សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យប្រតិភូកីឡាស៊ីហ្គេម ដែលមានបំណងចង់ទៅទស្សនាប្រាសាទអង្គរវត្ត ក្រោយបញ្ចប់ព្រឹត្តិការប្រកួតស៊ីហ្គេមនោះ អាចទៅចូលទស្សនាអង្គរវត្តដោយមិនគិតថ្លៃ។

leftcenterrightdel
កម្ពុជាប្រកាសអនុញ្ញាតឲ្យប្រតិភូកីឡាស៊ីហ្គេម ដែលមានបំណងចង់ទៅទស្សនាប្រាសាទអង្គរវត្ត ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនោះ អាចទៅចូលទស្សនាអង្គរវត្តដោយមិនគិតថ្លៃ (រូបថត៖ vnanet.vn)

សម្តេចតេជោ បានប្រកាសថា "បើសិនកីឡាករ កីឡាការិនីបរទេស បន្ទាប់ពីការប្រកួត ហើយចង់ទៅមើលអង្គរ គឺរាជរដ្ឋាភិបាលអនុញ្ញាតឲ្យចូលទស្សនាដោយមិនបាច់សំបុត្រនោះទេ គឺសម្រាប់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ឲ្យចូលមើលអង្គរវត្ត ដោយឥតគិតថ្លៃទៀត"។

សម្តេចបានស្នើឲ្យគ្រឹះស្ថានអង្គរ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កុំយកលុយពីកីឡាការ កីឡាការិនីបរទេសដែលបានមកប្រកួតស៊ីហ្គេមនៅកម្ពុជាក្នុងការចូលទស្សនាប្រាសាទអង្គរវត្តរបស់ខ្មែរ ក៏ប៉ុន្តែសម្រាប់អ្នកមកគាំទ្រកីឡាគឺត្រូវតែលក់សំបុត្រ។

សម្តេចតេជោ ហ៊ុន សែន បានអរគុណជាមួយនឹងប្រទេសនានាទាំងអស់ ដែលបានបញ្ជូនកីឡាករ កីឡាការិនី និងផ្ដល់ការគាំទ្រមកដល់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះ។ ជាមួយនេះ សម្តេចតេជោ ក៏បានផ្ញើជូនចំពោះប្រជាជនចិន ជាពិសេសលោកប្រធានាធិបតីចិន ស៊ីជីនពីង នូវការអរគុណដែលឯកឧត្តម ក៏ដូចជាប្រជាជនចិនបានផ្ដល់ជាអំណោយនូវស្តាតដ៏ស្រស់ស្អាត និងរឹងមាំប្រកបដោយសោភ័ណភាព ដែលជាឱកាសឲ្យកម្ពុជាមានមុខមាត់ក្នុងការបើកស៊ីហ្គេម ឆ្នាំ២០២៣ ហើយក៏មិនភ្លេចអរព្រះគុណចំពោះព្រះករុណា ព្រះបិតា ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកនូវពហុកីឡដ្ឋានជាតិ អូឡាពិក សម្រាប់ការប្រកួតស៊ីហ្គេម នៅថ្ងៃនេះ។ បន្ទាប់ពី ៦៤ ឆ្នាំមុន ដែលព្រះអង្គ បានធ្វើនៅទីនេះ ហើយអរគុណចំពោះព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលបានផ្ញើសារជាសំឡេងមកអរគុណចំពោះរាជរដ្ឋាភិបាលក្នុងការរៀបចំដ៏ល្អឥតខ្ចោះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។

សម្តេចតេជោ បានចាត់ទុកថា នេះជារឿងដែលអ្វីៗទាំងអស់ជារបស់ប្រជារាស្ត្រខ្មែរ តាំងពីព្រះមហាក្សត្រ រហូតដល់ប្រជាជន​ធម្មតាដែលវាជាមោទនភាព ហើយសង្ឃឹមថា យើងនឹងបញ្ចប់ដោយជោគជ័យ ជាមួយនឹងអ្វីៗគ្រប់យ៉ាងដោយសុវត្ថិភាព៕

បកប្រែដោយ Pham Diep