នៅកិច្ចប្រជុំ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសម្តែងនូវការព្រួយបារម្ភអំពីស្ថានភាពសឹករងនៅប្រទេសលីប៊ីដែលកំពុងកើនឡើងជាមួយនឹងការជ្រៀតជ្រែកពីខាងក្រៅដែលមិនធ្លាប់មានពីមុនមក។លោកអគ្គលេខាធិការបានរំលឹកឡើងវិញនូវកិច្ចសន្យារបស់ប្រទេសនានានៅឯសន្និសីទីក្រុងប៊ែរឡាំងស្តីពីលីប៊ី ដើម្បីជំរុញការដោះស្រាយជម្លោះដោយសន្តិវិធីនៅប្រទេសលីប៊ី ព្រមទាំងអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅក្នុងប្រទេសលីប៊ី បញ្ឈប់ការប្រយុទ្ធជាបន្ទាន់ វិលត្រឡប់ទៅរកការចរចា និងធានាឱ្យបាននូវការចូលដំណើរការមនុស្សធម៌គ្រប់គ្រាន់នៅក្នុងបរិបទនៃជំងឺ Covid-19។

leftcenterrightdel
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពនៅលីប៊ី (រូបថត៖ vov.vn)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីម្តងទៀតពីសារៈសំខាន់នៃការជំរុញកិច្ចសន្យារបស់សន្និសីទក្រុងប៊ែរឡាំងស្តីពីលីប៊ី ដែលគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមរយៈសេចក្តីសម្រេចចិត្តលេខ ២៥១០។

លោកឯកអគ្គរដ្ឋទូត បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសលីប៊ី បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងវិលត្រឡប់ទៅរកការចរចាលើសន្តិភាពតាមរយៈបណ្តាញនយោបាយ យោធា និងសេដ្ឋកិច្ច។ លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ស្ថាប័នបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី ប្រទេសជិតខាង និងអង្គការក្នុងតំបន់ក្នុងការលើកកម្ពស់សន្តិភាពនៅលីប៊ី។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុលោមតាមការហាមឃាត់អាវុធដាក់ចេញដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅលីប៊ី។

លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ជាថ្មីម្តងទៀតនូវការគាំទ្ររបស់វៀតណាម ចំពោះសកម្មភាពរបស់ស្ថាប័នបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី និងសង្កត់ធ្ងន់លើការចាំបាច់នៃការតែងតាំងតំណាងពិសេសថ្មីរបស់អគ្គលេខាធិការសម្រាប់អង្គការសហប្រជាជាតិស្តីពីលីប៊ី៕

បកប្រែដោយ Huyen Trang