លោក Gia Mi Cong លេខាសាខាបក្សភូមិ Can Lung បានចែករំលែកថា៖ “កាលពីមុន ជីវភាពរបស់អ្នកភូមិជួបការលំបាកខ្លាំងណាស់។ ដើម្បីចូលទៅក្នុងភូមិមានផ្លូវតែមួយគត់ដែលមានទទឹងជិត១ ម៉ែត្រ ហើយពិបាកធ្វើដំណើតណាស់”។

ដោយយល់ឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំឃុំ Can Chu Phin បានកៀរគរ និងអំពាវនាវដល់សប្បុរសជន និងក្រុមសប្បុរសធម៌ ជួយឧបត្ថម្ភថ្លៃជួសជុលនិងពង្រីកផ្លូវ។ លើសពីនេះ កម្មាភិបាលឃុំក៏បានជំរុញការឃោសនាប្រជាពលរដ្ឋបរិច្ចាគដីធ្វើផ្លូវផងដែរ។ នៅខែមិថុនា ឆ្នាំ២០២២ ផ្លូវទៅកាន់ភូមិ Can Lung ត្រូវបានចាប់ផ្តើមសាងសង់ ដែលមានប្រវែង ៣.៨ គីឡូម៉ែត្រ ទទឹង ៣ ម៉ែត្រ ហើយថវិកាសម្រាប់សំណង់ប្រមាណ ១.៥ ពាន់លានដុង។ ថវិកានេះត្រូវបានជួយឧបត្ថម្ភដោយសប្បុរសជនក្នុងនិងក្រៅខេត្ត។ ក្នុងអំឡុងពេលសាងសង់ផ្លូវនេះ ប្រជាពលរដ្ឋក្នុងភូមិសប្បាយចិត្តណាស់ ដោយបានប្រាប់គ្នារួមកម្លាំងកាយចិត្តដើម្បីសាងសង់ផ្លូវនេះឲ្យបានឆាប់។ គេរំពឹងថានៅខែតុលាខាងមុខ ផ្លូវនេះនឹងធ្វើរួចរាល់និងដាក់ឱ្យប្រើប្រាស់។

leftcenterrightdel
ប្រជាពលរដ្ឋនៅភូមិ Can Lung ចូលរួមសាងសង់ផ្លូវ

លោក Gia Mi Po ជាអ្នកភូមិ Can Lung បានឲ្យដឹងថា៖ “យើងខ្ញុំបានរស់នៅក្នុងភូមិនេះរាប់ទសវត្សរ៍មកហើយ ហើយការធ្វើដំណើរគឺលំបាកខ្លាំងណាស់។ ផ្លូវបេតុងធំទូលាយទៅកាន់ភូមិនឹងជួយផ្លាស់ប្តូរជីវភាពរបស់ប្រជាជននៅទីនេះ។ យើងខ្ញុំសប្បាយចិត្តណាស់”។

លោក Luong Vu Khoa លេខាគណៈកម្មាធិការបក្សឃុំ Can Chu Phin បានមានប្រសាសន៍ថា៖ “ផ្លូវថ្មីនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងតំបន់ ធ្វើដំណើរ ដឹកជញ្ជូនកសិផល ផ្លាស់ប្តូរទំនិញ រួមចំណែកសម្រេចបាននូវគោលដៅនៃការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; ថែរក្សាស្ថិរភាពការពារជាតិ-សន្តិសុខ; បង្កើនបណ្តាញផ្លូវជនបទ។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យផ្លូវនេះរួចរាល់ក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែសប្បាយចិត្តក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតស្រុក Meo Vac (១៥ ធ្នូ ឆ្នាំ១៩៦២ / ១៥ ធ្នូ ឆ្នាំ២០២២)។

អាចបញ្ជាក់បានថា នៅពេលដែលផ្លូវទៅកាន់ភូមិ Can Lung ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់ វានឹងបំពេញតម្រូវការធ្វើដំណើរដ៏ងាយស្រួលរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ ឃុំ Can Chu Phin នឹងបន្តជំរុញការកៀរគរធនធាន អំពាវនាវសប្បុរសជន ជួយឧបត្ថម្ភមូលនិធិវិនិយោគក្នុងការសាងសង់លំនៅដ្ឋាន និងណែនាំប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការផ្លាស់ប្តូរដំណាំ; រួមចំណែកផ្លាស់ប្តូរមុខមាត់ភូមិក្រីក្រនៅទីនេះ៕

បកប្រែដោយ Huyen Trang