leftcenterrightdel
ប្រាសាទអង្គរវត្តរបស់កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ (រូបថត៖ The Indian Express)

 

ចំណុចវិជ្ជមាននៃខឿនសេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីជ័យជម្នះក្នុងការអនុវត្ដកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោនដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីជាក្នុងបរិបទដែលខឿនសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ ប៉ុន្ដែសេដ្ឋកិច្ចកម្ពុជានៅមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយរក្សាបាននូវកំណើនជាមធ្យមមាន ៧,៧% ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ កំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំនេះឆ្លុះបញ្ចាំងតាមរយៈកំណើននៅក្នុងវិស័យឧស្សាហកម្ម វាយនភណ្ឌ កាត់ដេរ សាងសង់ កសិកម្ម ទេសចរណ៍និងអចលនទ្រព្យ។ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង និងអត្រាជនក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំង។

សមិទ្ធិផលទាំងនេះបានមកពីកម្ពុជាអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចយ៉ាងប្រុងប្រយ័ត្ន ដើម្បីរក្សាកំណើនសេដ្ឋកិច្ចឲ្យមានស្ថិរភាព ព្រម​ទាំងជំរុញការប្រកួតប្រជែងការផលិត និងការប្រើប្រាស់នៅក្នុងប្រទេស។ ទន្ទឹមនឹងនោះ បណ្ដាអង្គការសេដ្ឋកិច្ចនៅលើពិភពលោកសុទ្ធតែវាយតំលៃនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងសុទិដ្ឋិនិយម ហើយយោងតាមធនាគរពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ច​កម្ពុជាក្នុងឆ្នាំ ២០១៨- ២០១៩ មានកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ។

វិស័យទេសចរណ៍គឺជាវិស័យសំខាន់មួយដែលជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា។ ដោយមានគោលដៅទេសចរណ៍ល្អជាច្រើន កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្ដរជាតិយ៉ាងច្រើនកុះករក្នុងរយៈពេលកន្លងមក។ យោងតាមក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០១៨ កម្ពុជាបានទទួលភ្ញៀវទេសចរអន្ដរជាតិជាង ២,២ លាននាក់ កើនឡើង ១៣,៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ គោលដៅទេសចរណ៍ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និង ក្រុមប្រាសាទសម្បូរព្រៃគុក គឺជាគោលដៅដ៏ទាក់ទាញក្នុងក្រសែភ្នែករបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ធនាគារពិភពលោកបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ និងជាខឿនសេដ្ឋកិច្ចថ្មីនៅអាស៊ី។ ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខបានជួយឲ្យប្រទេសកម្ពុជាបន្តសម្រេចបានសមិទ្ធផលដ៏ធំធេងក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។

ដោយការវិវត្ដន៍នៃស្ថានភាពពិភពលោកនិងតំបន់ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់គោលនយោបាយការបរទេសអព្យាក្រឹត្យនិងមិនចូលបក្សសម្ព័ន្ធដែលរួមចំណែកយ៉ាងសកម្មក្នុងការការពារបូរណភាពដែនដី អធិបតេយ្យភាព ផលប្រយោជន៍ជាតិនិងការអភិវឌ្ឍន៍ប្រទេស។ ប្រទេសកម្ពុជាគឺជាសមាជិកសកម្មនៅក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ដូចជា៖ គណៈកម្មការទន្លេមេគង្គ (MRC); តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម (CLV); កិច្ចសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CLMV); មហាអនុតំបន់ទន្លេមេគង្គ (GMS)។ មកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាតិ និងតំបន់ដែនប្រហែល ១៥០ នៅលើពិភពលោក; បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសធំៗ ដៃគូអភិវឌ្ឍន៍ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង។

ប្រទេសកម្ពុជាដ៏ស្រស់ស្អាតកំពុងមានមុខមាត់ថ្មី ទំនើបនិងរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជាពិតជានឹងទទួលបានសមិទ្ធផលជាច្រើនថែមទៀតក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Pham Diep