លោកស្រី Jerilyn Brusseau គឺជាបងស្រីរបស់ទាហានអាមេរិកម្នាក់ ដែលបានពលីជីវិតនៅឆ្នាំ ១៩៦៩ នៅសម័យសង្រ្គាមវៀតណាម។ លោកស្រី Jerilyn Brusseau បានចែករំលែកថា “វាជាពេលវេលាដ៏ឈឺចាប់បំផុតនៅក្នុងជីវិតខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំក៏យល់ដែរថា ការឈឺចាប់របស់គ្រួសារខ្ញុំគឺដូចគ្នានឹងគ្រួសារវៀតណាមដែលបានបាត់បង់មនុស្សជាទីស្រលាញ់ដោយសារសង្គ្រាមដែរ”។ ហេតុដូច្នេះ លោកស្រី Jerilyn Brusseau តែងតែមានគោលបំណងចង់មកប្រទេសវៀតណាម ដើម្បីធ្វើអ្វីមួយធូស្រាលការឈឺចាប់នៃសង្គ្រាម។

leftcenterrightdel
លោកស្រី Jerilyn Brusseau សហស្ថាបនិកនៃអង្គការ PeaceTrees Vietnam

ប៉ុន្តែ មកទល់ឆ្នាំ ១៩៩៦ លោកស្រី Jerilyn Brusseau ទើបបានមកប្រទេសវៀតណាម។ លោកស្រីបានឃើញដោយផ្ទាល់ភ្នែកនូវផលវិបាកនៃសង្គ្រាម ក៏ដូចជាផលប៉ះពាល់នៃសង្គ្រាមលើទឹកដី និងប្រជាជនវៀតណាម។ វិលត្រឡប់មកប្រទេសអាមេរិកវិញ លោកស្រីរួមជាមួយប្តី និងម្ដាយរបស់លោកស្រី បានសម្រេចចិត្តបង្កើតអង្គការ PeaceTrees Vietnam ក្នុងគោលបំណងកសាងទំនុកទុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

អង្គការ PeaceTrees Vietnam គឺជាអង្គការក្រៅរដ្ឋាភិបាលបរទេសដំបូងបង្អស់ ដែលទទួលបានការអនុញ្ញាតពីប្រទេសវៀតណាម ឱ្យធ្វើប្រតិបត្តិការក្នុងការបោសសំអាតគ្រាប់បែកគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម។  អង្គការ PeaceTrees Vietnam បានអនុវត្តការបោសសំអាតគ្រាប់បែកគ្រាប់មីន ហើយដើមឈើនៅលើដីដែលត្រូវបានគេបោសសំអាតនោះ។ នាបច្ចុប្បន្ននេះ អង្គការ PeaceTrees Vietnam ប្រតិបត្តិការក្នុងការរាវរក បោសសំអាតគ្រាប់បែក និងការអប់រំដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រាប់បែកគ្រាប់មីន  ហើយអភិវឌ្ឍសហគមន៍នៅខេត្ត Quang Binh និងខេត្ត Quang Tri ភាគកណ្តាលវៀតណាម។ មកទល់បច្ចុប្បន្ននេះ អង្គការ PeaceTrees Vietnam បានបោសសំអាតយុទ្ធភ័ណ្ឌផ្ទុះចំនួន ១០៥,៨៥៥ ប្រកបដោយសុវត្ថិភាពនៅខេត្ត Quang Tri; រៀបចំកម្មវិធីស្តីពីការបង្ការប្រឆាំងគ្រាប់បែកគ្រាប់មីនសម្រាប់កុមារ និងគ្រួសារចំនួន ៨៦,៨៣០ នាក់; ជួយឧបត្ថម្ភជនរងគ្រោះចំនួន ២១៥ នាក់ និង ៦២ គ្រួសារដែលរងគ្រោះដោយសារគ្រាប់បែកគ្រាប់មីន; ផ្តល់អាហារូបករណ៍ចំនួន ១,៦៦៤ ជូនកុមារនៃក្រុមគ្រួសាររងគ្រោះដោយសារគ្រាប់បែក គ្រាប់មីន; សាងសង់ភូមិមិត្តភាពដើមឈើសន្តិភាពសម្រាប់ក្រុមគ្រួសាររងគ្រោះដោយសារគ្រាប់បែក គ្រាប់មីន; សាងសង់សាលាមត្តេយ្យចំនួន ១៥ បណ្ណាល័យចំនួន ១១ និងផ្ទះសហគមន៍ចំនួន ២ ខ្នង; ហើយសាងសង់សួនច្បារសម្រាប់សុខភាពកុមារ និងជួយស្ត្រីរាប់រយនាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមក្រុមគ្រួសារ។ល។

អស់រយៈពេលជាច្រើនឆ្នាំ ដោយមានការខិតខំដោយឥតឈប់ឈរ លោកស្រី Jerilyn Brusseau បានប្រមូលមូលនិធិពីក្រសួងការពារជាតិអាមេរិក មូលនិធិនានា និងអតីតទាហានអាមេរិកដែលបានបយុទ្ធនៅវៀតណាម ដើម្បីកសាង និងអនុវត្តគំរោង របស់អង្គការ PeaceTrees Vietnam។

តាមរយៈសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព លោកស្រី Jerilyn Brusseau បានក្លាយជាមិត្តម្នាក់ដ៏ជិតស្និទ្ធជាមួយនឹងប្រជាជនវៀតណាម។ នៅខែសីហា ឆ្នាំ ២០១៩ កន្លងទៅនេះ លោកស្រីបានមានកិត្តិយសទទួលមេដាយមិត្តភាពពីប្រធាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសារមានការរួមវិភាគដ៏ធំធេងរបស់លោកស្រីក្នុងការជំរុញសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang