leftcenterrightdel
ទាហានឈរយាមនៅប៉ុស្តិ៍ត្រួតពិនិត្យក្នុងទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី០២ ខែមីនា គេហទំព័រ Fresh News បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន នឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ជាលើកដំបូងក្នុងនាមជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ចាប់ពីថ្ងៃទី ២០-២៣ ខែមីនា។

គួររំលឹកថា ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ប្រាក់ សុខុន បានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងសប្តាហ៍ទីពីរនៃខែមីនា ដើម្បីជួបភាគីពាក់ព័ន្ធ និងជម្រុញជំនួយមនុស្សធម៌។

តាមគម្រោង របៀបវារៈនៃដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងត្រូវបានអនុវត្តទៅតាមខ្លឹមសារនៃការឯកភាពចំនួន ៥ ចំណុចដែលដាក់ចេញដោយកិច្ចប្រជុំកំពូលអាស៊ាន។

ក្នុងដំណើរទស្សនកិច្ចនេះ បេសកជនពិសេសរបស់ប្រធានអាស៊ានគម្រោងថា នឹងជួបជាមួយលោកនាយឧត្តមសេនីយ៍ Min Aung Lan; ប្រមុខការបរទេសមីយ៉ាន់ម៉ាលោក Wunna Maung Lwin និងមនុស្សមួយចំនួនដែលបានរៀបចំឱ្យជួបដោយអាជ្ញាធរក្រុង Nay Pyi Taw។

ទន្ទឹមនឹងនោះ បេសកជនពិសេសរបស់ប្រធានអាស៊ានគ្រោងនឹងទៅទីក្រុងយ៉ាំងហ្គោន ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់មន្ទីរពេទ្យមួយ និងធានាថាជំនួយរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ាបានទៅដល់ប្រជាជនមានតម្រូវការនិងកន្លែងមានតម្រូវការ។

លោក ប្រាក់ សុខុន ក៏នឹងជួបជាមួយឯកអគ្គរដ្ឋទូតអាស៊ាននៅទីក្រុងយ៉ាំងហ្គោន ដើម្បីស្តាប់ការវាយតម្លៃរបស់ភាគីនីមួយៗអំពីស្ថានភាព និងយោបល់របស់ភាគីនីមួយ៕

បកប្រែដោយ Duy Hoan