រៀងរាល់ថ្ងៃ ពេលដែលថ្នាក់រៀនជិតចាប់ផ្តើម អ្នកគ្រូ Hanh ក្នុងសំលៀកបំពាក់ប្រពៃណី ស្វាគមន៍ទទួលសិស្សនៅទ្វារបន្ទប់។ បន្ទាប់ពីអង្គុយលើកៅអីរួចមក សិស្សទាំងអស់បានស្តាប់ដោយយកចិត្តទុកដាក់តាមការបញ្ចេញសំឡេង ហើយហាត់សរសេរដោយផ្ចិតផ្ចង់តាមអ្នកគ្រូ។ ពេលសម្រាក អ្នកគ្រូ និងសិស្សានុសិស្សរួមគ្នាច្រៀងបទចម្រៀងប្រជាប្រិយ និងលេងល្បែងប្រជាប្រិយរបស់ជនជាតិថៃ។ ចែករំលែកជាមួយយើងខ្ញុំ អ្នកគ្រូ Hoang Thi Hanh បាននិយាយថា៖ “ដោយដឹងថាអ្នកភូមិ និងសិស្សានុសិស្សជាច្រើននៅក្នុងភូមិអាចនិយាយភាសាថៃបាន ប៉ុន្តែមិនអាចអាន ឬសរសេរភាសាថៃបាននោះទេ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ដោយបានការគាំទ្រពីក្លឹបវប្បធម៌ថៃបុរាណ Muong Vat ស្រុក Yen Chau  ខ្ញុំបានបើកថ្នាក់រៀនភាសាថៃដោយឥតគិតថ្លៃជូនសិស្សានុសិស្សក្នុងភូមិ។ បន្ទាប់ពីរយៈពេល ៤ ខែ មានសិស្សចំនួន ២១ នាក់ ដែលអានបាន និងសរសេរអក្សរថៃបាន និងទទួល​បាន​ការ​គាំទ្រយ៉ាង​ខ្លាំងពី​ប្រជា​ជន​​។​ នេះជាកម្លាំងចិត្តសម្រាប់ខ្ញុំក្នុងការបន្តបើក​ថ្នាក់​រៀន​បន្ទាប់»។

leftcenterrightdel
ថ្នាក់រៀនភាសាថៃរបស់អ្នកគ្រូ Hoang Thi Hanh នៅភូមិ Nam Un ឃុំ Chieng Dong (ស្រុក Yen Chau,ខេត្ត Son La)

សិស្សដែលមកថ្នាក់រៀនរបស់អ្នកគ្រូ Hanh  ភាគច្រើនជាអ្នកក្រីក្រ ប៉ុន្តែមានចិត្តចង់រៀន។ ម៉ោងរៀនចាប់ផ្តើមពីម៉ោង ២០៖០០ ដល់ ២២៖០០ យប់ ថ្ងៃច័ន្ទ ពុធ និងសុក្រ និងពីម៉ោង ៨៖០០ ដល់ ១១៖០០ ព្រឹក ថ្ងៃសៅរ៍ និងអាទិត្យ។ ដើម្បីបើក​ថ្នាក់​រៀន​នេះ អ្នកគ្រូ Hanh បានកៀងគរប្រជាជននៅក្នុងភូមិឧបត្ថម្ភតុ កៅអី និងសៀវភៅសម្រាប់សិស្សានុសិស្ស ហើយ​បាន​សហការជាមួយក្លឹបវប្បធម៌ថៃបុរាណ Muong Vat ដើម្បីស្រាវជ្រាវ និងចងក្រងមេរៀនដែល​ជិតស្និទ្ធ និងជាក់ស្តែងនឹងជីវភាពប្រចាំថ្ងៃ ដើម្បីឲ្យសិស្សានុសិស្សងាយស្រួលរៀន។ នៅពេលសម្រាក់ អ្នកគ្រូ Hanh បាន​រៀបចំសកម្មភាពវប្បធម៌ លេងល្បែងប្រជាប្រិយ ណែនាំក្រុមជំនាញធ្វើសកម្មភាពជាក្រុម ហើយបង្ហាត់សិស្សឱ្យមានភាពជឿជាក់នៅចំពោះមុខហ្វូងមនុស្ស។

កុមារី Hoang Anh Vu អាយុ ៨ ឆ្នាំកំពុងរៀនក្នុងថ្នាក់របស់អ្នកគ្រូ Hanh បាននិយាយថា៖ “កាលពីមុន ក្នុងវិស្សមកាល ខ្ញុំបានបបួលមិត្តភ័ក្តិទៅងូតទឹកនៅដងទឹកជ្រោះ តែឥឡូវនេះ ពេលខ្ញុំចូលរៀនថ្នាក់ភាសាថៃរបស់អ្នកគ្រូ Hanh ហើយខ្ញុំរៀនបានជាច្រើន ស្តាប់តាមអ្នកគ្រូ ខ្ញុំមិនទៅងូតទឹកនៅជ្រោះដូចពីមុនទេ។ ក្តីស្រមៃទៅថ្ងៃអនាគតរបស់ខ្ញុំគឺចង់ក្លាយជាគ្រូបង្រៀនសម្រាប់សិស្សក្រីក្រ”។

គ្មានប្រាក់ខែ ហើយសម្ភារៈក្នុងថ្នាក់រៀនមានកម្រិតនៅឡើយ​ ប៉ុន្តែថ្នាក់រៀនរបស់អ្នកគ្រូ Hoang Thi Hanh នៅភូមិ Nam Un គឺជាកន្លែងផ្លាស់ប្តូរ  សិក្សា និងរក្សាវប្បធម៌ដ៏ល្អរបស់ជនជាតិ។ ដោយក្តីស្រឡាញ់ចំពោះវប្បធម៌ជាតិ និងកុមារ អ្នកគ្រូ Hanh បាន និងកំពុងបន្តផ្សព្វផ្សាយវប្បធម៌ជានជាតិថៃដល់កុមារ ក៏ដូចជារួមចំណែកថែរក្សា និងអភិរក្សប្រពៃណីវប្បធម៌របស់ជនជាតិថៃផងដែរ៕

បកប្រែដោយ Duy Hoan