នៅក្នុងកិច្ចប្រជុំ ប្រទេសទាំងឡាយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតម្លៃរបស់ ARF ដែលជាវេទិកាសន្តិសុខឈានមុខគេ ដែលជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត និងការទូតការពារនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលអាស៊ានដើរតួនាទីជាមជ្ឈភាព។ ប្រទេសទាំងឡាយផ្តោតលើការពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលកំពុងក្តៅគគុកនាពេលបច្ចុប្បន្ន រួមទាំងជម្លោះនៅអ៊ុយក្រែន និងបញ្ហាមីយ៉ាន់ម៉ាផងដែរ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM ASEAN វៀតណាម ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

អំពីបញ្ហាសមុទ្រខាងកើត ប្រទេសទាំងឡាយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយសង្កត់ធ្ងន់លើការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ និងអំពាវនាវភាគីពាក់ព័ន្ធឲ្យអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្ដិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆាប់សម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២។

លោកឯកអគ្គរដ្ឋទូត Vu Ho បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយប្រទេសនានា ដើម្បីរួមចំណែកក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហានានារបស់សហគមន៍អន្តរជាតិ ហើយបញ្ជាក់ជាថ្មីនូវគោលជំហររបស់អាស៊ានលើសារៈសំខាន់នៃសន្តិភាព សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

*នាល្ងាចថ្ងៃទី ១០ ខែមិថុនា កិច្ចប្រជុំពិគ្រោះយោបល់ SOM អាស៊ាន-ចិន លើកទី២៨ (ACSOC) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ លោកឯកអគ្គរដ្ឋទូត Vu Ho រួមជាមួយប្រធាន SOM នៃបណ្តាប្រទេសអាស៊ាន និងឧបការីរដ្ឋមន្ត្រីការបរទេស ប្រធាន SOM ចិន លោក Wu Jiang hao បានចូលរួមកិច្ចប្រជុំនេះ។ ក្នុងឱកាសនេះ ប្រទេសទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ រួមទាំងសមុទ្រខាងកើត ដោយចាត់ទុកថានេះជាតម្រូវការជាចម្បងសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍៕

បកប្រែដោយ Thuy Anh