នៅក្នុងកិច្ចប្រជុំនេះ មានមតិជាច្រើនផ្តោតលើស្ថានភាពជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ក៏ដូចជាបានសម្តែងការព្រួយបារម្ភអំពីអំពើហឹង្សា ជម្លោះនៅតែបន្តកើតមានឡើង ដែលបណ្តាលអោយប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ក៏ដូចជាប្រជាជនអ៊ីស្រាអែលជាច្រើនត្រូវស្លាប់និងរងរបួស ក្នុងនោះមានទាំងស្ត្រីនិងកុមារផងដែរ។ មតិភាគច្រើនបានរិះគន់និងអំពាវនាវអោយអ៊ីស្រាអែល បញ្ឈប់សកម្មភាពតាំងទីលំនៅថ្មីនៅតំបន់វេសប៊ែង រួមទាំងតំបន់ភាគខាងកើតនៃក្រុងយេរូសាឡិម។

leftcenterrightdel
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានធ្វើជាអធិបតីក្នុងកិច្ចពិភាក្សាបើកទូលាយរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពប៉ាឡេស្ទីន - អ៊ីស្រាអែល (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងទៅអង្គប្រជុំ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងគ្មានសកម្មភាពបង្ករឿងហេតុណាមួយឡើយ។ ម្យ៉ាងវិញទៀត គោរពនិងប្រតិបត្តិតាមច្បាប់អន្តរជាតិ ក៏ដូចជា សេចក្តីសម្រេចចិត្តពាក់ព័ន្ធនានា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ ជំរុញអោយអ៊ីស្រាអែលបញ្ឈប់ការសាងសង់កន្លែងតាំងទីលំនៅខុសច្បាប់និងលុបបំបាត់ការរឹតត្បិតការធ្វើដំណើររបស់ប្រជាជនលើទឹកដីប៉ាឡេស្ទីនដែលត្រូវទន្ទ្រានកាន់កាប់។ វៀតណាមបានអះអាងនូវដំណោះស្រាយតែ មួយគត់សម្រាប់ជំលោះ អ៊ីស្រាអែល - ប៉ាឡេស្ទីន គឺបង្កើតរដ្ឋប៉ាឡេស្ទីនដែលមានព្រំដែនមុនឆ្នាំ ១៩៦៧ ដើម្បីរួមរស់ដោយសុខដុមរមនា ធានាសន្តិសុខនិងគោរពគ្នាទៅវិញទៅមកជាមួយរដ្ឋអ៊ីស្រាអែល៕

តាម vovworld