នៅចុងបញ្ចប់នៃស៊ីហ្គេមលើកទី៣១ គណៈប្រតិភូកីឡាវៀតណាមស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយសរុបចំនួន ៤៤៦ គ្រឿង (ក្នុងនោះមានមេដាយមាស ២០៥ គ្រឿង មេដាយប្រាក់ ១២៥ គ្រឿង និងមេដាយសំរឹទ្ធ ១១៦ គ្រឿង) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម។

ក្នុងស្នាដៃទាំងនោះ កីឡាករដែលហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទីក្រុងហាណូយបានរួមចំណែកជាង ៦០% នៃចំនួនមេដាយទាំងឡាយ (ក្នុងនោះមានមេដាយមាស ១២៧ គ្រឿង មេដាយប្រាក់ ៦៦ គ្រឿង និងមេដាយសំរឹទ្ធ ៨៥ គ្រឿង) ដែលបំពេញភារកិច្ចដោយជោគជ័យ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រៅពីការងារត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍កីឡាកំពូលរបស់ពិភពលោកនិងទ្វីប មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទីក្រុងហាណូយក៏ទទួលបន្ទុកគ្រប់គ្រងក្រុមកីឡាជាង ២០ ដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ នេះដែរ។

leftcenterrightdel
កីឡាករយូដូហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិទីក្រុងហាណូយទទួលបាន "រង្វាន់ក្តៅ" សម្រាប់ការឈ្នះជើងឯកនៅស៊ីហ្គេមលើកទី៣១

លោក Nguyen Manh Hung នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទីក្រុងហាណូយបានមានប្រសាសន៍ថា ចំនួនកីឡាករដែលបានប្រមូលផ្តុំ និងហ្វឹកហាត់នៅមជ្ឈមណ្ឌលនេះតែងតែមានចំនួនច្រើនជាងគេក្នុងចំណោមមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនទាំង៤ របស់ប្រទេស។ លើសពីនេះ មជ្ឈមណ្ឌលក៏ទទួលបន្ទុករៀបចំការប្រកួតបាញ់កាំភ្លើង និងបាញ់ធ្នូនៅស៊ីហ្គេមលើកទី៣១ ផងដែរ។ ការងារមានច្រើនណាស់ ដែលទាមទារឱ្យកម្មាភិបាល និងបុគ្គលិកនៃមជ្ឈមណ្ឌលខិតខំប្រឹងប្រែងធ្វើការឱ្យបានល្អ ព្រមទាំងមានដំណោះស្រាយប្រតិបត្តិការទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងជាបន្ទាន់។

រយៈពេលជាងពីរឆ្នាំនៃការត្រៀមរៀបចំសម្រាប់ស៊ីហ្គេមលើកទី ៣១ ក៏ជាដំណាក់កាលនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ផងដែរ។ កម្មាភិបាល និងបុគ្គលិកនៃមជ្ឈមណ្ឌលពិតជាខិតខំប្រឹងប្រែងដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

គ្រូបង្វឹកនៃក្រុមកីឡាចំបាប់នារីជម្រើសជាតិ Nguyen Huy Ha បានចែករំលែកថា៖ "អាស្រ័យដោយមានវិធានការដ៏ខ្លាំងក្លារបស់មជ្ឈមណ្ឌល ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាត្បាត ពួកយើងនៅតែរក្សាបានការហ្វឹកហាត់ជាប្រចាំ"។ រីឯកីឡាការិនីអត្តពលកម្ម Quach Thi Lan ម្ចាស់ជើងឯកវិញ្ញាសា ៤០០ ម៉ែត្រសម្រាប់នារីនៅស៊ីហ្គេមលើកទី៣១ បានឲ្យដឹងថា៖ “កីឡាករ កីឡាការិនីទាំងឡាយទទួលបានការជួយគាំទ្រយ៉ាងល្អពីមជ្ឈមណ្ឌល ដើម្បីប្រកួតប្រជែងដណ្តើមមេដាយនៅស៊ីហ្គេមលើកទី៣១”។

លោក Nguyen Manh Hung បានមានប្រសាសន៍ថា៖ “ដើម្បីដណ្តើមបានមេដាយទាំងនេះនៅស៊ីហ្គេមលើកទី ៣១ ក្រៅពីការខិតខំប្រឹងប្រែងហ្វឹកហាត់មិនចេះនឿយហត់របស់កីឡាករ កីឡាការិនី ការខិតខំប្រឹងប្រែង និងសាមគ្គីភាពរបស់កម្មាភិបាល និងគ្រូបង្វឹកទាំងឡាយក្នុងការគ្រប់គ្រង ការបណ្តុះបណ្តាល និងការបង្វឹក ក៏មានការខិតខំប្រឹងប្រែងរបស់ក្រុមសេវាកម្មទាំងអស់ផងដែរ ជាពិសេសការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អគ្គនាយកដ្ឋានកីឡា សមាគម សហព័ន្ធ មន្ទីរ និងស្ថាប័ននានាក្នុងមូលដ្ឋានផងដែរ”៕

បកប្រែដោយ Huyen Trang