មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Pham Binh Minh បានចែករំលែកផលប៉ះពាល់យ៉ាងជ្រាលជ្រៅនៃការរីករាលដាល Covid-19 លើគ្រប់ទិដ្ឋភាពនៃជីវិត ជាពិសេស នៅតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះនៅលើពិភពលោក និងគំរាមកំហែងដល់ការរីកចម្រើននៃដំណើរកសាងសន្តិភាព និងធ្វើឲ្យស្ថានការណ៍មនុស្សធម៌នៅក្នុងតំបន់ទាំងនេះកាន់តែអាក្រក់ៗទៅ។

leftcenterrightdel
លោក Pham Binh Minh អញ្ជើញចូលរួមនិងថ្លែងនៅក្នុងសម័យប្រជុំពិភាក្សាជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទ “ជំងឺរាតត្បាតនិងបញ្ហាប្រឈមចំពោះសន្តិភាពប្រកបដោយចីរភាព” (រូបថត៖ vnanet.vn)

លោក Pham Binh Minh សង្កត់ធ្ងន់ថា ដើម្បីដោះស្រាយវិបត្តិនេះ គប្បីមានវិធានការលើគ្រប់វិស័យ។ ដូច្នេះ ប្រទេសទាំងឡាយគប្បីមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ពង្រឹងនិងពង្រីកនីតិរដ្ឋនានា កសាងទំនុកទុកចិត្ត និងជម្រុញកិច្ចសហប្រតិបត្តិការ រួមទាំងការផ្ដល់ការយកចិត្តទុកដាក់ ការជួយក្រុមងាយរងគ្រោះ ដូចជាមនុស្សចាស់ ស្ត្រី និងកុមារ ហើយគប្បីជម្រុញកិច្ចសហប្រតិបត្តិការពហុភាគីនៅលើសកលលោក។ ផ្អែកលើមូលដ្ឋាននោះ ប្រទេសវៀតណាមអបអរសាទរចំពោះការអនុម័តសេចក្តីសម្រេចចិត្តលេខ ២៥៣២ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្ដីពីបទឈប់បាញ់សកល។ ព្រមទាំង វៀតណាមអំពាវនាវឲ្យលុបចោលការដាក់ទណ្ឌកម្ម  និងបង្កលក្ខណៈងាយស្រួលសម្រាប់ជំនួយមនុស្សធម៌នៅប្រទេសនានាក្នុងបរិបទនៃជំងឺរាតត្បាត។ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិក្នុងការជួយគាំទ្រប្រទេសនានា។ លោកចាត់ទុកថា ការចូលរួម និងកិច្ចសហការរបស់ប្រព័ន្ធអង្គការសហប្រជាជាតិទាំងមូលមានតួនាទីសំខាន់ក្នុងការអនុវត្តកិច្ចសន្យាស្ដីពីការពង្រឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Thuy Anh