leftcenterrightdel
កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិន បានធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងភាពជាដៃគូ (១៩៩១-២០២១) នៅថ្ងៃទី៧ មិថុនា នៅទីក្រុង Chong Qing ប្រទេសចិន (រូបថត៖ REUTERS)

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក រួមជាមួយនឹងវិធានការណ៍ដែលបានអនុវត្តសមកាលកម្មនៅថ្នាក់ជាតិ និងថ្នាក់តំបន់ អាស៊ាននិងចិនបានរួមគ្នាកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាត Covid-19។ អាស៊ានវាយតម្លៃខ្ពស់ចំពោះប្រទេសចិនដែលបានផ្តល់វ៉ាក់សាំង និងគាំទ្រសម្ភារៈបរិក្ខារពេទ្យក៏ដូចជាជំនួយខាងបច្ចេកទេសដល់អាស៊ាន និងប្រទេសជាសមាជិក។ ចំពោះមុខបញ្ហាប្រឈមដែលកើតឡើងដោយសារជំងឺរាតត្បាត ភាគីទាំងពីរបានសម្តែងនូវការយល់ដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៃការគួបផ្សំរវាងការគ្រប់គ្រងជំងឺរាតត្បាត និងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ។

ភាគីទាំងពីរក៏បានអះអាងផងដែរថា សេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) គឺជាឯកសារប្រវត្តិសាស្ត្រដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការជំរុញសន្តិភាព ស្ថិរភាព ជំនឿទុកចិត្តគ្នាទៅវិញទៅមក និងទំនុកចិត្តនៅក្នុងតំបន់ ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២; បញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ DOC; ព្រមទាំងលើកកម្ពស់ការរក្សាដំណើការចរចាក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) បន្តការចរចាជាបណ្តើរៗតាមប្រព័ន្ធវីដេអូឆ្ពោះទៅរកការបញ្ចប់ COC ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងនៅលើមូលដ្ឋានច្បាប់អន្ដរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២៕

បកប្រែដោយ Huyen Trang