leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

នៅក្នុងសេចក្តីប្រកាសមួយ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងមន្រ្តីនៃខឿនសេដ្ឋកិច្ចសមាជិក APEC បានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាទីផ្សារបើកចំហ និងធ្វើការរួមគ្នាដើម្បីធានាបរិយាកាសពាណិជ្ជកម្ម និងវិនិយោគប្រកបដោយស្ថិរភាព និងអាចព្យាករណ៍បាន។

សេចក្តីប្រកាសមួយនេះក៏បានជំរុញខឿនសេដ្ឋកិច្ចសមាជិក APEC ឲ្យអនុវត្តវិធានការបន្ទាន់នានាដែល “មានគោលដៅ តម្លាភាព ភាពស្មើគ្នា និងភាពបណ្តោះអាសន្ន” ក៏ដូចជាមិនបង្កើតឧបសគ្គដែលមិនចាំបាច់ដល់ប្រតិបត្តិការពាណិជ្ជកម្ម អនុលោមតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅពេលដែលកិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងបញ្ហាប្រឈមដោយសារការរីករាលដាលនៃជំងឺ COVID-19។ ទន្ទឹមនឹងនោះ បណ្តារដ្ឋមន្រ្តីពាណិជ្ជកម្មក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចែករំលែកព័ត៌មានស្តីពីគោលនយោបាយ និងវិធានការរួមទាំងកញ្ចប់ជំរុញរយៈពេលខ្លី និងរយៈពេលវែងក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដោយសារការរីករាលដាលនៃជំងឺ COVID-19។

យោងតាមសេចក្តីប្រកាសនេះ រោគរាតត្បាត COVID-19 ក៏បានបង្ហាញពីភាពចាំបាច់ក្នុងការចាប់យកឱកាសនៃខឿនសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងការធ្វើអាជីវកម្មអន្តរជាតិផងដែរ៕

បកប្រែដោយ Huyen Trang