ចែករំលែកនៅលើបណ្តាញសង្គម Twitter លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស  និងលោក Rishi Sunak អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានអំពាវនាវឱ្យគណៈបក្សអភិរក្ស រួបរួមគ្នាដើម្បីគាំទ្រការដឹកនាំរបស់លោកស្រី Liz Truss នាំចក្រភពអង់គ្លេសរួចផុតពីវិបត្តិនាបច្ចុប្បន្ន។

leftcenterrightdel
លោកស្រី Liz Truss ថ្លែងមតិក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ (រូបថត៖ vnanet.vn)

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប (EC) បានអបអរសាទរចំពោះលោកស្រី Truss ហើយបានអំពាវនាវឱ្យទីក្រុងឡុងដ៍ និងទីក្រុងប្រ៊ុចសែល សហប្រតិបត្តិការគ្នាដើម្បីអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងទ្វេភាគី។ ចែករំលែកនៅលើ Twitter លោកស្រី von de Leyen បានចាត់ទុកថា  EU និងអង់គ្លេសគឺជាដៃគូដែលប្រឈមមុខនឹងបញ្ហារួមគ្នា តាំងពីការប្រែប្រួលអាកាសធាតុរហូតដល់វិបត្តិនៅអ៊ុយក្រែន។ ប្រធាន EC សង្ឃឹមថា ភាគីទាំងពីរនឹងមានទំនាក់ទំនងស្ថាបនា។

ក្នុងពេលជាមួយគ្នានោះ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានអបអរសាទរលោកស្រី Truss ចំពោះមុខតំណែងថ្មី ហើយបានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងគ្រាលំបាកទាំងនេះ ក្នុងនាមជាដៃគូ និងមិត្តភក្តិ។ ស្រដៀងគ្នានេះដែរ លោក Michael Martin នាយករដ្ឋមន្ត្រីអៀរឡង់ និង លោក Mateusz Morawiecki នាយករដ្ឋមន្ត្រីប៉ូឡូញ បានអបអរសាទរលោកស្រី Truss និងបង្ហាញក្តីសង្ឃឹមសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាទ្វេភាគី និងលើពិភពលោកផងដែរ។

ពីប្រទេសឥណ្ឌា លោក Narendra Modi នាយករដ្ឋមន្ត្រី បានអបអរសាទររដ្ឋមន្ត្រីការបរទេសអង់គ្លេស ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់លោកស្រី ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងឥណ្ឌា-អង់គ្លេស នឹងត្រូវបានពង្រឹងបន្ថែមទៀត៕

តាម vovworld.vn