ក្រសួងនេះក៏បានប្រកាសពីអ្នកស្លាប់១១ នាក់ទៀតដោយជំងឺកូវីដ-១៩ ក្នុងនោះ ៧ នាក់មិនបានចាក់វ៉ាក់សាំងទេ។ ដូច្នេះ គិតមកទល់នឹងពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១១៧,៣៥២ ករណី ក្នុងនោះ ១១២,០៥៦ នាក់បានជាសះស្បើយ និង ២,៧០៤ នាក់បានស្លាប់។

ចំនួនករណីថ្មីក្នុងមួយថ្ងៃស្ថិតនៅកម្រិតទាប ចំនួនអ្នកស្លាប់ថយចុះខណៈដែលចំនួនអ្នកត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ កើនឡើង នោះគឺជាសញ្ញាវិជ្ជមានក្នុងបរិបទដែលកម្ពុជាខិតជិតដល់ពេលគ្រប់វិស័យសេដ្ឋកិច្ចត្រូវបានបើកឱ្យដំណើរការឡើងវិញ។

leftcenterrightdel
ប្រជាជន​លាង​ដៃ​ដើម្បី​ការពារ​ជំងឺ​កូវីដ-១៩ នៅ​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១ (រូបថត៖ vnanet.vn)

ប្រទេសកម្ពុជាកំពុងឈានឆ្ពោះទៅរកជីវិតធម្មតាថ្មីជាបណ្តើរៗដោយមានការបើកឱ្យមានការចុះឈ្មោះទិដ្ឋាការអេឡិចត្រូនិក (E-visa) សម្រាប់វិនិយោគិន និងអ្នកទេសចរ កាត់បន្ថយរយៈពេលចត្តាឡីស័ក សម្រាប់អ្នកចូលប្រទេស និងអនុវត្តប្រព័ន្ធ QR code ថ្មីដើម្បីពិនិត្យព័ត៌មានអំពីការចាក់វ៉ាក់សាំង។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតខ្មែរថាមស៍ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AMCHAM) លោក Anthony Galliano បាននិយាយថា ការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវ E-visa គឺជាសញ្ញានៃដំណើរការបើកប្រទេសឡើងវិញនាពេលខាងមុខរបស់កម្ពុជា។

នៅថ្ងៃដដែលនេះ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាបានរៀបចំគំរោងនឹងរៀបចំការប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិ បន្ទាប់ពីត្រូវលុបចោលកាលពីឆ្នាំមុន ដោយសារជំងឺរាតត្បាត។

គ្រប់សាលារៀននៅទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១៥ ខែកញ្ញា នៅពេលដែលស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ បង្ហាញនូវសញ្ញាច្បាស់លាស់នៃការថយចុះ។ សិស្សានុសិស្សដែលត្រូវបានអនុញ្ញាតឱ្យទៅសាលារៀន ប៉ុន្តែត្រូវអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាលកម្ពុជាស្តីពីការប្រើប្រាស់ម៉ាស់ វាស់សីតុណ្ហភាពរាងកាយ លាងដៃ និងរក្សាចម្ងាយសុវត្ថិភាព។

ដើម្បីសម្រេចបាននូវគោលដៅចាក់វ៉ាក់សាំងឱ្យមនុស្សពេញវ័យចំនួន ១០ លាននាក់ (អាយុចាប់ពី ១៨ ឆ្នាំឡើង) និងសម្រេចបានភាពស៊ាំសហគមន៍នោះ  រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងចល័តនៅគ្រប់ខេត្តទាំង ២៤ នៅទូទាំងប្រទេស។ អាស្រ័យហេតុនោះ គ្រប់មធ្យោបាយត្រូវបានប្រមូលផ្តុំ ដើម្បីនាំយកវ៉ាក់សាំងទៅដល់ផ្ទះប្រជាពលរដ្ឋនីមួយៗនៅតំបន់ទឹកជំនន់។

កាលពីថ្ងៃទី២០ ខែតុលា អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោក ឱ វណ្ណឌីន មានប្រសាសន៍ថា ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិ ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំនេះ។ មកដល់សព្វថ្ងៃនេះ មនុស្សពេញវ័យសរុបចំនួន ៩,៩៥៨,៤៤៩នាក់ បាននិងកំពុងរស់នៅក្នុងប្រទេសបានចាក់យ៉ាងតិច ១ ដូសហើយ ដែលក្នុងនោះមាន ៩,៦០៧,២៨២ នាក់បានបញ្ចប់ការចាក់ដូសទីពីរ។

ប្រទេសកម្ពុជាមានគោលបំណងចាក់វ៉ាក់សាំង ឱ្យបានពេញលេញដល់ប្រជាជនចំនួន ១៤.៥ លាននាក់ ស្មើនឹង ៩១% នៃចំនួនប្រជាជនសរុបចំនួន ១៦ លាននាក់ ក្នុងនោះមានបីក្រុមមនុស្សពេញវ័យ ក្មេងជំទង់អាយុពី ១២-១៧ ឆ្នាំ និងកុមារអាយុពី ៦-១២ ឆ្នាំ។

នៅថ្ងៃទី២០ ខែតុលានេះផងដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានប្រកាសពង្រីកកម្មវិធីជំនួយសាច់ប្រាក់រយៈពេល ៣ ខែទៀត (ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំនេះ) សម្រាប់រាល់គ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាត។ តាមរយៈប្រព័ន្ធផ្ទេរប្រាក់ វីង កម្មវិធីនេះផ្តោតសំខាន់លើការជួយដល់គ្រួសារដែលរស់នៅក្នុងតំបន់ដែលរងការបិទខ្ទប់ក្នុងរយៈពេលយូរក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ (ខេត្តកណ្តាល) និងខេត្តព្រះសីហនុ។ ចំនួនទឹកប្រាក់នៃជំនួយក្នុងខ្ទង់ពី ៣៩-៧៨ ដុល្លារ/គ្រួសារ អាស្រ័យលើចំនួនមនុស្សក្នុងគ្រួសារ។

ចំនួនករណីថ្មីក្នុងមួយថ្ងៃនៅកម្រិតទាប ចំនួនអ្នកស្លាប់ថយចុះ និងចំនួនអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កើនឡើង គឺជាសញ្ញាវិជ្ជមានក្នុងបរិបទដែលកម្ពុជាខិតជិតដល់ពេលនៃការបើកគ្រប់វិស័យឱ្យដំណើរការឡើងវិញ៕

បកប្រែដោយ Minh Trung