ច្បាប់ស្តីពីការបោះឆ្នោតនៅកម្ពុជាបានចែងថា គណបក្សណាដែលឈ្នះ ៥០% + ១ អាសនៈនៅក្នុងរដ្ឋសភា នឹងត្រូវបានអនុញ្ញាតឱ្យបង្កើតរដ្ឋាភិបាលថ្មី។ នៅថ្ងៃទី ៣០ ខែកក្កដា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រកាសថា គណបក្សនេះឈ្នះបាន ១២៥ អាសនៈ នៃរដ្ឋសភា នីតិកាលទី ៦។ លទ្ធផលជាផ្លូវការនឹងត្រូវបាន​ប្រកាសនៅថ្ងៃទី ១៥ ខែសីហា ខាងមុខនេះ។ នេះក៏ជាជ័យជំនះដ៏អស្ចារ្យមួយរបស់គណបក្សប្រជាជនកម្ពុជា បើប្រៀបនឹងការបោះឆ្នោតនៅឆ្នាំ ២០១៣ ដែលនាគ្រានោះគណបក្សប្រជាជនបានឈ្នះ ៦៨ អាសនៈក្នុងចំណោម ១២៣ អាសនៈក្នុងរដ្ឋសភាតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត នេះក៏ជាលទ្ធផលខ្ពស់បំផុតដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះចាប់តាំងពីពេល​ដែល​ប្រទេសកម្ពុជាបានចាប់ផ្តើមការបោះឆ្នោតពហុបក្សនៅក្នុងឆ្នាំ ១៩៩៣ ក្រោមការជួយឧបត្ថម្ភរពីអង្គការសហប្រជាជាតិ។

ជ័យជម្នះរបស់គណបក្សប្រជាជននៅក្នុងការបោះឆ្នោតរដ្ឋសភាលើកទី ៦ នេះ ជារឿងដែលបានប៉ាន់ស្មានទុក​ជា​មុនហើយ ព្រោះតែគណបក្សមួយនេះមិនគ្រាន់តែជាគណបក្សកាន់អំណាចក្នុងការបោះឆ្នោតរដ្ឋសភាកម្ពុជាបួនលើកជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ១៩៩៨ មកទេ ថែមទាំងគណបក្សប្រជាជនបានដើរតួរជាគន្លឹះនៃការតស៊ូដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជាទៀត​ផង។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ គណបក្សប្រជាជនកម្ពុជាបានរួមដំណើរជាមួយប្រជាជនកម្ពុជាក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។ "ផ្លែផ្កា" ដែលប្រទេសកម្ពុជាសម្រេចបានក្នុងរយៈពេលជិត ៤០ ឆ្នាំកន្លងមកនេះ ទាំងការបង្រួបង្រួមជាតិ ការធានាសន្តិសុខសង្គម ការកាត់បន្ថយភាពក្រីក្រ និងទាំងកំណើនសេដ្ឋកិច្ច ៧% ក្នុងច្រើនឆ្នាំផ្ទួនៗគ្នា សុទ្ធតែមានការរួមវិភាគទានពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

leftcenterrightdel
សម្តេចតេ​ជោ​ ហ៊ុន​ សែន​ ទៅ​បោះឆ្នោត​នៅ​មណ្ឌលបោះឆ្នោត​មួយនៅ​ខេត្តកណ្តាលនា​ថ្ងៃ​ទី​២៩ ខែ​កក្កដា (រូបថត៖ vnanet.vn)

ក្រៅពីហេតុផលពោលខាងលើ ជ័យជំនះដ៏លើសលុបរបស់គណបក្សប្រជាជន គឺដោយសារភាពរហ័សរហួនរបស់គណបក្សនេះ​ក្នុង​ការ​​ទាក់​ទាញ​អ្នកបោះឆ្នោតឲ្យបានច្រើនថែមទៀត។ ច្បាស់​ណាស់​ថា​ អ្នកបោះឆ្នោត​ជាង ៤៦% នៃចំណោមអ្នកបោះឆ្នោត ៨,៣ លាននាក់ គឺជាយុវវ័យដែលមានអាយុពី ១៨ ទៅ ៣៥ ឆ្នាំ។ ហើយ​អ្នកបោះឆ្នោតវ័យក្មេងទាំង​នេះ សុទ្ធតែ​មាននិន្នាការគាំទ្រការផ្លាស់ប្តូរថ្មី​។ គណបក្សប្រជាជនហាក់ដូចជាបានបោះជំហានទៅមុនគេ ដោយ​សារនៅឆ្នាំ ២០១៥ បន្ទាប់ពីមហាសន្និបាតវិសាមញ្ញមួយក្រោមប្រធានបទ "កំណែទម្រង់គឺជាបញ្ហាអាយុជីវិតនៃប្រ​ទេស​ជាតិ និងរបស់គណបក្សប្រជាជនកម្ពុជា" ។ គណបក្សនេះបានធ្វើការកែតម្រូវទាន់ពេលវេលាក្នុងនោះរួមមានការបញ្ចូលបន្ថែមសមាជិកវ័យក្មេងរាប់រយនាក់ចូល​គណៈកម្មាធិការកណ្តាល។ នេះជាការផ្លាស់ប្តូរដ៏ខ្លាំងក្លាមួយដើម្បីនាំយក "ខ្យល់ត្រជាក់ស្រស់ថ្លា" របស់គណបក្សប្រជាជនទៅដល់អ្នកបោះឆ្នោតវ័យក្មេងមុនពេលចូលក្នុងការបោះឆ្នោតរដ្ឋសភាជាតិ នីតិកាលទី៦ ។

គួរកត់សម្គាល់ថា ការបោះឆ្នោតរដ្ឋសភាកម្ពុជាបានទាក់ទាញអ្នកបោះឆ្នោត ៨២,៧១% នៃអ្នកបោះឆ្នោតជាង ៨,៣ លាននាក់ដែលបានចុះឈ្មោះបោះឆ្នោត។ តួលេខនេះខ្ពស់ជាងចំនួន ៦៩,៦១% នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ក្នុងឆ្នាំ ២០១៣ ។ អ្នកបោះឆ្នោតដែលបាននាំគ្នាទៅ​បោះឆ្នោតយ៉ាងច្រើនកុះករនេះបានបង្ហាញថា ប្រជាជនកម្ពុជាបានជ្រើសរើសផ្លូវនៃប្រជាធិបិតេយ្យ ហើយវាក៏ជាការ "ចាក់ទឹកត្រជាក់" ទៅលើការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោតមុននេះរបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិផងដែរ។

បន្ទាប់ពីជ័យជំនះនៃការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ឆ្នាំ ២០១៧ និងការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានៅក្នុងខែកុម្ភៈកន្លងមក ជ័យជំនះក្នុងការបោះឆ្នោតរដ្ឋសភាជាតិ នីតិកាលលើកទី៦ នេះ គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសកម្ពុជាពីថ្នាក់មូលដ្ឋាន ដល់ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ​ការ បានបង្កលក្ខណៈងាយស្រួលឲ្យគណបក្សប្រជាជនកម្ពុជាក្នុងការអនុវត្ដគោលនយោបាយដែលនឹងធ្វើឱ្យប្រទេសនេះមានដំណើរការទៅមុខ។ 

ការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាពោលគឺអ្នកបោះឆ្នោតកម្ពុជាបានផ្តល់ក្តីទំនុកទុកចិត្ត និងក្តីសង្ឃឹមទៅលើសមត្ថភាពដឹកនាំរបស់គណបក្ស​នេះ ដើម្បីនាំប្រទេសកម្ពុជាឈានទៅការអភិវឌ្ឍនៅក្នុងដំណាក់កាលថ្មី។ ដូចជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា សមាជិកនៃគណបក្សប្រជាជនមិនត្រូវបានដេកលង់លក់ លើជ័យជំនះនោះទេ ដែល​ត្រូវតែសាមគ្គី និងបន្តបម្រើប្រជាពលរដ្ឋ ឲ្យសមស្របនឹងឋានៈជាគណបក្សកាន់អំណាច។ ហើយឥឡូវនេះ គណបក្សប្រជាជនត្រូវតែផ្តោតលើការលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ប្រជាជន ប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ ធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដូចការដែលបានសន្យាជាមួយអ្នកបោះឆ្នោតមុននឹងការបោះឆ្នោតនៅថ្ងៃទី២៩ ឆ្នាំ២០១៨ កន្លងមក។

បកប្រែដោយ Duy Hoan