លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមបានស្វាគមន៍ និងជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោកស្រី Jacinda Ardern មកកាន់វៀតណាមក្នុងឋានៈជានាយករដ្ឋមន្ត្រីនូវែលហ្សេឡង់នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងនូវែលសេឡង់។

លោកស្រី Jacinda Ardern បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ព្រមទាំងលោកស្រីអះអាងថា នូវែលហ្សេឡង់ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយវៀតណាម ដែលជាដៃគូយុទ្ធសាស្ត្រមួយរបស់នូវែលហ្សេឡង់ក្នុងអាស៊ាន និងក្នុងតំបន់។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានទទួលជួបលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ (រូបថត៖ vnanet.vn)

ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលល្អនៃកិច្ចពិភាក្សារវាងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមស្នើឲ្យលោកស្រី Jacinda Ardern ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងស្ថានភាពថ្មី និងសមស្របជាមួយនឹងតម្រូវការ និងការ​យកចិត្ដទុកដាក់របស់ភាគីនិមួយៗ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូ និងការអនុវត្តយន្តការទ្វេភាគី ពន្លឿនការអនុវត្តកម្មវិធីសកម្មភាពភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២១-២០២៤, ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងបើកជើងហោះហើរត្រង់ឡើងវិញ និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីលើកកំពស់គុណភាពកសិផលសម្រាប់ការនាំចេញ។ល។

លោកស្រី Jacinda Ardern បានអះអាងថា លោកស្រីនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់​វៀតណាមដើម្បីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ លោកស្រីនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បានសន្យាបន្តជួយឧបត្ថម្ភវៀតណាមលើកកំពស់គុណភាពផ្លែឈើមួយចំនួនដើម្បីនាំចេញទៅកាន់​ទីផ្សារអន្តរជាតិ។ លោកស្រីនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និងគមនាគមន៍ ដោយចាត់ទុកថានេះជាកត្តាសម្រេចដល់ការអភិវឌ្ឍន៍ទេសចរណ៍ និងពាណិជ្ជកម្ម។ ព្រមទាំងផ្តោតលើវិស័យដ៏មានសក្តានុពលផ្សេងទៀត ដូចជាពាណិជ្ជកម្មឌីជីថល សេដ្ឋកិច្ចឌីជីថលជាដើម។

ឆ្ពោះទៅរកគោលដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២ ពាន់លានដុល្លារអាមេរិក

គួររំលឹកថា នៅវិមានប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ និងគណៈប្រតិភូជាន់ខ្ពស់នូវែលហ្សេឡង់ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នា។

នៅក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាឧស្សាហកម្មការពារជាតិ ពេទ្យយោធា, ចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, សន្តិសុខតាមអុីនធឺណិត, ឧក្រិដ្ឋកម្មឆ្លងដែន, ប្រឆាំងភេរវកម្ម, ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ, ការសង្គ្រោះគ្រោះមហន្ដរាយ ... ; ជំរុញការចរចា ឆ្ពោះទៅការចុះហត្ថលេខាលើឯកសារស្តីពីការធ្វើបត្យាប័នទណ្ឌិត ជំនួយផ្នែកច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម​ជួបពិភាក្សាការងារជាមួយលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់

លោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌ និងលើកទឹកចិត្តសហគ្រាសនូវែលហ្សេឡង់​មកបណ្តាក់ទុននៅវៀតណាមលើវិស័យដែលនូវែលហ្សេឡង់មានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការខ្លាំងដូច​ជា៖ ការអប់រំ-បណ្តុះបណ្តាល បច្ចេកវិទ្យាកែច្នៃ ផលិតកម្ម កសិកម្ម រុក្ខាប្រមាញ់ នេសាទ សំណង់; ទន្ទឹមនឹងនោះ លោក Pham Minh Chinh ស្នើឲ្យនូវែលហ្សេឡង់ជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀត​ណាម​មកបណ្តាក់ទុននៅនូវែលហ្សេឡង់។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្ដិការវិស័យផ្សេងៗទៀតដូចជា អប់រំ-បណ្តុះបណ្តាល ទេសចរណ៍ អាកាសចរណ៍ វប្បធម៌ ទេសចរណ៍ កីឡា ពលកម្ម កសិកម្ម-រុក្ខាប្រមាញ់-នេសាទ...; នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំ និងអាកាសចរណ៍ស៊ីវិលរវាងប្រទេសទាំងពីរក្នុងឱកាសនេះ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការធ្វើបរិវត្តកម្មឌីជីថល កំណើនបៃតង...

ភាគីទាំងពីរគាំទ្រការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ។ លោកស្រី Jacinda Ardern បានបញ្ជាក់ថា នូវែលហ្សេឡង់ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងនូវែលហ្សេឡង់និងអាស៊ាន ហើយតែងតែគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន។ នូវែលហ្សេឡង់បន្តគាំទ្រ កិច្ចសហប្រតិបត្តិការក្នុងអនុតំបន់មេគង្គតាមយន្តការ "មិត្តមេគង្គ"; ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាមួយបណ្តាប្រទេសនៅក្នុងតំបន់កោះប៉ាស៊ីហ្វិកខាងត្បូង។

អំពីស្ថានភាពនៅសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាចរណ៍នៅសមុទ្រខាងកើត ជំរុញកិច្ចសន្ទនា បង្កើនការជឿទុកចិត្ត ដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំង​ពីរ។

បង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងសកម្មភាពសភា

នាថ្ងៃដដែល  នៅវិមានរដ្ឋសភា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបសន្ទនាជាមួយលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឲ្យដឹងថា ក្នុងបរិបទនៃការអភិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក្នុងពិភពលោកនិងតំបន់ ការដែលវៀតណាម និងនូវែលហ្សេឡង់បង្កើនកិច្ចសហប្រតិបត្តិការមិនមែនសម្រាប់តែផលប្រយោជន៍នៃប្រជាជនទាំងពីរនោះទេ គឺសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបសន្ទនាជាមួយលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់

លោកប្រធានរដ្ឋសភាវៀតណាមក៏បានពិភាក្សាអំពីការផ្លាស់ប្តូរគណៈប្រតិភូ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជំនាញ និងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងសកម្មភាពសភាផងដែរ។ ទីភ្នាក់ងារនៃរដ្ឋសភានៃប្រទេសទាំងពីរគួរតែជំរុញការផ្លាស់ប្តូរជំនាញ ឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានបន្តគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅសហភាពអន្តរសភា (IPU) និងវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF)។

លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានឲ្យដឹងថា ភាគីទាំងពីរគួរតែផ្តោតលើការជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន រួមជាមួយនឹងវិស័យសហប្រតិបត្តិការផ្សេងទៀត។ លោកស្រី Jacinda Ardern បន្ថែមថា ប្រជាជន​នៃប្រទេសទាំងពីរអាចបង្កើនការយល់ដឹងគ្នាទៅវិញទៅមកតាមរយៈការបង្កើនចំនួននិស្សិតវៀតណាមទៅសិក្សានៅនូវែលហ្សេឡង់៕

បកប្រែដោយ Pham Diep