លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីល
កប.អនឡាញ - នៅវេលាម៉ោង ៥៖០៥ នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ (ម៉ោង ៣៖០៥នាទី ថ្ងៃទី១៧ ខែវិច្ឆិកា តាមម៉ោងនៅទីក្រុងហាណូយ) យន្តហោះពិសេសដែលដឹកលោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានយោធា Galeao ទីក្រុង Rio de Janeiro (ប្រេស៊ីល) ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងរីកចម្រើនឈានមុខគេក្នុងពិភពលោក (G20) និងចូលរួមសកម្មភាពទ្វេភាគីមួយចំនួនចាប់ពី ថ្ងៃទី ១៦ ដល់ថ្ងៃទីទី ១៨ ខែវិច្ឆិកាតាមការអញ្ជើញរបស់លោក Luiz Inácio Lula da Silva ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រធាន G20 ឆ្នាំ ២០២៤ និងលោកជំទាវ។
*នាល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ម៉ោងក្នុងតំបន់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវបានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមប្រចាំប្រទេសប្រេស៊ីល។
|
|
កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំប្រទេសប្រេស៊ីលទទួលស្វាគមន៍លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនិងលោកជំទាវ (រូបថត៖ vnanet.vn) |
នៅក្នុងជំនួបនេះ លោក Pham Minh Chinh បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់លោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ និងលោក Tran Thanh Man ប្រធានរដ្ឋសភា។ លោក Pham Minh Chinh ស្នើឲ្យប្រជាជនលើកកម្ពស់ស្មារតីសាមគ្គី រក្សាអត្តសញ្ញាណវប្បធម៌ជាតិ អនុវត្តច្បាប់នៅមូលដ្ឋានឲ្យបានល្អ ឆ្ពោះទៅមាតុភូមិនិងប្រទេសជាតិ អាណិកជនម្នាក់ៗជាឯកអគ្គរដ្ឋទូត ជាស្ពានពូនជ្រំទំនាក់ទំនងវៀតណាម-ប្រេស៊ីល។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យកម្មាភិបាល និងបុគ្គលិករបស់ស្ថានទូត យកចិត្តទុកដាក់ដល់ការតភ្ជាប់ និងអភិវឌ្ឍសហគមន៍ឲ្យរឹងមាំ ហើយធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យស្ថានទូតវៀតណាម និងស្ថាប័នតំណាងវៀតណាមនៅប្រទេសប្រេស៊ីល ខិតខំប្រឹងប្រែងជំរុញការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ ដើម្បីឲ្យទំនាក់ទំនងវៀតណាម-ប្រេស៊ីលកាន់តែស៊ីជម្រៅ និងនិរន្តរភាពថែមទៀត។
* នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុង Rio de Janeiro លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបថ្នាក់ដឹកនាំធុរកិច្ចនាំមុខគេចំនួន ៤ របស់ប្រេស៊ីល រួមមានសាជីវកម្មអាកាសចរណ៍-អវកាស Embraer ក្រុមហ៊ុនផលិតសាច់នាំមុខគេលើពិភពលោក JBS សាជីវកម្មពាណិជ្ជកម្មឈានមុខគេរបស់ទ្វីបអាមេរិក Oceanside One Trading និងសាជីវកម្ម Alterosa ដែលប្រតិបត្តិការក្នុងវិស័យកាតឆ្លាតវៃ។
ក្នុងជំនួបទាំងឡាយ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ទំនាក់ទំនងវៀតណាម-ប្រេស៊ីលកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ ដោយមានទំនុកចិត្តខាងនយោបាយខ្ពស់ ជាពិសេសនៅពេលប្រទេសទាំងពីរកំពុងត្រៀមរៀបចំការលើកកំពស់ទំនាក់ទំនង។ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងដល់ជាង ៧.១ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ ហើយក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ សម្រេចបាន ៦.៥៨ ពាន់លានដុល្លារ។ យោងតាមលោកនាយករដ្ឋមន្ត្រី ទំនុកចិត្តខាងនយោបាយ សេដ្ឋកិច្ច និងទីផ្សាររវាងប្រទេសទាំងពីរ ជាមូលដ្ឋានគ្រឹះដ៏ល្អដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសាជីវកម្មទាំង៤ សហការ និងវិនិយោគច្រើនថែមទៀតជាមួយវៀតណាម។ រដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផល ស្របតាមច្បាប់ ដើម្បីសាជីវកម្ម និងអ្នកវិនិយោគប្រេស៊ីលមកវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
|
|
លោកនាយករដ្ឋមន្ត្រីទទួលជួបលោក Roger Zen (រូបថត៖ Baochinhphu.vn) |
ក្នុងជំនួបជាមួយលោក José Serrador អនុប្រធានសកលនៃសាជីវកម្ម Embraer លោកនាយករដ្ឋមន្ត្រីបានស្នើថា សាជីវកម្ម Embraer ជួយភាគីវៀតណាមក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ បន្តពិភាក្សាជាមួយដៃគូវៀតណាមដូចជា Vietnam Airlines, Vietjet ... ដើម្បីឆ្ពោះទៅសកម្មភាពសហប្រតិបត្តិការជាក់លាក់។ លោកនាយករដ្ឋមន្ត្រីស្នើឲ្យកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស បណ្តុះបណ្តាលអ្នកបើកយន្តហោះ កិច្ចសហប្រតិបត្តិការផ្ទេរបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការក្នុងការសាងសង់ និងប្រតិបត្តិការព្រលានយន្តហោះ។ល។ ថ្នាក់ដឹកនាំសាជីវកម្ម Embraer បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការរវាង Embraer ជាមួយដៃគូវៀតណាមត្រូវបានជម្រុញយ៉ាងខ្លាំង បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រេស៊ីលរបស់លោកនាយករដ្ឋមន្ត្រី នៅខែកញ្ញា ឆ្នាំ២០២៣។
ក្នុងជំនួបជាមួយលោក Celso Nunes នាយកផ្នែកនវានុវត្តន៍នៃសាជីវកម្ម Alterosa លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ Alterosa ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើផ្នែកបច្ចេកវិទ្យាដំណោះស្រាយការផ្ទៀងផ្ទាត់សុវត្ថិភាពឌីជីថល និងកាតឆ្លាតវៃ រួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជម្រុញសេដ្ឋកិច្ចឌីជីថល ការកសាងសង្គមឌីជីថល រដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល។ល។
ក្នុងជំនួបជាមួយលោក Marcio Rodrigues នាយកប្រតិបត្តិនៃ JBS លោកនាយករដ្ឋមន្ត្រីបានស្នើថា ថ្នាក់ដឹកនាំសាជីវកម្មមកវៀតណាមនាពេលឆាប់ៗ ដើម្បីស្វែងយល់បន្ថែមអំពីឱកាសសហប្រតិបត្តិការ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ និងនាំចេញកសិផលវៀតណាមទៅកាន់ប្រទេសប្រេស៊ីល និងទីផ្សារពិភពលោក ព្រមទាំងវិនិយោគលើរោងចក្រនៅវៀតណាម។
ក្នុងជំនួបជាមួយលោក Roger Zen ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម Oceanside One Trading លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សាជីវកម្មនឹងផ្តល់យោបល់ដល់ភាគីវៀតណាមក្នុងការកសាង និងកែលម្អរបប ព្រមទាំងចេញគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស្របនឹងស្ថានភាព បន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងស្រាវជ្រាវវិនិយោគ នាំផលិតផល និងទំនិញវៀតណាមកាន់តែច្រើន ទៅដល់អ្នកប្រើប្រាស់សកល និងជួយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕
បកប្រែដោយ Thanh Cong