មកទស្សនានៅខេត្ត Ha Giang ក្រៅពីបានគយគន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាត ភ្ញៀវក៏មានឱកាសស្វែងយល់អំពីភូមិសិប្បកម្មប្រពៃណីផងដែរ។ ភូមិសិប្បកម្មដ៏ល្បីល្បាញមួយនៅខេត្ត Ha Giang គឺជាភូមិតម្បាញក្រណាត់លីនិនក្នុងឃុំ Lung Tam (ស្រុក Quan Ba)។

ដោយមានសក្តានុពលនិងប្រៀបខ្លាំងនៃវិស័យទេសចរណ៍របស់ខេត្ត Ha Giang នាពេលបច្ចុប្បន្ន សហករណ៍តម្បាញក្រណាត់លីនិន Hop Tien ឃុំ Lung Tam បានក្លាយទៅជាគោលដៅទេសចរណ៍ និងទិញទំនិញពេញនិយមរបស់ភ្ញៀវទេសចរ។ ទន្ទឹមនឹងនោះ ផ្ទាំងក្រណាត់លីនិន កាបូបស្ពាយ កាបូប កន្សែងចម្រុះពណ៌ជាដើម ដែលផលិតពីក្រណាត់លីនិន បានចាប់ផ្តើមមានវត្តមាននៅទីផ្សារនៃច្រើនប្រទេសដូចជា៖ ប្រទេសអ៊ីតាលី សហរដ្ឋអាមេរិក បារាំង និងស្វីស។ល។ លោកស្រី Vang Thi Mai ប្រធានសហករណ៍តម្បាញក្រណាត់លីនិន Hop Tien ឃុំ Lung Tam បានឲ្យដឹងថា ចាប់តាំងពីរបរតម្បាញក្រណាត់សង្កឹមត្រូវបានស្ដារឡើងវិញ ទន្ទឹមនឹងការអភិវឌ្ឍផលិតកម្ម និងការចិញ្ចឹមសត្វ សមាជិក ១៣០ នាក់ នៃសហករណ៍តម្បាញក្រណាត់លីនិន Hop Tien ក៏មានប្រាក់ចំណូលបន្ថែមប្រហែល ៣-៤ លានដុង/ខែ ពីការតម្បាញក្រណាត់ ហើយសហករណ៍មានប្រាក់ចំណូលប្រចាំឆ្នាំពី ១.២ ទៅ ១.៥ ពាន់លានដុង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជីវភាពរបស់អ្នកប្រកបរបរតម្បាញបានប្រសើរឡើង ហើយបងប្អូនជាច្រើនបានរួចផុតពីភាពក្រីក្រ កសាងជីវភាពរស់នៅប្រកបដោយវិបុលភាពជាបណ្តើរៗ។

leftcenterrightdel
ជនជាតិ Dao នៅ Sa Pa (ខេត្ត Lao Cai) តែងតែយកចិត្តទុកដាក់ និងរក្សារបរដេរប៉ាក់តម្បាញក្រណាត់សង្គឹមប្រពៃណី

មកដល់ខេត្ត Cao Bang ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍គួរឲ្យចាប់អារម្មណ៍នៅភូមិដំដែក Phuc Sen (ឃុំ Phuc Sen ស្រុក Quang Hoa)។ ដោយឆ្លងកាត់ការឡើងចុះជាច្រើន ជនជាតិ Nung នៅតែរក្សានិងអភិវឌ្ឍបានរបរសិប្បកម្មប្រពៃណី ជាមួយនឹងផលិតផលជាច្រើនប្រភេទដូចជា៖ ប៉ែល កាំបិត កន្ត្រៃ ញញួរ។ល។ លោក Nong Van Tuan ប្រធានសហករណ៍ Minh Tuan បានឲ្យដឹងថា បច្ចុប្បន្នឃុំមានក្រុមគ្រួសារដំដែកជាង ២០០ គ្រួសារ ហើយជាងដំដែកជាង ៥០០ នាក់។ ជារៀងរាល់ឆ្នាំ ប្រជាជននៅភូមិ Phuc Sen ផលិតផលិតផលរាប់ម៉ឺនមុខដែលមានតម្លៃរាប់ពាន់លានដុងចូលរួមចំណែកពាំនាំយកប្រាក់ចំណូលប្រកបដោយស្ថិរភាពសម្រាប់ប្រជាជន។

យោងតាមស្ថិតិរបស់សមាគមភូមិសិប្បកម្មវៀតណាម បច្ចុប្បន្ន ប្រទេសទាំងមូលមានភូមិសិប្បកម្មចំនួន ៥,៤០០ ភាគច្រើនប្រមូលផ្តុំនៅតំបន់ដីសណ្ដទន្លេក្រហមដែលមានប្រហែល ១.៥០០ (ភូមិប្រហែល ៣០០ ត្រូវបានទទួលស្គាល់ថាជាភូមិសិប្បកម្មប្រពៃណី)។ ក្នុងជំនួបសំណោះសំណាលជាមួយយើង លោក Luu Duy Dan ប្រធានសមាគមភូមិសិប្បកម្មវៀតណាមបានឲ្យដឹងថា ដើម្បីអភិវឌ្ឍន៍ភូមិសិប្បកម្មក្នុងសម័យបច្ចុប្បន្នត្រូវមានទិសដៅសមស្រប។ ដើម្បីឲ្យភូមិសិប្បកម្មប្រពៃណីសម្របខ្លួនទៅនឹងទីផ្សារត្រូវធ្វើទំនើបកម្មនូវបច្ចេកវិទ្យាប្រពៃណី និងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងដំណើរការផលិត ដើម្បីកាត់បន្ថយកម្លាំងពលកម្ម បង្កើនផលិតភាព និងបង្កើតផលិតផលជាច្រើនដែលសំបូបែប។ ទន្ទឹមនឹងនោះត្រូវមានផែនការអំពីទំហំផលិតកម្ម សម្ភារៈ និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានថ្វីដៃជំនាញខ្ពស់។ ទន្ទឹមនឹងគោលការណ៍ និងគោលនយោបាយរបស់បក្សនិងរដ្ឋក្នុងការស្តារ និងអភិវឌ្ឍន៍ភូមិសិប្បកម្មប្រពៃណី ប្រជាជនក្នុងភូមិសិប្បកម្មក៏ចូលរួមយ៉ាងសកម្ម ច្នៃប្រឌិតក្នុងការរក្សាមុខរបរដែលជីដូនជីតាបន្សល់ទុកមកដោយការស្រាវជ្រាវ និងអនុវត្តបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព និងគុណភាព បង្កើតផលិតផលពិសេស ព្រមទាំងផ្តោតលើការផ្សព្វផ្សាយផលិតផលតាមរយៈបណ្តាញជាច្រើន ទាញយកអត្ថប្រយោជន៍ពីឌីជីថល តភ្ជាប់ការអភិវឌ្ឍភូមិសិប្បកម្មជាមួយទេសចរណ៍សហគមន៍៕

បកប្រែដោយ Thuy Anh