កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ២២ និង ២៣ ខែមេសា ដោយមានគោលបំណងសំខាន់គឺជម្រុញសហគមន៍អន្តរជាតិឱ្យមានការសន្យាជាលក្ខណៈសកលកាន់តែខ្លាំងក្លាថែមទៀតដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដែលអាចសម្រេចគោលដៅរក្សាសីតុណ្ហភាពផែនដីឲ្យមិនកើនឡើងលើសពី ១,៥ អង្សាសេ ប្រៀបធៀបទៅនឹងមុនសម័យឧស្សាហកម្ម ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំនេះមានប្រមុខរដ្ឋ និងនាយករដ្ឋមន្រ្តីនៃប្រទេសចំនួន ៤០ រួមមានប្រទេសដែលមានខឿនសេដ្ឋកិច្ចធំជាងគេ និងបំភាយឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេដូចជា សហរដ្ឋអាមេរិក ចិន ឥណ្ឌា រុស្ស៊ី ជប៉ុន និងបណ្តាប្រទេសដែលមានការសន្យាយ៉ាងខ្លាំងក្លាក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ ឬដើរតួនាទីសំខាន់នៅបណ្តាតំបន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង រួមជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងថ្នាក់ដឹកនាំអង្គការអន្តរជាតិ និងតំបន់ជាច្រើន។

leftcenterrightdel
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមេសា

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ​នេះ លោកប្រធានរដ្ឋ  Nguyen Xuan Phuc នឹងរួមជាមួយលោកប្រធានាធិបតី Joe Biden លោកនាយករដ្ឋមន្រ្តីអេស្ប៉ាញ និងប្រធានាធិបតីនៃប្រទេសនីហ្សេរីយ៉ា និងប៉ូឡូញ អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំដ៏សំខាន់មួយស្តីពីប្រធានបទ “ផលប្រយោជន៍សេដ្ឋកិច្ចនៃសកម្មភាពអាកាសធាតុ” ដែលនឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី ២៣ ខែមេសា៕

បកប្រែដោយ Duy Hoan