leftcenterrightdel
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ប្រធានក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ជាអធិបតីនៃកិច្ចប្រជុំ (រូបថត៖ vovworld.vn)

នៅកិច្ចប្រជុំ រដ្ឋមន្រ្តីទាំងអស់បានលើកឡើងថា ជាងពេលណាៗទាំងអស់ អាស៊ានត្រូវលើកកម្ពស់ស្មារតីនៃការផ្សាភ្ជាប់ និងការបន្ស៊ាំយ៉ាងសកម្មដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃ Covid-19 ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច សង្គមដោយសារការរីករាលដាល។

ថ្លែងមតិនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានជម្រាបជូនព័ត៌មាន និងចែករំលែកបទពិសោធន៍របស់វៀតណាមលើការឆ្លើយតបយ៉ាងប្តូរផ្តាច់ និងរហ័ស ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូល រួមទាំងកម្លាំងកងទ័ពផងដែរ។ អាស្រ័យហេតុនោះវៀតណាមសម្រេចបានលទ្ធផលវិជ្ជមានក្នុងជំហានដំបូងក្នុងការគ្រប់គ្រង និងទប់ស្កាត់រោគរាតត្បាត។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា អាស៊ានត្រូវតែបន្តជំរុញកិច្ចសហការក៏ដូចជាកិច្ចសហប្រតិបត្ដិការជាមួយដៃគូនានាក្នុងការបង្ការ និងទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19។

ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក៏បានពិភាក្សាគ្នាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន និងអាស៊ានបូក ៣ (ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង) ស្តីពីការទប់ទល់នឹងរោគរាតត្បាត Covid-19 តាមអនឡាញដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមេសា។

ក្នុងសេចក្តីប្រកាសជាភាសារៀងៗរបស់ខ្លួននៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងអស់បានសំដែងពីសាមគ្គីភាពយ៉ាងជិតស្និទ្ធក្នុងចំណោមប្រទេសអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19៕

បកប្រែដោយ Huyen Trang