ប្រទេសសមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានបញ្ជាក់ជាថ្មីម្ដងទៀតលើការជួយគាំទ្រដល់សកម្មភាពរបស់កម្លាំងបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅប្រទេសអាហ្វហ្គានីស្ថាន (UNAMA) និងអំពាវនាវឲ្យភាគីទាំងឡាយនៅអាហ្វហ្គានីស្ថានទទួលបានលទ្ធផលជាក់ស្ដែងក្នុងការចរចាសន្តិភាពដើម្បីឆ្ពោះទៅរកស្ថិរភាព និងការអភិវឌ្ឍដ៏យូរអង្វែង។ ប្រទេសសមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានចែករំលែកការព្រួយបារម្ភអំពីអស្ថិរភាពសន្តិសុខ និងវិបត្តិមនុស្សធម៌នៅអាហ្គានីស្ថាន ជាពិសេសគឺអសន្តិសុខស្បៀងអាហារ។  ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍អាហ្វហ្គានីស្ថានប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងបន្តជម្រុញការចរចាសន្តិភាព ហើយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយគាំទ្ររដ្ឋាភិបាល និងប្រជាជនអាហ្វហ្គានីស្ថានក្នុងដំណើរការសន្តិភាព និងការកសាងប្រទេសឡើងវិញ។

leftcenterrightdel
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំស្ដីពីស្ថានភាពនៃប្រទេសអាហ្វហ្គានីស្ថាន (រូបថត៖ vov.vn)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់សាជាថ្មីពីការជួយគាំទ្រចំពោះដំណើរការសន្តិភាពដែលដឹកនាំដោយប្រជាជនអាហ្វហ្គានីស្ថាន រួមទាំងមានការចូលរួមពីស្រ្តី និងយុវជន ព្រមទាំងរំពឹងថា ភាគីពាក់ព័ន្ធនឹងទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ក្នុងរយៈពេលវែងដើម្បីកសាងបរិស្ថានស្ថិរភាព និងបង្កលក្ខណៈងាយស្រួលសម្រាប់ការចរចាសន្តិភាព។

លោកក៏បានចែករំលែកការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហិង្សានៅអាហ្វហ្គានីស្ថាន និងអំពាវនាវឲ្យភាគីពាក់ព័ន្ធគោរពច្បាប់មនុស្សធម៌អន្តរជាតិ ធានាឲ្យបាននូវការទទួលជំនួយមនុស្សធម៌និងវេជ្ជសាស្រ្ត ហើយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយគាំទ្រអាហ្វហ្គានីស្ថានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​​​ និងការដោះស្រាយបញ្ហាប្រឈមលើវិស័យមនុស្សធម៌ ជាពិសេសគឺអសន្តិសុខស្បៀងអាហារ៕

បកប្រែដោយ Thuy Anh