អាមេរិក និងអ៊ីរ៉ង់ បញ្ចប់ការចរចានុយក្លេអ៊ែរ ជុំទី៤
កាលពីរសៀលថ្ងៃទី ១១ ឧសភា ការចរចានុយក្លេអ៊ែរជុំទី ៤ រវាងអាមេរិក និងអ៊ីរ៉ង់ដែលប្រព្រឹត្តទៅនៅរដ្ឋធានី Muscat ប្រទេសអូម៉ង់ បានបញ្ចប់ក្រោយរយៈពេលជាង ៣ ម៉ោង។ ទោះបីជាភាគីទាំងពីរបានសម្តែងសុច្ឆន្ទៈសម្រាប់ការសន្ទនាក៏ដោយ ក៏ការខ្វែងគំនិតគ្នានៅតែមាន។ អ៊ីរ៉ង់បានអះអាងថា សិទ្ធិចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមគឺមិនអាចចរចារបានទេ ខណៈដែលអាមេរិកទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ទាំងស្រុងនូវសកម្មភាពចម្រាញ់និងរុះរើរោងចក្រនុយក្លេអ៊ែរសំខាន់ៗដូចជា Natanz និង Fordow។
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចសម្រប់កាត់បន្ថយផ្នែកមួយចំនួនក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិកដកទណ្ឌកម្ម ប៉ុន្តែបានអះអាងពីសិទ្ធិចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងរក្សាស្តុកទុកនូវសារធាតុអ៊ុយរ៉ាញ៉ូមដែលខ្លួនបានចម្រាញ់។ អ៊ីរ៉ង់ក៏បានបដិសេធមិនចរចាលើកម្មវិធីមីស៊ីលបាលីស្ទិក ហើយទាមទារឲ្យមានការធានាយ៉ាងម៉ឺងម៉ាត់ថា អាមេរិកនឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងនាពេលអនាគតឡើយ។
    |
 |
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ក្នុងការចរចា |
នៅចុងបញ្ចប់នៃការចរចា ក្រសួងការបរទេសអ៊ីរ៉ង់បានវាយតម្លៃថា នេះជាការពិភាក្សាដ៏លំបាក ប៉ុន្តែមានអត្ថប្រយោជន៍។ តាមនោះ ភាគីទាំងពីរយល់កាន់តែច្បាស់អំពីគោលជំហររបស់គ្នាទៅវិញទៅមក ដើម្បីស្វែងរកវិធានការសមស្របនិងជាក់ស្តែង សំដៅដោះស្រាយការខ្វែងគំនិតគ្នា។
ការចរចានុយក្លេអ៊ែរជុំទី៤ រវាងអាមេរិក និងអ៊ីរ៉ង់ បានប្រព្រឹត្តិទៅមួយថ្ងៃមុនពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ផ្តើមដំណើរទស្សនៈកិច្ចនៅបរទេសជាផ្លូវការលើកដំបូងទៅកាន់មជ្ឈិមបូព៌ាក្នុងអាណត្តិរបស់លោក ដោយមានគោលដៅរួមមាន៖ អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាត់អារ៉ាប់រួម (UAE)។ យោងតាមអ្នកវិភាគក្នុងតំបន់ បញ្ហាទាក់ទងនឹងអ៊ីរ៉ង់ រួមទាំងកម្មវិធីនុយក្លេអ៊ែរ គឺជារបៀបវារៈមួយក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ៕
តាម vovworld.vn