សេចក្តីប្រកាសរបស់វិមានក្រឹមឡាំង បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទបានឲ្យដឹងថា លោកប្រធានាធិបតីពូទីនបានប្រកាសពីការត្រៀមខ្លួន សហការជាមួយអាមេរិកដើម្បីស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយទូលំទូលាយ និរន្តរភាព និងយូរអង្វែង។

leftcenterrightdel
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងកិច្ចប្រជុំមួយនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka ប្រទេសជប៉ុន (រូបថត៖  Getty/VNA)

លោកប្រធានាធិបតីរុស្ស៊ីបានយល់ព្រមចំពោះគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក ស្តីពីបទឈប់បាញ់រយៈពេល ៣០ ថ្ងៃសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល ហើយបានបញ្ជាឱ្យយោធារបស់ប្រទេសនេះអនុវត្តភ្លាមមួយរំពិច។ មេដឹកនាំរុស្ស៊ីក៏បានប្រកាសថា រុស្ស៊ី និងអ៊ុយក្រែននឹងដោះដូរអ្នកទោស ១៧៥ នាក់ទៅវិញទៅមក។ ជាការបង្ហាញសុច្ឆន្ទៈ ទីក្រុងម៉ូស្គូនឹងប្រគល់ទៅដល់ទីក្រុងគៀវ នូវទាហានអ៊ុយក្រែន ២៣ នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ដែលរុស្ស៊ីកំពុងព្យាបាល។ លើសពីនេះ លោក ពូទីន ក៏បានសង្កត់ធ្ងន់ថា លក្ខខណ្ឌចាំបាច់សម្រាប់ការដោះស្រាយជម្លោះ គឺការបញ្ឈប់ជំនួយយោធាពីបរទេស និងការចែករំលែកព័ត៌មានសម្ងាត់សម្រាប់ទីក្រុងគៀវ។

នាថ្ងៃដដែល ប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនបានស្វាគមន៍កិច្ចព្រមព្រៀងដែលមេដឹកនាំនៃប្រទេសទាំងពីររុស្ស៊ី និងអាមេរិកទើបសម្រេចបាន។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុង Berlin អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានវាយតម្លៃកិច្ចព្រមព្រៀងនេះជាជំហានដ៏សំខាន់ឆ្ពោះទៅរកគោលដៅចុងក្រោយនៃការបង្កើតសន្តិភាពប្រកបដោយនិរន្តរភាពនៅអ៊ុយក្រែន។ ទន្ទឹមនឹងនោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបន្តទទូចថា អ៊ុយក្រែនត្រូវការចូលរួមក្នុងកិច្ចចរចា។

ចែករំលែកទស្សនៈដូចគ្នា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងអាមេរិក ហើយក្នុងពេលជាមួយគ្នានោះ បានអំពាវនាវឱ្យមានការចរចាបន្ថែមទៀតដើម្បីលើកឡើងពីបទឈប់បាញ់ដ៏ទូលំទូលាយ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា អ៊ុយក្រែនគាំទ្រកិច្ចព្រមព្រៀងនេះ ប៉ុន្តែបានឲ្យដឹងថា លោកចង់ពិភាក្សាបន្ថែមជាមួយប្រធានាធិបតីអាមេរិក Donald Trump អំពីខ្លឹមសារនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំរុស្ស៊ី និងអាមេរិក នៅថ្ងៃទី ១៨ ខែមីនា៕

តាម​ vovworld.vn