សារព័ត៌មានអន្តរជាតិវាយតម្លៃជាវិជ្ជមានចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅវៀតណាម
កប.អនឡាញ - ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺជាជំហានគួរឱ្យកត់សម្គាល់ក្នុងការពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សារព័ត៌មានធំៗនៅលើពិភពលោកបានចុះផ្សាយអត្ថបទអំពីដំណើរទស្សនកិច្ចរបស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសវៀតណាម ដោយសង្កត់ធ្ងន់លើការយកចិត្ដទុកដាក់យ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិកចំពោះទំនាក់ទំនងជាមួយវៀតណាម ក៏ដូចជាតួនាទីរបស់វៀតណាមនៅឥណ្ឌូប៉ាស៊ីហ្វិក។
    |
 |
លោកប្រធានាធិបតី Joe Biden អញ្ជើញមកដល់អាកាសយានដ្ឋាន Noi Bai (រូបថត៖ VOV) |
"សហរដ្ឋអាមេរិក និងវៀតណាម លើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Joe Biden" គឺជាចំណងជើងនៃអត្ថបទមួយដែលបានចុះផ្សាយកាលពីម្សិលមិញដោយទីភ្នាក់ងារសារព័ត៌មាន Reuters (អង់គ្លេស) បន្ទាប់ពីជំនួបរវាងប្រធានាធិបតី Joe Biden និងអគ្គលេខាបក្ស Nguyen Phu Trong។ អត្ថបទនេះបានសង្កត់ធ្ងន់លើលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងកិច្ចខិតខំប្រឹងប្រែងកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលប្រាំទសវត្សរ៍កន្លងមក "ពីជម្លោះទៅជាប្រក្រតីភាពឡើងវិញនូវទំនាក់ទំនង ហើយឥឡូវនេះជាទំនាក់ទំនងមួយដែលត្រូវបានដំឡើង ដើម្បីជំរុញសន្ដិសុខ និងវិបុលភាពនៅក្នុងតំបន់ដ៏សំខាន់បំផុតមួយនៅលើពិភពលោក"។
ទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺជាជំហានសំខាន់ក្នុងការបង្កើនទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ធ្វើអត្ថាធិប្បាយអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទៅកាន់ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទីភ្នាក់ងារសារព័ត៌មាន CNN របស់សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់សហរដ្ឋអាមេរិក ចង់ក្លាយជាដៃគូសហប្រតិបត្តិការគួរឱ្យទុកចិត្តរបស់វៀតណាម ក៏ដូចជាតំបន់ និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោកដែរ។
កាសែត New York បានអះអាងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម របស់លោកប្រធានាធិបតី Joe Biden ផ្សារភ្ជាប់ជាមួយបេសកកម្មរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការដំឡើងថ្នាក់ទំនាក់ទំនងពី "ភាពជាដៃគូគ្រប់ជ្រុងជ្រោយ" ទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព" គឺជាជំហានដែលមានអត្ថន័យជានិមិត្តរូបខ្ពស់ និងជាអ្វីៗដែលសហរដ្ឋអាមេរិកមានបំណងចង់អនុវត្តតាំងពីយូរយារណាស់មកហើយ៕
បកប្រែដោយ Thanh Cong