ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្ត Dong Thap និងខេត្តទាំងពីរគឺខេត្ដពោធិសាត់ និងព្រៃវែងបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្ដិការក្នុងការស្វែងរក ជីកគាស់ ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការ វៀតណាម។ នៅរដូវប្រាំង កម្មាភិបាល និងយុទ្ធជននៃក្រុម K91 បានចេញដំណើរទៅស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។ នៅតំបន់ស្វែងរកក្នុងទឹកដីកម្ពុជា អាកាសធាតុតឹងរឹង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន ផ្លូវដំណើរមិនងាយស្រួល; លក្ខខណ្ឌស្នាក់នៅនិងភារកិច្ចជួបការលំបាកជាច្រើនដែលទាក់ទងនឹងភាសា និងទំនៀមទម្លាប់ ជាងនេះទៅទៀត អដ្ឋិធាតុនៅគ្រប់ទិសទី ភូមិសាស្ដ្រមានការប្រែប្រួល ដូច្នេះការកំណត់ទីតាំងអដ្ឋិធាតុជួបការលំបាកខ្លាំង។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃក្រុម K91 បំពេញភារកិច្ចស្វែងរក ជីកគាស់ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា (រូបថត៖ vnanet.vn)

យោងតាមលោកវរសេនីយ៍ឯកបំរុង Nguyen Trung Tuyen ប្រធាននយោបាយនៃក្រុម K91 បានឲ្យដឹងថា ទោះបីប្រឈមមុខនឹងការលំបាក និងគ្រោះថ្នាក់ជាច្រើនក៏ដោយក៏ក្រុម K91 នៅតែខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តដើម្បីបំពេញភារកិច្ចល្អដែលបានប្រគល់ឱ្យ។ ព្រោះការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការ​វៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាគឺជាភារកិច្ចដ៏មានអត្ថន័យ បង្ហាញពីប្រពៃណី “តបស្នងសងគុណ” របស់ជនជាតិវៀតណាម។

នៅរដូវប្រាំងឆ្នាំ ២០២១ - ២០២២ ជាលើកដំបូងដែលយុទ្ធជន Le Hong Khang ចូលរួមស្វែងរក ជីកគាស់ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា។ យុទ្ធជន Le Hong Khang បានចែករំលែកថា៖ “ខ្ញុំផ្ទាល់ដឹងថា ការងារស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី គឺជាការងារដ៏មានអត្ថន័យ ហើយខ្ញុំមានកិត្តិយសដែលបានចូលរួម។ ការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីពិបាកខ្លាំងណាស់ ពីព្រោះលក្ខណ្ឌស្នាក់នៅ និងហូបចុកខ្វះជាច្រើន។ យ៉ាងណាមិញ យើងនៅតែខិតខំ បំពេញភារកិច្ចបានល្អ។ រាល់ពេលដែលខ្ញុំស្វែងរកបានអដ្ឋិធាតុយុទ្ធជនពលី ខ្ញុំនិងក្រុមរបស់ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ភាពនឿយហត់ ស្រេកឃ្លាននិងស្រេកទឹកហាក់ដូចជាបាត់ទៅវិញ"។

leftcenterrightdel
បន្ទាប់ពីស្វែងរកបាន  អដ្ឋិធាតុយុទ្ធជនពលីនឹងត្រូវបានទុកជាបណ្ដោះអាសន្ននៅក្រុម K91 រង់ចាំរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុនៅទីបញ្ចុះសព

លោកវរសេនីយ៍ឯកបំរុង Nguyen Trung Tuyen ប្រធាននយោបាយនៃក្រុម K91 និងសមាជិកក្រុម K91 បានធ្វើដំណើរទៅកាន់តំបន់ជាច្រើន និងត្រឡប់មកសមរភូមិនៅប្រទេសកម្ពុជាដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលី។ លោកវរសេនីយ៍ឯកបំរុង Nguyen Trung Tuyen និយាយថា៖ ពេលវេលាកន្លងផុតទៅ ព័ត៌មានអំពីអដ្ឋិធាតុយុទ្ធជនពលីកាន់តែតិចទៅ ដូច្នេះការស្វែងរកជួបការលំបាកជាច្រើន។ អ្នកស្រុកបានជូនព័ត៌មានកន្លែងកប់សព ប៉ុន្តែបន្ទាប់ពីជីកគាស់នៅតែរកមិនឃើញ។ ក្នុងអំឡុងពេលនៃការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជាក្នុងរដូវប្រាំងឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ យើងខ្ញុំបានជីកគាស់នៅតំបន់ជាង ២០ ប៉ុន្តែមានតែ ៤ តំបន់មានអដ្ឋិធាតុយុទ្ធជនពលី។

ក្រុម K91 ទើបតែបានបញ្ចប់ភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងប្រទេសកម្ពុជានិងក្នុងប្រទេសដំណាក់កាលរដូវប្រាំង ឆ្នាំ ២០២១ - ២០២២។ ក្នុងអំឡុងពេលនេះ ក្រុម K91 បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួនចំនួន ៨០ នាក់ ដែលក្នុងនោះ អដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៥ នាក់ ត្រូវបានរកឃើញនៅក្នុងខេត្តព្រៃវែង និងអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥ នាក់ ត្រូវបានរកឃើញនៅក្នុងខេត្ត Dong Thap ។ តាមរយៈព័ត៌មានដែលផ្តល់ដោយប្រជាជននៃប្រទេសមិត្ដ ក្រុម K91 បានរកឃើញផ្នូរដ៏ធំមួយដែលមានអដ្ឋិធាតុចំនួន ១៨ នាក់ និងវត្ថុអនុស្សាវរីយ៍មួយចំនួនដូចជា ចិញ្ចៀន ខ្សែក កងដៃ...។

លោកវរសេនីយ៍ទោ Vo Thanh Dan ប្រធានក្រុម K91 បានឲ្យដឹងថា បន្ទាប់ពីបង្កើតបានជាង ២០ ឆ្នាំមក ក្រុម K91 បានស្វែងរកនិងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីសរុបចំនួន ១,៩៨១ នាក់ ដែលក្នុងនោះ មានតែអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ កំណត់អត្ដសញ្ញាណបាន។ ក្រុម K91 បានស្វែងរកអដ្ឋិធាតុយុទ្ធជនពលីចំនួន ១,៧៤៩ នាក់ នៅក្នុងប្រទេសកម្ពុជា និងអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៣២ នាក់ ដែលបានស្វែងរកនៅក្នុងខេត្ត Dong Thap ។ ក្រុម K91 ខិតខំស្វែងរកនិងធ្វើមាតុភូមិនិវត្ដន៍អដ្ឋធាតុយុទ្ធជនពលី។ នេះជាកម្លាំងចលករសម្រាប់សមាជិកក្រុម K91 បន្តបំពេញភារកិច្ចដ៏មានអត្ថន័យនេះ។

អំពីការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap លោក Doan Tan Buu បានអះអាងថា នេះជាការងារដ៏មានអត្ថន័យដែលបង្ហាញពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជន យុទ្ធជនពលីដើម្បីបុព្វហេតុរំដោះជាតិ ការពារមាតុភូមិ និងបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។ លោក Doan Tan Buu បានកោតសរសើរចំពោះសមិទ្ធិផលដែលកម្មាភិបាល និងយុទ្ធជននៃក្រុម K91 សម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ  ទន្ទឹមនឹងនោះលោកក៏បានថ្លែងអរគុណចំពោះទង្វើដ៏ថ្លៃថ្នូរបស់កម្មាភិបាលនិងយុទ្ធជននៃក្រុម K91 ដែលបំពេញភារកិច្ចល្អដ៏ពិសិដ្ឋដែលបក្សនិងរដ្ឋបានប្រគល់ឲ្យ៕

បកប្រែដោយ Pham Diep