"មោទនភាពគ្មានទីបញ្ចប់"

លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម បានវាយតម្លៃថា យុទ្ធនាការ Dien Bien Phu ជាយុទ្ធនាការដ៏អស្ចារ្យមហិមានៅឥណ្ឌូចិន បញ្ចប់ដោយជោគជ័យដ៏រុងរឿងរបស់កងទ័ព និងប្រជាជនវៀតណាម។ ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយអ្នកយកព័ត៌មានពីកាសែតកងទ័ពប្រជាជន លោកស្រី Khamphao Ernthavanh បានបញ្ជាក់ថា ជ័យជំនះ Dien Bien Phu គឺជាជ័យជំនះខាងនយោបាយ-យោធា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោកប្រធានហូជីមិញជាទីគោរពដ៏ខ្ពង់ខ្ពស់។ ជ័យជំនះនេះបង្ហាញពីភាពអង់អាចក្លាហាន ក្នុងការតស៊ូ និងការលះបង់ប្រកបដោយវីរភាព ដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រជាជនវៀតណាម។ ទទួលបានការកោតសរសើរពីអ្នកស្រឡាញ់សន្តិភាពជុំវិញពិភពលោក។

យោងតាម AFP ប្រវត្តិវិទូជនជាតិអង់គ្លេស Martin Windrow បាននិយាយថា សមរភូមិ Dien Bien Phu គឺជា "លើកដំបូងហើយដែលចលនាតស៊ូដើម្បីឯករាជ្យភាពនៅក្រៅទ្វីបអឺរ៉ុប បានអភិវឌ្ឍតាមរយៈដំណាក់កាលជាច្រើន ពីក្រុមទ័ពព្រៃរហូតដល់កងទ័ពមានរៀបរយ ប្រដាប់ដោយអាវុធ អាចវាយឈ្នះបាន អ្នកឈ្លានពានលោកខាងលិចសម័យទំនើបនៅក្នុងសមរភូមិដ៏កាចសាហាវមួយ”។ AFP បានសង្កត់ធ្ងន់ថា ការប្រយុទ្ធដ៏ស្វិតស្វាញដែលបានអូសបន្លាយរយៈពេល ៥៦ ថ្ងៃ ទាំងយប់ទាំងថ្ងៃនៅ Dien Bien Phu បានឃើញច្បាស់កម្លាំងរបស់បារាំង "ត្រូវបានវាយបំបាក់ក្នុងសមរភូមិដ៏សំខាន់មួយមានលក្ខណៈកំណត់ ដែលជួយឱ្យវៀតណាមក្លាយជាប្រទេសឯករាជ្យមួយ” "ធ្វើឱ្យខូចកិត្យានុភាពរបស់បារាំង" "ជាការចាប់ផ្តើម ក្នុងការដួលរលំនៃរបបអាណានិគមបារាំង" ហើយនេះពិតជា "ជ័យជំនះជាប្រវត្តិសាស្ត្រ" "ជ័យជំនះមាស" "ជ័យជំនះពិសេស" របស់ប្រជាជនវៀតណាម។

ប៉ុស្តិ៍ទូរទស្សន៍ France 24 បានទទួលស្គាល់សមរភូមិ Dien Bien Phu ថាជា "និមិត្តរូបដ៏ឈឺចាប់" អំពី "ការបរាជ័យដ៏មហន្តរាយ" សម្រាប់កងទ័ពបារាំង "ជាការវាយប្រហារដោយវីរភាព" ទៅលើរបបអាណានិគមនិយមបែបចាស់ និង "ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ" របស់វៀតណាម និងជា "មោទនភាពគ្មានទីបញ្ចប់" របស់ប្រជាជននៃប្រទេសអាស៊ីអាគ្នេយ៍នេះ។ កាសែត South China Morning Post បានបញ្ជាក់ថា ជាច្រើនឆ្នាំបានកន្លងផុតទៅ ចំពោះប្រជាជនវៀតណាម ស្មារតីនៃជ័យជំនះនៅ Dien Bien Phu គង់តែស្ថិតស្ថិរជារៀងរហូត។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ជ័យជំនះ Dien Bien Phu មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជា “សក្ខីភាពនៃការលះបង់វីរភាព” របស់ប្រជាជនវៀតណាមជំនាន់នោះក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោកប្រធានហូជីមិញ។

leftcenterrightdel
"ជ័យជំនះមាស" របស់វៀតណាម

"ការគិតគូខុសជាប្រវត្តិសាស្ត្រ"

គេហទំព័រ War History Online បាននិយាយថា លោកឧត្តមសេនីយ៍ Henri Navarre - អគ្គមេបញ្ជាការនៃកងកម្លាំងបេសកកម្មបារាំងនៅឥណ្ឌូចិនបានមាន "ជម្រើសបរាជ័យ" ដោយសម្រេចចិត្តកសាងមូលដ្ឋានយោធាមួយនៅ Dien Bien Phu។ កងទ័ពបារាំងបានធ្វើកំហុសនៅ Dien Bien Phu ដោយពួកគេមើលស្រាលកម្លាំងនៃសង្គ្រាមវាយឈ្លប។ នេះក៏ជាអ្វីៗដែល “កងទ័ពលោកខាងលិចបានជួបប្រទះឡើងវិញម្តងទៀតក្នុងពាក់កណ្តាលទីពីរនៃសតវត្សទី២០”។ គេហទំព័រប្រវត្តិសាស្ត្រសង្គ្រាមអនឡាញបានបញ្ជាក់ថា ពួកអាណានិគមបារាំងបានចាញ់ការប្រយុទ្ធនៅ Dien Bien Phu ដោយសារតែ “ភាពក្រអឺតក្រទមនិងអសមត្ថភាព” របស់ពួកគាត់។

យោងតាម AFP កងទ័ពបារាំងបានធ្វើ "ការគិតគូខុសជាប្រវត្តិសាស្ត្រ" អំពីសមត្ថភាពរបស់គូបដិបក្សនៅក្នុងសមរភូមិ Dien Bien Phu។ សព្វវចនាធិប្បាយ Britannica បញ្ជាក់យ៉ាងច្បាស់ថា កងទ័ពបារាំងដែលមានទំនុកចិត្តលើក្រុមមូលដ្ឋានយោធារបស់ខ្លួន ត្រូវបានកងកម្លាំងវៀតមិញធ្វើឱ្យភ្ញាក់ផ្អើលក្នុងសមរភូមិ Dien Bien Phu។

ជ័យជំនះ Dien Bien Phu នៅថ្ងៃទី ៧ ឧសភា ឆ្នាំ១៩៥៤ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាប្រភពលើកទឹកចិត្តដល់ចលនារំដោះជាតិនៅលើពិភពលោកផងដែរ។ គេហទំព័រ Global Policy Forum បាននិយាយថា ការបរាជ័យរបស់បារាំងនៅ Dien Bien Phu "ជាទីបញ្ចប់សម្រាប់សម័យអាណានិគម ហើយចាប់ផ្តើមយុគសម័យនៃឯករាជ្យភាពពិភពលោកទីបី" ហើយថាមិនមានការបះបោរជាបន្តបន្ទាប់ណាមួយនៅទ្វីបអាស៊ី អាហ្រ្វិក ឬអាមេរិក" ដែលមិនលើកឡើងពីជ័យជំនះ Dien Bien Phu ទេ”។ AFP បានបញ្ជាក់ថា “សមរភូមិ Dien Bien Phu គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនារំដោះជាតិនៅលើពិភពលោក បង្កើតការលើកទឹកចិត្តដ៏ធំធេងដល់ចលនាតស៊ូទាមទារឯករាជ្យក្នុងបណ្តាតំបន់ក្រោមអាណានិគម”៕

បកប្រែដោយ Minh Trung