ជារៀងរាល់ថ្ងៃ នៅម៉ោង ៤ ព្រឹក អ្នកស្រី Ha Thi Xua នៅទីរួមស្រុក Moc Chau (ស្រុក Moc Chau) បានកាត់បន្លែស្ពៃ ហើយដឹកទៅលក់នៅតំបន់កូនភ្នំតែនៃកសិដ្ឋាន Moc Chau។ ជាធម្មតា នៅតំបន់នេះមានភ្ញៀវទេសចរជាច្រើនមកទស្សនា និងថតរូប ហើយនៅពេលត្រឡប់មកផ្ទះវិញ ពួកគេនឹងជ្រើសរើសទិញកសិផលជាកាដូ។ អ្នកស្រី Xua បានចែករំលែកថា “ខ្ញុំបានលក់បន្លែនៅទីនេះអស់រយៈពេលជាយូរមកហើយ។ បន្លែដាំដោយផ្ទាល់ដៃនៃគ្រួសារ ហើយបានលក់អស់នៅផ្សារ។ បងប្អូននៅទីនេះសប្បាយរីករាយណាស់ ព្រោះបើលក់អស់ហើយពួកគេនឹងមានលុយទិញរបស់របរ និងថែរក្សាការអប់រំកូនៗ របស់ពួកគេ”។

leftcenterrightdel
សម្លៀកបំពាក់ជាច្រើនត្រូវបានដាក់លក់សម្រាប់ភ្ញៀវទេសចរនៅតំបន់កូនភ្នំតែនៃកសិដ្ឋាន Moc Chau

កាលពីមុន អ្នកស្រី Xua និងគ្រួសារជាច្រើននៅទីរួមស្រុក Moc Chau គ្រាន់តែដាំដំណាំសម្រាប់ប្រើប្រាស់ក្នុងផ្ទះតែប៉ុណ្ណោះ។ បើចង់លក់ ពួកគេត្រូវទៅឆ្ងាយណាស់។ ដោយឃើញថាតំបន់កូនភ្នំតែមានភ្ញៀវទេសចរជាច្រើនមកទស្សនា បងប្អូននៅទីនេះបាននាំយកកសិផលមកដាក់លក់។ នៅគ្រាដំបូង ទំនិញដែលបានដាក់លក់នៅទីនេះមានតែបន្លែ និងផ្លែឈើប៉ុណ្ណោះ។ បន្ទាប់មក អ្នកលក់នៅកន្លែងផ្សេងទៀតបាននាំយកផលិតផលបន្ថែមទៀតដើម្បីបម្រើតម្រូវការរបស់អតិថិជន ជាពិសេសសម្លៀកបំពាក់របស់ជនជាតិ Mong។ ភ្ញៀវទេសចរអាចទិញ ឬជួលសម្លៀកបំពាក់នៅតូប ដើម្បីថតរូបនៅកូនភ្នំតែ។ បង Pham Ngoc Thanh ភ្ញៀវទេសចរមកពីទីក្រុងហាណូយបានចែករំលែកថា៖ “មកទីនេះ យើងខ្ញុំមានអារម្មណ៍ថា បានរស់នៅក្នុងជីវភាពរស់នៅដ៏សាមញ្ញរបស់ជនជាតិភាគតិច។ ទំនិញមានតម្លៃសមរម្យ ដូច្នេះភ្ញៀវទេសចរគ្រប់រូបបានជ្រើសរើសទិញផលិតផលមួយចំនួនជាកាដូ”។

ក្រៅពីកសិផលធម្មតា ផ្សារក៏មានផលិតផលដែលមានគុណភាពខ្ពស់ដែលបានផលិតតាមគំរូ VietGAP ឬផលិតផល OCOP ក្នុងស្រុក។ ផ្សារជាកន្លែងធ្វើពាណិជ្ជកម្ម និងដោះដូរទំនិញផង ព្រមទាំងចូលរួមចំណែកណែនាំ និងផ្សព្វផ្សាយផលិតផលប្រចាំតំបន់ដល់ភ្ញៀវទេសចរផង។ លោក Nguyen Dai Thang អនុប្រធានសមាគមកសិករស្រុក Moc Chau បានមានប្រសាសន៍ថា៖ “ទន្ទឹមនឹងការផលិតកសិផល អ្នកតំបន់នេះក៏បានម្ចាស់ការលក់ទំនិញតាមរយៈផ្សារប្រពៃណី ជាពិសេសតម្លៃផលិតផលជាច្រើនត្រូវបានលើកកម្ពស់ អាស្រ័យដោយផ្សាភ្ជាប់ជាមួយសកម្មភាពទេសចរណ៍។ អាជ្ញាធរដែនដីតែងតែលើកទឹកចិត្តសកម្មភាពផ្សាភ្ជាប់ផលិតកម្មកសិផល ជាមួយទេសចរណ៍ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕

បកប្រែដោយ Huyen Trang