នាថ្ងៃទី១៥ ខែមីនា ឆ្លើយសំណួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការបាញ់រះចំនួន ២ លើកដែលកើតមានឡើងនៅទីក្រុង Christchurch ប្រទេសនូវែលហ្សេឡង់ ដែលធ្វើអោយមនុស្សជាច្រើននាក់ត្រូវស្លាប់​ និងរងរបួសនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារភេរវកម្មទាំងពីរនេះ។ វៀតណាមជឿជាក់ថា រដ្ឋាភិបាល​ និងប្រជាជននូវែលហ្សេឡង់នឹងជំនះពុះពារលើការឈឺចាប់នេះយ៉ាងឆាប់ៗ ហើយមេគំនិតឈរពីក្រោយការវាយប្រហារនេះនឹងត្រូវបានផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់ផងដែរ។

leftcenterrightdel
កងកម្លាំងសមត្ថកិច្ចនូវែលហ្សេឡង់ហ៊ុំព័ទ្ធតំបន់នៅជុំវិញវិហារអ៊ីស្លាម បន្ទាប់ពីកើតមានករណីបាញ់រះ (រូបថត៖ vnanet.vn)

នាថ្ងៃដដែល ទទួលបានព័ត៌មានស្ដីពីការបាញ់រះចំនួន ២ លើកដែលធ្វើអោយមនុស្សយ៉ាងហោចណាស់ ៤៩ នាក់ត្រូវស្លាប់និង ៤៨ នាក់ទៀតរងរបួសនៅទីក្រុង Christchurch អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអញ្ជើញផ្ញើរសារទូរលេខ សួរសុខទុក្ខជូនអគ្គទេសាភិបាលនូវែលហ្សេឡង់លោក Dame Patsy Reddy នាយករដ្ឋមន្រ្តីលោកស្រី Jacinda Ardern និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Winston Peters។

ទាក់ទិនដល់ករណីបាញ់រះពោលខាងលើ នាថ្ងៃទី១៦ ខែមីនា នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern បានប្រកាសថា នឹងចេញផ្សាយបទបញ្ញាតិ្តដ៏តឹងរឹងជាងមុនក្នុងការគ្រប់គ្រងកាំភ្លើង។ នាថ្ងៃដដែល មុខសញ្ញា Brenton Harrison Tarrant ពលរដ្ឋអូស្ត្រាលីដែលកំពុងរស់នៅរដ្ឋ New South Wales ត្រូវបាននាំទៅតុលាការនៅទីក្រុង Christchurch ប្រឈមមុខជាប់ចោទ ពីបទឃាតកម្មក្នុងករណីបាញ់រះកាលពីរសៀលថ្ងៃទី១៥ ខែមីនា៕

តាម vovworld