អគ្គលេខាធិការអង្គការសហប្រជាជាតិរំលេចអាទិភាពក្នុងរបៀបវារៈឆ្នាំ ២០២៥
នៅថ្ងៃទី ១៥ ខែមករា (ម៉ោងនៅទីក្រុងញូវយ៉ក) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបង្ហាញអាទិភាពនៃរបៀបវារៈឆ្នាំ ២០២៥ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ។
នៅក្នុងសុន្ទរកថាក្នុងឱកាសដើមឆ្នាំ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរំលេចអាទិភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២៥ ក្នុងបរិបទដែលពិភពលោកនៅតែបន្តជួបប្រទះនឹងបញ្ហាប្រឈម និងអស្ថិរភាពដែលមិនធ្លាប់មានពីមុនមក។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចង្អុលបង្ហាញពីបញ្ហាប្រឈមដែលចាំបាច់ត្រូវជម្នះ ដូចជា៖ ជម្លោះរាំរ៉ៃនៅកន្លែងជាច្រើន វិសមភាព និងបច្ចេកវិទ្យាដែលមិនអាចគ្រប់គ្រងបាន។ ជាពិសេស វិបត្តិអាកាសធាតុ រួមទាំងគ្រោះមហន្តរាយភ្លើងឆេះព្រៃដែលកំពុងកើតមាននៅក្នុងទីក្រុង Los Angeles (រដ្ឋ California សហរដ្ឋអាមេរិក) គឺជាការរំលឹកដល់ពិភពលោកអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ និងស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ។ “១០ ឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឥឡូវនេះ ៩០% នៃពិភពលោកបានសន្យាសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធ ប៉ុន្តែយើងត្រូវមានភាពសកម្មបន្ថែមទៀត ត្រូវពន្លឿនដំណើរការដើម្បីសម្រេចបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស។ បេសកកម្មសកលត្រូវតែអនុវត្តន៍យ៉ាងខ្លាំងក្លាក្នុងឆ្នាំនេះតែម្ដង ទើបមានក្ដីសង្ឃឹមរាំងស្កាត់ការកើនឡើងនៃសីតុណ្ហភាពសកល។ នេះគឺជាពេលវេលាដើម្បីចាប់យកឱកាសនៃយុគសម័យថាមពលស្អាត”។
|
|
លោក Antonio Guterres ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ (រូបថត៖ vnanet.vn) |
ទាក់ទងនឹងការរត់ប្រណាំងដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា អគ្គលេខាធិការអង្គការសហប្រជាជាតិ Guterres បានចាត់ទុកថា៖ “បដិវត្តន៍បច្ចេកវិជ្ជានាំមកនូវឱកាសជាច្រើន ប៉ុន្តែវាក៏ត្រូវការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន ហើយធានាឲ្យមនុស្សទាំងអស់គ្នាអាចទទួលបានដោយសមភាព។ អង្គការសហប្រជាជាតិត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីបង្កើតគណៈកម្មការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពីបញ្ញាសិប្បនិម្មិត (AI)។ អភិបាលកិច្ច AI ត្រូវតែឆ្ពោះទៅការពារសិទ្ធិមនុស្ស និងជំរុញការច្នៃប្រឌិត ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការជំនួយ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍរបស់ AI”។
បញ្ចប់សុន្ទរកថា ប្រធានអង្គការសហប្រជាជាតិបាននិយាយថា មានហេតុផលជាច្រើនដើម្បីសង្ឃឹមនៅឆ្នាំ ២០២៥ ដែលជាឆ្នាំរំលឹកខួបលើកទី ៨០ ទិវាបង្កើតអង្គការសហប្រជាជាតិ។ លោកអំពាវនាវឲ្យគ្រប់ប្រទេសធ្វើសកម្មភាពដើម្បីកសាងពិភពលោកឲ្យកាន់តែមានសន្តិភាព យុត្តិធម៌ និងវិបុលភាព៕
តាម vovworld.vn