អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក  Nguyen Quoc Dung និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ាន ២០២០ បានអះអាងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦  នារសៀលថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

leftcenterrightdel
សន្និសីទសារព័ត៌មានស្តីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦

កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺ Covid-19 គឺជាការងារដ៏សំខាន់មួយ

ចាប់តាំងពីដើមឆ្នាំ ២០២០ មកម៉្លេះ ការផ្ទុះឡើងនៃជំងឺ Covid-19 បានបណ្តាលឱ្យសកម្មភាពអាស៊ានជាច្រើនត្រូវបានពន្យារពេល ឬត្រូវផ្អាក់ជាបណ្តោះអាសន្ន ដែលរួមទាំងកិច្ចប្រជុំកំពូលអាស៊ាន ៣៦ ។ អនុរដ្ឋមន្រ្តីលោក  Nguyen Quoc Dung បាននិយាយថា ដោយសង្ឃឹមកិច្ចប្រជុំកំពូលអាស៊ានលើកដំបូងជាផ្លូវការក្នុងឆ្នាំដែលវៀតណាមធ្វើជាប្រធានអាស៊ានឆ្នាំ ២០២០ នឹងត្រូវបានប្រព្រឹត្តទៅជាធម្មតានោះ បានជាវៀតណាមបានស្នើឲ្យពន្យាពេលនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរង្វង់ពេលវេលាដើមខែមេសាដល់ចុងខែមិថុនា។ ក៏ប៉ុន្តែ រហូតមកទល់បច្ចុប្បន្ន ស្ថានភាពជំងឺ Covid-19 នៅលើពិភពលោកនៅតែមានការវិវត្តដ៏ស្មុគស្មាញ។ ដូច្នេះប្រទេសវៀតណាម និងប្រទេសដទៃទៀតយល់ថាវាមិនអាចពន្យារពេលបន្តទៀតបានទេ ពោលគឺនៅតែត្រូវរៀបចំកិច្ចប្រជុំកំពូលនេះតាមទម្រង់ប្រព័ន្ធវីដេអូ។ មធ្យោបាយបច្ចេកទេសបច្ចុប្បន្នគឺទំនើបណាស់អាចឆ្លើយតបបានតម្រូវការនៃការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដោយមិនខុសគ្នាប៉ុន្មានពីការប្រជុំផ្ទាល់ឡើយ។ នេះជាការបញ្ជាក់ពីលោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung។

ជាធម្មតា កិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការដំបូងក្នុងឆ្នាំគឺជាកិច្ចប្រជុំផ្ទៃក្នុងរវាងចំណោមបណ្តាមេដឹកនាំអាស៊ាន។ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានថ្លែងថា នៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦ មេដឹកនាំទាំងអស់នឹងស្តាប់របាយការណ៍ និងផ្តល់យោបល់ស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការអាស៊ានក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ លើវិស័យជាសសរស្តម្ភទាំង ៣ គឺសន្តិសុខនយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គម។ ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្ននេះវាច្បាស់ណាស់ថាការផ្តោតអារម្មណ៍ដ៏សំខាន់មួយដែលមេដឹកនាំមិនអាចមើលរំលងបានគឺការបន្តកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19 និងការធ្វើយ៉ាងដូចម្តេចដើម្បីអាស៊ាន​ងើប​ឡើងវិញយ៉ាងខ្លាំងបំផុត។

ក្នុងឱកាសនេះ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ក្រៅពីពិធីបើកសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នោះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ក៏នឹងធ្វើជាប្រធានបណ្តាកិច្ចប្រជុំដូចជា កិច្ចប្រជុំពិសេសស្តីពីការផ្តល់សិទ្ធិអំណាចបន្ថែមដល់ស្ត្រីក្នុងយុគសម័យឌីជីថល កិច្ចពិភាក្សារវាងមេដឹកនាំនៃប្រទេសអាស៊ានជាមួយនិងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)  កិច្ចពិភាក្សារវាងមេដឹកនាំនៃប្រទេសអាស៊ាននិងតំណាងយុវជនអាស៊ាន  កិច្ចពិភាក្សារវាងមេដឹកនាំនៃប្រទេសអាស៊ាន និងក្រុមប្រឹក្សាផ្តល់ប្រឹក្សាផ្នែកអាជីវកម្មអាស៊ាន (ABAC)។ ជាពិសេសយោងតាមលោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung កិច្ចប្រជុំពិសេសស្តីពីការផ្តល់សិទ្ធិអំណាចបន្ថែមដល់ស្ត្រីក្នុងយុគសម័យឌីជីថលគឺជាគំនិតផ្តួចផ្តើមមួយដែលបានលើកឡើងដោយប្រទេសវៀតណាមដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មេដឹកនាំអាស៊ានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងលើកកំពស់តួនាទីរបស់ស្ត្រីក្នុងការកសាងសហគមន៍។ កិច្ចប្រជុំនេះនឹងមានការចូលរួមពី ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោក Jacinda Ardern អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi និងលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមអាស៊ី - ប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) Armida Salsiah Alisjahbana ។

អាស៊ានមិនរើសយកភាគីណាមួយទេ

នៅក្នុងសន្និសីទសារព័ត៌មាន ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានស្តីពីប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយ​” នៃឆ្នាំអាស៊ាន ២០២០ ក្នុងបរិបទរីករាលដាលនៃជំងឺ Covid-19 នាពេលបច្ចុប្បន្ន លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថា សាមគ្គីភាព និងការរួបរួមគ្នាគឺជាតម្រូវការដែលមិនអាចខ្វះបានសម្រាប់ជោគជ័យនៃ សហគមន៍អាស៊ាន។ ជាមួយនឹងប្រធានបទនេះ ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមមានបំណងចង់ពង្រឹងសាមគ្គីភាព ឯកភាព សមត្ថភាពផ្ទៃក្នុង និងជំរុញការអភិវឌ្ឍសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ ការពង្រឹងទំនាក់ទំនងក្នុងការផ្សាភ្ជាប់សេដ្ឋកិច្ច ការបង្កើនស្មារតីសហគមន៍ និងអត្តសញ្ញាណអាស៊ាន ការបង្កើនភាពស្អិតល្មួតរបស់ប្រជាជន និងការផ្តោតសំខាន់លើប្រជាជន។ ប្រទេសវៀតណាមក៏មានបំណងចង់បង្កើនសមត្ថភាពរបស់អាស៊ានក្នុង​ការសម្របខ្លួនយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពចំពោះការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃស្ថានភាពពិភពលោ​ក និងចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើងដូចជាការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងចំណោមប្រទេសធំៗ ព្រម​ទាំងក៏ជាការលើកកម្ពស់សមត្ថភាពឆ្លៀតឆក់យកឱកាស និងកាត់បន្ថយបញ្ហាប្រឈមដែលបណ្តាលមកពីផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ទៀតផង។  លោកអនុរដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា “យើងនឹកស្មានមិនដល់ថា គ្រាដែលយើងទើបតែសម្រេចចិត្តជ្រើសរើសយកប្រធានបទនេះគឺភ្លាមៗយើងប៉ះនឹងបញ្ហាប្រឈមដំបូងគឺជំងឺ Covid-19 តែម្តង។ ជំងឺរាតត្បាត Covid-19 គឺកាន់តែបង្ហាញឲ្យឃើញថា ការជ្រើសយកប្រធានបទនេះពិតជាត្រឹមត្រូវ។ ក្នុងរយៈពេល ៦ ខែកន្លងមក កិច្ចសហប្រតិបត្តិការអាស៊ានក្នុងស្មារតីនៃ “ភាពស្អិតរមួត និងការ​ឆ្លើយ​តប” នោះបានជួយឲ្យអាស៊ានឆ្លើយតបនឹងជំងឺនេះយ៉ាងម៉ឺងម៉ាត់ដែលអាចនិយាយបានថាជាគំរូមួយរបស់ពិភពលោកក្នុងការទប់ទល់នឹងការរាតត្បាតជំងឺ Covid-19 ។ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានបញ្ជាក់បែបនេះ។

ទាក់ទងនឹងការប្រកួតប្រជែងយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងរវាងប្រទេសធំៗដែលត្រូវបានបង្ហាញក្រោមរូបភាពផ្សេងៗគ្នានោះ អនុរដ្ឋមន្រ្តី Nguyen Quoc Dung បានលើកឡើងថា ការពិតនេះគឺជាការពិបាកគិតមួយចំពោះប្រទេសទាំងអស់មិនត្រឹមតែអាស៊ានប៉ុណ្ណោះទេ។ ទោះយ៉ាងណាអាស៊ានក៏មានជំហរដាច់ដោយឡែករបស់ខ្លួននៅក្នុងគ្រប់កិច្ចការអន្តរជាតិ និងក្នុងតំបន់ដែរ យើងអាចលើឧទាហរណ៍ដូចជាតាមរយៈឯកសារអំពីទស្សនៈរួមរបស់អាស៊ានស្តីពីឥណ្ឌូ - ប៉ាស៊ីហ្វិក (AOIP) ។ នោះហើយជារបៀបដែលអាស៊ានដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់។ ខ្ញុំជឿជាក់ថាស្មារតីនោះនឹងបន្តត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧” តទៀត។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់៕

បកប្រែដោយ Minh Trung