leftcenterrightdel
ក្រុមកីឡាវៀតណាមត្រៀមខ្លួនជាស្រេចចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣០ (រូប​ថត៖ vnanet.vn)

 

អញ្ជើញចូលរួមពិធីចេញដំណើររបស់ក្រុមកីឡាវៀតណាមទៅចូលរួមស៊ីហ្គេម លើកទី ៣០ ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាជាតិហាណូយនោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Ngoc Thien បានបញ្ជាក់ថា៖ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍គឺជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏សំខាន់មួយ ដែលរួមចំណែកដល់ការជំរុញទំនាក់ទំនងល្អ ការយោគយល់គ្នារវាងប្រទេសនានាក្នុងសហគមន៍អាស៊ាន ព្រមទាំងជាឱកាសសម្រាប់អត្តពលិកបង្ហាញទេពកោសល្យនិងបង្កើនស្នាដៃរបស់ខ្លួន។

អញ្ជើញមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែរបស់គ្រូបង្វឹកនិងអត្តពលិកនោះ លោក Nguyen Ngoc Thien បានសង្កត់ធ្ងន់ ថា៖  “ខ្ញុំជឿជាក់និងសង្ឃឹមថា មន្រ្តី គ្រូបង្វឹក និងអត្តពលិកទាំងអស់នៃក្រុមកីឡាវៀតណាមនឹងបន្តសាមគ្គីគ្នាប្រកបដោយទំនុកចិត្ត ប្រកួតជាមួយនឹងស្មារតីអស់ពីកម្លាំងកាយចិត្ត ដើម្បីដណ្តើមបានស្នាដៃល្អជាង នៅស៊ីហ្គេមលើកទី៣០។ ហើយនេះក៏ជាការត្រៀមដ៏ពិតជាសំខាន់ សម្រាប់ស៊ីហ្គេមលើកទី ៣១ ក្នុងឆ្នាំ ២០២១ នៅពេលដែលប្រទេសវៀតណាមជាប្រទេសម្ចាស់ផ្ទះ។ ខ្ញុំសូមជូនពរឱ្យប្រតិភូកីឡាវៀតណាមទាំងមូល មានភាពជឿជាក់ មានការប្តេជ្ញាចិត្ត មានសំណាង ជោគជ័យ និងដណ្តើមបានលទ្ធផលល្អបំផុតនៅស៊ីហ្គេមលើកទី ៣០ នេះផងដែរ” ។

សូមគូសបញ្ជាក់ថា សមាជិកមួយចំនួនធំនៃប្រតិភូកីឡាវៀតណាមនឹងចេញដំណើរនៅថ្ងៃទី ២៦ ខែវិច្ឆិកា ដោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) ទៅកាន់ទីក្រុងម៉ានីល។ ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា៕

តាម vovworld.vn