នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខបានស្តាប់អគ្គលេខាធិការរងទទួលបន្ទុកប្រតិបត្តិការសន្តិភាព លោក Jean-Pierre Lacroix រាយការណ៍​អំពីភាពតានតឹងនៅលើស្ថានភាពជាក់ស្តែង រួមទាំងការកើនឡើងនូវអស្ថិរភាពនៅតំបន់ក្បែររដ្ឋធានី Bangui ដោយសារសកម្មភាពប្រឆាំងពីក្រុមប្រដាប់អាវុធនានា។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខបានចេញសេចក្តីប្រកាសព័ត៌មានដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភលើកិច្ចព្រមព្រៀងសន្តិភាព និងអំពើហិង្សាដែលបង្កឡើងដោយបណ្តាក្រុមប្រដាប់អាវុធ ព្រមទាំងជំរុញឱ្យភាគីទាំងអស់បញ្ឈប់សកម្មភាពអរិភាពជាបន្ទាន់ និងជំរុញកិច្ចពិភាក្សាដើម្បីសម្រួលដល់ការបោះឆ្នោត ហើយគាំទ្រការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនៅថ្ងៃទី ២៧ ធ្នូ។

leftcenterrightdel
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំសម្ងាត់មួយដើម្បីពិភាក្សាអំពីអស្ថិរភាពផ្នែកសន្តិសុខនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (រូប​ថត៖ baoquocte.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh ភារធារី​​វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខដ៏ផុយស្រួយនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលមុនការបោះឆ្នោត ដែលក្នុងនោះថ្កោលទោសចំពោះសកម្មភាពដែលរំលោភកិច្ចព្រមព្រៀងសន្តិភាព។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបញ្ឈប់រាល់សកម្មភាពអរិភាព និងពង្រឹងការសន្ទនាដើម្បីធានាការបោះឆ្នោតប្រកបដោយសន្តិភាព។

គួររលឹកថា នៅថ្ងៃទី ២១ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូសម្រាប់ប្រកាសជាសាធារណៈអំពីស្ថានភាពមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរ។ សមាជិកជាច្រើននៃក្រុមប្រឹក្សាសន្តិសុខបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការអនុវត្តសេចក្តីសម្រេចលេខ ២៣៣៤ និងការដែលអ៊ីស្រាអែលបន្តពង្រីកតំបន់តាំងទីលំនៅថ្មី បំផ្លិចបំផ្លាញផ្ទះរបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងទឹកដីដែលខ្លួនកំពុងកាន់កាប់។ បណ្តាប្រទេសក៏បានអំពាវនាវឱ្យភាគីទាំងអស់គោរពតាមសេចក្តីសម្រេចចិត្តនានារបស់អង្គការសហប្រជាជាតិ  បញ្ចប់អំពើហឹង្សា ការពារជនស៊ីវិល និងវិលត្រឡប់មករកការចរចាឡើងវិញ។

ថ្លែងមតិនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានជំរុញឲ្យភាគីនានាអត់ធ្មត់ មិនមានសកម្មភាព និងសេចក្តីថ្លែងការណ៍ដែលធ្វើឲ្យស្មុគស្មាញដល់ស្ថានភាព និងរារាំងការចរចា និងការសន្ទនា។ វៀតណាមគាំទ្រតួនាទីសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមសហប្រតិបត្តិការអន្តរជាតិដែលអាចជួយសម្រេចបាននូវដំណោះស្រាយប្រកបដោយយុត្តិធម៌ និរន្តរភាព និងយូរអង្វែងមួយចំពោះដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ផងដែរថា វៀតណាមគាំទ្រយ៉ាងម៉ឺងម៉ាត់នូវដំណោះស្រាយរដ្ឋពីរដែលហ្សេរុយសាឡឹមខាងកើត​ជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីន ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់អង្គការ​ស​ហ​​​ប្រជា​ជា​តិ៕​

បកប្រែដោយ Duy Hoan