លោកស្រីបានលើកច្បាស់ថា ជំងឺរាតត្បាតមិនទាន់បញ្ចប់នៅឡើយទេ ហើយទាមទារឲ្យមនុស្សជាតិត្រូវរៀនរស់ជាមួយជំងឺកូវីដ-១៩ ដោយមានការទទួលខុសត្រូវ។ លោកស្រីបានចាត់ទុកថា ការរៀនរស់ជាមួយជំងឺកូវីដ-១៩ ត្រូវបានលើកឡើងជាច្រើនលើកច្រើនសារ ប៉ុន្តែដើម្បីអាចធ្វើទៅបាន ប្រជាពលរដ្ឋទាំងមូលត្រូវមានស្មារតី និងរស់នៅប្រកបដោយការទទួលខុសត្រូវ។ យោងតាមលោកស្រី ករណីស្លាប់ចំនួន ១ លាននាក់ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះបានបង្ហាញថា ប្រជាជនមិនទាន់អនុវត្តឲ្យបានត្រឹមត្រូវ តាមការណែនាំអំពីការរៀនរស់ជាមួយជំងឺកូវីដ-១៩ ហើយចំនួនអ្នកស្លាប់ជាមធ្យម ១៥.០០០នាក់ ក្នុងមួយសប្តាហ៍ បានឆ្លុះបញ្ចាំងពីការរៀនរស់ជាមួយជំងឺរាតត្បាតដោយមិនមានការទទួលខុសត្រូវ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

យោងតាមស្ថិតិរបស់ WHO ចាប់តាំងពីវីរុស SARS-CoV-2 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសចិន នៅចុងឆ្នាំ ២០១៩មក អ្នកជំងឺជិត ៦.៤៥ លាននាក់បានស្លាប់នៅទូទាំងពិភពលោក។ ក្នុងសប្តាហ៍កន្លងទៅ ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៥.៣ លានករណី។ លោកស្រី Kerkhove បានវាយតម្លៃថា នេះគឺជាបរិមាណដ៏ច្រើន ប៉ុន្តែមិនទាន់ពេញលេញទេ ដោយសារករណីឆ្លងជំងឺជាច្រើនបានធ្វើតេស្តដោយខ្លួនឯងនៅផ្ទះ ហើយមិនរាយការណ៍ទៅកាន់អាជ្ញាធរសុខាភិបាលឡើយ។ ទាំងនេះបានបង្ហាញថា វីរុស SARS-CoV-2 កំពុងរីករាលដាលយ៉ាងខ្លាំងនៅជុំវិញពិភពលោក៕

តាម vovworld.vn