នៅក្នុងជំនួប លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹងនិងពង្រីក ទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន ដោយចាត់ទុកថា នេះជាអាទិភាពចំបងក្នុងគោលនយោបាយការបរទេសឯករាជ្យ  ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មទំនាក់ទំនងការបរទេសរបស់វៀតណាម។

លោករដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថា ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរកំពុងមានភាពងាយស្រួល និងមានសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងធំធេង។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់  លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព  ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ ព្រមទាំងសម្របសម្រួលដោះស្រាយបញ្ហានៅក្នុងគម្រោងសំខាន់ៗមួយចំនួន ជំរុញការតភ្ជាប់ការដឹកជញ្ជូន តភ្ជាប់ជើងហោះហើរឡើងវិញដើម្បីបង្កើតលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដោះដូរពាណិជ្ជកម្ម ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរបានបើកប្រទេសបន្ទាប់ពីការរាតត្បាត Covid-19 ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោក Nong Rong ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសចិន (រូបថត៖ baoquocte.vn)

លោក Nong Rong បានអះអាងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ត្រៀមខ្លួនជាមួយ​វៀតណាមបង្កើនការពិភាក្សា ពង្រឹងទំនុកចិត្តខាងនយោបាយ តាមរយៈការជួបជុំគ្នាថ្នាក់ជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់។  ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរជានិច្ច។ លោក Nong Rong បានសម្តែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ការដឹកជញ្ជូន វប្បធម៌ អប់រំ និងទេសចរណ៍។ លោកស្នើវៀតណាមបន្តបង្កើតបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ និងអំណោយផលសម្រាប់សហគ្រាសចិន។

ទាក់ទងនឹងបញ្ហាដែនសមុទ្រ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ ព្រមទាំងការគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រ។  លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើភាគីទាំងពីរគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ហើយខិតខំរក្សាសន្តិភាព ស្ថិរភាពនៅដែនសមុទ្រ ដើម្បីអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ក៏ដូចជាការរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងក្នុងពិភពលោក។

នារសៀលថ្ងៃដដែល នៅទីក្រុងហាណូយ លោករដ្ឋមន្ត្រី Bui Thanh Son បានទទួលជួបជាមួយលោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។  លោករដ្ឋមន្ត្រី Bui Thanh Son បានសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស និងវាយតំលៃខ្ពស់ចំពោះការដែលអង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច រួមទាំងវៀតណាមផងដែរ។

លោករដ្ឋមន្ត្រី Bui Thanh Son បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់លោក Tony Blair ក្នុងអាណត្តិជានាយករដ្ឋមន្ត្រីអង់គ្លេស (១៩៩៧-២០០៧) ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី Bui Thanh Son សង្ឃឹមថា លោក Tony Blair រួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតនាពេលខាងមុខ។

លោក Tony Blair បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀត និងបានឃើញការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមដ៏គួរអោយចាប់អារម្មណ៍នៅវៀតណាម។ លោកបានអះអាងថា អង់គ្លេសមានបំណងចង់ជំរុញនិងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម-ដៃគូសំខាន់របស់អង់គ្លេសនៅក្នុងតំបន់ ហើយសម្រាប់លោកផ្ទាល់នឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀតលើគ្រប់វិស័យ៕

បកប្រែដោយ Pham Diep