នៅក្នុងជំនួបនេះ លោកស្រី Lesley Miller បានលើកឡើងវិស័យអាទិភាពចំនួន ៤ សម្រាប់កិច្ចសហប្រតិបត្តិការរវាងយូនីសេហ្វ និងក្រសួងអប់រំ និង​បណ្តុះបណ្តាលវៀតណាម រួមមាន៖ ការ​បំពាក់​បំប៉នចំណេះដឹងស្តីពីបច្ចេកវិទ្យាព័ត៌មានក្នុង​ការអប់រំ និងបណ្តុះបណ្តាល; ការ​កសាងកម្មវិធីអប់រំកម្រិតមត្តេយ្យសិក្សាថ្មី; ការ​លើកកំពស់គុណភាពអប់រំ; ការ​ធានាអោយមានសមធម៌ក្នុងការអប់រំ  និងការ​កសាងបរិស្ថានរៀនសូត្រស្អាតបាត និងមានសុវត្ថិភាព។

leftcenterrightdel
លោកស្រីអនុរដ្ឋមន្រ្តី Ngo Thi Minh  ទទួលជួបលោកស្រី Lesley Miller  អនុប្រធានយូនីសេហ្វប្រចាំនៅវៀតណាម (រូប​ថត៖ vov.vn)

យោងតាមលោកស្រី Lesley Miller ឲ្យ​ដឹង​ថា ក្នុងវិស័យអាទិភាពទាំង ៤ នោះ វិស័យបច្ចេកវិទ្យាព័ត៌មានចាំបាច់ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ហើយយូនីសេហ្វមានបំណង​ចង់​សហប្រតិបត្តិការ​ជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាល​វៀត​ណាមលើ​វិស័យ​នេះ​​ដើម្បីបំពាក់បំប៉នចំណេះដឹងស្តីពី​បច្ចេកវិទ្យាព័ត៌មានវិទ្យាដល់​សិស្សានុសិស្ស (ចាប់ពីកម្រិតមត្តេយ្យសិក្សា​) និងគ្រូបង្រៀន​ទាំងអស់ ពីព្រោះថាការរីករាលដាលនៃកូវីដ១៩ បានបង្ហាញឲ្យ​ឃើញ​ថា អាស្រ័យដោយមានបច្ចេកវិទ្យាព័ត៌មានបានជាការរៀនសូត្រមិនអាក់ខានឡើយ ទោះបីជាការ​ទៅរៀននៅសាលាត្រូវតែបញ្ឈប់មួយរយៈក៏ដោយ។

ដោយវាយតម្លៃខ្ពស់ចំពោះការជួយ​គាំទ្រនាពេលថ្មីៗនេះរបស់អង្គការយូនីសេហ្វសម្រាប់សាលារៀនទាំងឡាយនៅប្រទេសវៀតណាមក្នុងការកសាងប្រព័ន្ធទឹកស្អាតនិងអនាម័យដើម្បីលើកកម្ពស់គុណភាពអប់រំនោះ​ លោកអនុរដ្ឋមន្រ្តី Ngo Thi Minh បានឯកភាពនឹងសំណើរទាំងឡាយរបស់យូនីសេហ្វ ក្នុង​បំ​ណង​កសាងបរិស្ថានរៀនសូត្រស្អាតបាត​ ​និង​មានសុវត្ថិភាពសម្រាប់សិស្សទាំងអស់៕

បកប្រែដោយ Duy Hoan