ភាគីទាំងពីរបានឯកភាពគ្នាសហការការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសស្តីពីចក្ខុវិស័យរួមអាស៊ាន - នូវែលសេឡង់ ដែលបានអនុម័តដោយថ្នាក់ដឹកនាំនៅឯកិច្ចប្រជុំកំពូល នៅចុងឆ្នាំ ២០២០ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នានឹងបន្តសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីអន្តរជាតិបើកទូលាយ យុត្តិធម៌ ផ្អែកលើច្បាប់ និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីចូលរួមចំណែកក្នុងការថែរក្សា និងធានាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ រួមទាំងសន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត។ ទាក់ទងនឹងការវិវឌ្ឍនាពេលថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រទេសទាំងឡាយបានអំពាវនាវឱ្យអត់ធ្មត់ កាត់បន្ថយភាពតានតឹង ចៀសវាងអំពើហឹង្សា ធានាសុវត្ថិភាពដល់ប្រជាជន។ ប្រទេសទាំងឡាយសម្តែងនូវការត្រៀមជាស្រេចគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ពង្រឹងកិច្ចសន្ទនា និងស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព ដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាព និងរក្សាដំណើរការប្រជាធិបតេយ្យ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ baoquocte.vn)

ក្នុងនាមបណ្តាប្រទេសអាស៊ានថ្លែងសុន្ទរកថាស្តីពីកិច្ចសហប្រតិបត្តិការតាមសមុទ្រ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនៅលើសមុទ្រដល់បរិស្ថានសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់បណ្តាប្រទេស ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថា អាស៊ាននិងនូវែលសេឡង់ចាំបាច់ត្រូវពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាតំបន់អាស៊ាន (ARF) កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកទូលាយ (ADMM+) និងវេទិកាសមុទ្រអាស៊ានបើកទូលាយ (EAMF) ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ បង្កើតការជឿទុកចិត្ត និងគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងប្រកាន់ខ្ជាប់នូវស្តង់ដារនៃការប្រព្រឹត្តិដូចជា សេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)  ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថា ក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុននាពេលបច្ចុប្បន្ននៅក្នុងតំបន់ និងនៅលើពិភពលោក ប្រទេសទាំងឡាយចាំបាច់ត្រូវពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ កសាងជំនឿទុកចិត្ត គោរពច្បាប់ ធានាបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការស្តារឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

បកប្រែដោយ Huyen Trang