នៅឆ្នាំ ១៩៩៦ លោក La Soat Thiep ត្រូវបានចូលបម្រើក្នុងជួរកងទ័ព ហើយក្នុងរយ:ពេលបម្រើនៅក្នុងជួរកងទ័ពនោះ គាត់បានមានឱកាសលើកកម្ពស់ទេពកោសល្យសិល្បៈរបស់ខ្លួនជាញឹកញាប់ ដោយសារគាត់តែងតែច្រៀងឱ្យមិត្តរួមកងស្តាប់។

leftcenterrightdel
លោក La Soat Thiep នៅភូមិ Ban Chay ឃុំ Nam Cuong ស្រុក Cho Don ស្រុក Bac Kan ជាអ្នករក្សាចម្រៀងប្រជាប្រិយ Then

នៅកម្មវិធីសម្តែងសិល្បៈម្តងៗ គាត់និងក្រុមសិល្បៈរបស់អង្គភាពតែងតែសម្តែងនូវចម្រៀង Then ដែលជាចម្រៀងប្រជាប្រិយរបស់ស្រុកកំណើតរបស់គាត់ បានជាគាត់កាន់តែចេះបទចម្រៀង Then ជាច្រើនថែមទៀត។ បន្ទាប់ពីបំពេញភារកិច្ចក្នុងជួរកងទ័ពសព្វគ្រប់រួចរាល់ ហើយបានវិលត្រឡប់មកស្រុកកំណើតវិញ ដោយចូលរួមជាមួយគណៈកម្មាធិការនៃសម្ព័ន្ធយុវជនឃុំ លោក La Soat Thiep កាន់តែជំរុញយ៉ាងសកម្មនូវចលនាវប្បធម៌ សិល្បៈដល់មនុស្សគ្រប់គ្នា។ ជាពិសេសនៅពេលបានទៅសិក្សានៅអនុមហាវិទ្យាល័យវប្បធម៌ និងវិចិត្រសិល្បៈភូមិភាគពាយ័ព្យ លោក La Soat Thiep បានទទួលចំណេះដឹងថែមទៀតពីតន្រ្តី និងការសម្តែងអាជីព។  ហើយគួបផ្សំជាមួយនិងទេពកោសល្យសិល្បៈ រួមជាមួយចំណេះដឹងដែលទទួលបាននោះ បានជាសំនៀងរបស់គាត់កាន់តែរលូន និងមានមន្តស្នេហ៍។ លោក La Soat Thiep បាននិយាយថា ទំនុកច្រៀង Then គឺជាសំលេងរំជួលចិត្តរបស់ជនជាតិ Tay វាមានលក្ខណៈសាមញ្ញៗនិងជិតស្និទ្ធនឹងជីវិតប្រចាំថ្ងៃ។ កាលពីអតីតកាលចម្រៀង Then ត្រូវបានគេប្រើនៅក្នុងរាល់ពិធីសាសនា ដូចជាការបួងសួងក្តីសុខ ការប៉ងប្រាថ្នាទទួលបានផលដំណាំល្អៗ ប៉ុន្តែឥឡូវនេះត្រូវបានប្រើនៅក្នុងរាល់សកម្មភាពជួបប្រាស្រ័យនូវវប្បធម៌ និងសកម្មភាពសហគមន៍ជាច្រើនផងដែរ។

ដោយមានបំណងចង់អភិរក្សនូវចម្រៀងប្រជាប្រិយរបស់ស្រុកកំណើត ក្នុងតួនាទីជាអនុប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Nam Cuong លោក La Soat Thiep បានផ្តួចផ្តើមឡើងគំនិតឱ្យឃុំបង្កើតក្រុមសិល្បៈចម្រៀង Then មួយក្រុម។  ហើយចាប់តាំងពីការបង្កើតឡើង ក្រុមនេះបានធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងរាល់ព្រឹត្តិការណ៍ និងពិធីបុណ្យក្នុងតំបន់ និងចូលរួមសម្តែងបម្រើដល់ភ្ញៀវទេសចរដែលមកកំសាន្តនៅរមនីយដ្ឋានទេសចរណ៍បឹង Ba Be ទៀតផង។ ក្រៅពីនោះ  រាល់ក្រុមគ្រួសារនៅក្នុងតំបន់នានាដែលរៀបចំពិធីមង្គលការ និងឡើងផ្ទះថ្មីក៏អញ្ជើញក្រុមនេះចូលរួមសម្តែងផងដែរ។ សកម្មភាពខាងលើទាំងអស់នោះមិនត្រឹមតែរួមចំណែកដល់ការលើកកម្ពស់ភាពប្រជាប្រិយនៃចម្រៀង Then ប៉ុណ្ណោះទេ ថែមទាំងជួយបង្កបង្កើនចំណូលដល់សិល្បករទៀតផង៕

បកប្រែដោយ Minh Trung