្លាំងក្លាក្នុងតំបន់ជាច្រើន។ ក្នុងស្ថានភាពពិភពលោកនាបច្ចុប្បន្ននេះ យើងត្រូវការសង្គមមួយ ដែលក្នុងនោះការអភិវឌ្ឍត្រូវតែបម្រើឲ្យមនុស្ស មិនមែន ដើម្បីអត្ថប្រយោជន៍ ហើយបែរមកជិះជាន់ និងកេងប្រវ័ញ្ចលើសេចក្តីថ្លៃថ្នូររបស់មនុស្សឡើយ។ ក្រៅពីនោះ យើងក៏ត្រូវការសង្គមមួយដែលដើរទន្ទឹម និងវឌ្ឍនភាពសង្គម និងសមធម៌ដែលពោរពេញទៅ ដោយក្តីស្រឡាញ រាប់អាន សាមគ្គីគ្នា ដែលមិនមែនការ ប្រកួតប្រជែងដើម្បីផលប្រយោជន៍របស់ខ្លួនឯង និងដើម្បីផលប្រយោជន៍បក្សពួកនិយមឡើយ។  

ជាការពិតណាស់ បុព្វហេតុផ្លាស់ថ្មីក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដែលបានផ្តួចផ្តើមឡើង និងដឹកនាំដោយ បក្សកុម្មុយនិស្តវៀតណាម“សម្រេចបានសមិទ្ធិផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្រ្តក្នុងដំណើរការ កសាងសង្គមនិយម និងការពារមាតុភូមិ។ វៀតណាម បានរួចផុតពីវិបត្តិសេដ្ឋកិច្ច ហើយបានក្លាយទៅជា ប្រទេសកំពុងអភិវឌ្ឍដែលមានចំណូលមធ្យម ព្រមទាំង កំពុងជំរុញយ៉ាងខ្លាំងឧស្សាហូបនីយកម្ម ទំនើបកម្ម និង ការធ្វើសមាហរណកម្មអន្តរជាតិ ប្រការនេះជាសក្ខីភាព យ៉ាងរឹងមាំបញ្ជាក់ពីភាពត្រឹមត្រូវនៃមាគ៌ា គោលនយោបាយផ្លាស់ថ្មីរបស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាបញ្ជាក់ពីការអភិវឌ្ឍប្រកបដោយច្នៃប្រឌិត របស់លទ្ធិម៉ាក្ស-លេនីននិយម និង មនោគមវិជ្ជា ហូជីមិញ អំពីលទ្ធភាពដែលទទួលបានជ័យជំនះ ក្នុងបុព្វហេតុកសាង និងការពារលទ្ធិសង្គមនិយមនៅ វៀតណាមក្នុងស្ថានភាពថ្មី។ ហើយនេះក៏ជាស្មារតីនៃ បដិវត្តន៍ខែតុលារុស្ស៊ីដែលនឹងស្ថិតស្ថិរគង់នៅដោយមិនអាចរលត់រលាយបានឡើយ។

រយៈពេល ១០០ឆ្នាំកន្លងទៅ មានកាសែត សៀវភៅ ហើយនិងស្នាដៃវិទ្យាសាស្រ្តរាប់មិនអស់ដែលបាន សរសេរអំពីព្រឹត្តិការណ៍បដិវត្តន៍ខែតុលារុស្ស៊ីដ៏មហិមានោះឡើយ។ រហូតមកទល់សព្វថ្ងៃ ក៏ដូចជាថ្ងៃក្រោយៗមកមនុស្សជាតិនៅតែរំលឹក និងសរសេរអំពី ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះជារៀងរហូត៕

បកប្រែដោយ Minh Trung