leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Joe Biden  (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៣ មករា ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងរវាងអាមេរិក និងអង់គ្លេស ក៏ដូចជាជាមួយសម្ព័ន្ធមិត្តនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ លោក Joe Biden បានអះអាងដូច្នេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បន្ទាប់ពីពិធីស្បថចូលកាន់ដំណែង។ សេចក្តីប្រកាសរបស់សេតវិមានបានបញ្ជាក់ថាក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរស័ព្ទនោះ ប្រធានាធិបតី លោក Biden បានបង្ហាញនូវបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្រ្តី លោក Johnson ក្នុងបរិបទដែលប្រទេសអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 និងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP26 នៅឆ្នាំនេះ។ មេដឹកនាំទាំងពីរក៏បានពិភាក្សាពីភាពចាំបាច់នៃការសម្របសម្រួលគ្នាក្នុងអាទិភាពគោលនយោបាយកិច្ចការបរទេសរួម ដែលរួមមានបញ្ហាពាក់ព័ន្ធនឹងចិន អ៊ីរ៉ង់ និងរុស្ស៊ី។ លោកប្រធានាធិបតី Biden ក៏បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ណាតូ ក្នុងសកម្មភាពការពាររួម និងគុណតម្លៃរួមរបស់សហរដ្ឋអាមេរិកផងដែរ៕

តាម vovworld