នៅក្នុងវេទិកានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung បានឲ្យដឹងថា ក្រសួងបានប្រកាសផែនការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដំណាក់កាល ២០២០ - ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០។ បង្កើតគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាពនិងមានការទទួលខុសត្រូវ ផ្តល់សេវាកម្មមានគុណភាព រួមចំណែកកែលំអជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់ត្រីកោណ។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា (រូបថត៖ tuoitre.vn)

លោក Nguyen Trung Khanh អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ បានមានប្រសាសន៍ថា គោលដៅគឺដល់ឆ្នាំ ២០២៥ តំបន់នេះនឹងទទួលភ្ញៀវទេសចរចំនួន ៣,៣ លាននាក់ កំណើនជាមធ្យម ១៤% ក្នុងមួយឆ្នាំ; ដល់ឆ្នាំ ២០៣០ ចំនួនភ្ញៀវទេសចរកើនឡើងទ្វេដង។

“ដើម្បីអនុវត្តផែនការនេះ ភាគីវៀតណាមសម្របសម្រួលកិច្ចការសំខាន់ៗចំនួន ៥ គឺបើកជើងហោះហើរអន្តរជាតិទៅកាន់តំបន់; តភ្ជាប់អង្គភាពអាជីវកម្ម និងសមាគមក្នុងតំបន់ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក; តភ្ជាប់ដំណើរទេសចរណ៍ គោលដៅទេសចរណ៍; បង្កើតព្រឹត្តិការណ៍ទេសចរណ៍ក្នុងតំបន់; រៀបចំវេទិកាស្ដីពីការជំរុញនិងផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់។ ទន្ទឹមនឹងនោះ វៀតណាមសម្របសម្រួលជាមួយឡាវនិងកម្ពុជា ដើម្បីអនុវត្តភារកិច្ចចំនួន ១០ ដែលធ្វើជាសហប្រធានដោយប្រទេសទាំងពីរឡាវនិងកម្ពុជា។

ខេត្តដែលចូលរួមផែនការនេះរួមមាន៖ រតនគិរី ស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ (កម្ពុជា); អាតតាពូ សាលាវ៉ាន់ សេកុង ចំប៉ាសាក់ (ឡាវ); Kon Tum, Gia Lai, Dak Lak, Dak Nong, Binh Phuoc (វៀតណាម)៕

បកប្រែដោយ Pham Diep