បណ្តាប្រទេសស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា
នាថ្ងៃទី ២៧ ខែវិច្ឆិកា ប្រទេសអារ៉ាប់បានស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងចលនាហេសបូឡានៅប្រទេសលីបង់។ ទន្ទឹមនឹងនេះ បានអំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីសម្រេចបាននូវបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា ទីក្រុងរីយ៉ាដ សង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងនាំទៅដល់ការអនុវត្តសេចក្តីសម្រេចចិត្ត ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការពារអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពរបស់ប្រទេសលីបង់ និងនាំជនភៀសខ្លួនវិលត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព។ ហ្ស៊កដានីជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡានឹងជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា។ អេហ្ស៊ីប អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម (UAE) និងអ៊ីរ៉ង់ក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់នេះ ហើយបានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងនាំទៅដល់ការបញ្ឈប់អំពើអរិភាពជាស្ថាពរ។
ជាពិសេស ចលនាហាម៉ាស់នៅតំបន់ហ្គាហ្សា និងចលនាហ៊ូធីក្នុងប្រទេសយេម៉ែន ដែលកំពុងប្រឈមមុខនឹងកងទ័ពអ៊ីស្រាអែល ក៏បានសម្តែងការគាំទ្រចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ផងដែរ។
ចំពោះថ្នាក់ដឹកនាំលីបង់វិញ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅថ្ងៃទី ២៦ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសលីបង់ លោក Najib Mikati បានពណ៌នាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលជា "ជំហានសំខាន់ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាព"។ ទន្ទឹមនឹងនេះ អាជ្ញាធរប៉ាឡេស្ទីនបានស្វាគមន៍ចំពោះបទឈប់បាញ់រយៈពេល ៦០ ថ្ងៃនៅក្នុងប្រទេសលីបង់ ហើយបានបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវស្ថិរភាពដល់តំបន់និងបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីអនុវត្តដំណោះស្រាយបទឈប់បាញ់របស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា៕
តាម vovworld.vn