លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាងថា ក្នុងការអនុវត្តគោលនយោបាយយ៉ាងសកម្ម និងធ្វើសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ និងស៊ីជម្រៅ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះកិច្ចសហប្រតិបត្តិការ APEC ដើម្បីរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

លោកអនុរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះលេខាធិការដ្ឋាន APEC និងលោកស្រី Sta Maria ដែលបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការរៀបចំឆ្នាំ APEC ឆ្នាំ ២០០៦ និងឆ្នាំ ២០១៧ ក៏ដូចជាអនុវត្តគម្រោងលើកកំពស់សមត្ថភាពលើវិស័យជាច្រើន។

leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc ទទួលជួបលោកស្រីបណ្ឌិត Rebecca Sta Maria នាយិកាប្រតិបត្តិនៃលេខាធិការដ្ឋាន APEC (រូបថត៖ baoquocte.vn)

លោកស្រី Sta Maria បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ការបន្ស៊ាំខ្លួនប្រកបដោយសុវត្ថិភាព បើកប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញ។ លោកស្រី Sta Maria បានអបអរសាទរវៀតណាមដែលសម្រេចបានជោគជ័យជាច្រើនក្នុងការអនុវត្តកិច្ចការបរទេសពហុភាគី និងការចូលរួមសម្ព័ន្ធសេដ្ឋកិច្ចអន្តរជាតិ។ លោកស្រីក៏បានស្វាគមន៍ចំពោះតួនាទី និងការរួមវិភាគទានរបស់វៀតណាមក្នុង APEC ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ជាពិសេសជោគជ័យនៃឆ្នាំ APEC ឆ្នាំ ២០១៧ ក៏ដូចជាគំនិតផ្តួចផ្តើមដើម្បីជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ ជាពិសេសការកសាង និងអនុវត្តចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងលេខាធិការដ្ឋានក្នុងការអនុវត្តគម្រោងសមស្រប ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលកម្មាភិបាលកិច្ចការបរទេសពហុភាគី។ ទាក់ទងនឹងបញ្ហាប្រឈមក្នុងតំបន់ និងនៅលើពិភពលោក ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ លើកកំពស់តួនាទីរបស់ APEC ក្នុងការជួយឧបត្ថម្ភសេដ្ឋកិច្ចងើបឡើងវិញក្រោយពីជំងឺរាតត្បាត ជំរុញការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។ល៕

បកប្រែដោយ Huyen Trang