យើង និងកម្មាភិបាលនៃផ្នែកជនជាតិស្រុក Bac Yen ខេត្ត Son La បានទៅភូមិ Nam Long ឃុំ Hang Chu ដែលជាភូមិមួយក្នុងចំណោមភូមិលំ​បាកបំផុតនៅក្នុងស្រុក Bac Yen។ យើងត្រូវចំណាយពេលពីរម៉ោងដើម្បីទៅដល់ Nam Long ប៉ុន្តែការធ្វើដំណើរមិនបានបញ្ចប់នៅទីនេះទេ។ ដោយក្រឡេកមើលទៅលើភ្នំដ៏ឆ្ងាយដែលគ្របដណ្តប់ដោយពពកពេញមួយឆ្នាំ កម្មាភិបាលម្នាក់មកពីការិយាល័យជនជាតិស្រុក Bac Yen បានប្រាប់យើងថា “កន្លែងនៅលើកំពូលភ្នំមួយទៀតគឺជាតំបន់លំនៅដ្ឋាន Hua Nga មាន ១៩ គ្រួសារ ដោយមានមនុស្ស ៩៨ នាក់ ជាជនជាតិ Mong រស់នៅ។ ដោយសារតំបន់លំនៅដ្ឋាននៅឆ្ងាយពេកពីទីកណ្តាលភូមិ ឃុំនោះ​ បានជាគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋស្ទើរតែទាំងអស់មិនអាចទៅដល់បានទេ។

leftcenterrightdel
រក្សាអត្តសញ្ញាណវប្បធម៌​នៅខេត្ត Son La (រូបថត៖ vnanet.vn)

យោងតាម លោក Dinh Trung Dung ប្រធានគណៈកម្មាធិការជនជាតិខេត្ត Son La បានឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្តមានតំបន់លំនៅដ្ឋានចំនួន ៣២២ តំបន់ ដែលនៅឆ្ងាយពីទីកណ្តាលភូមិ ឃុំ ដែលត្រូវការការយកចិត្តទុកដាក់ និងការថែទាំ ដែលក្នុងនោះ ៨ តំបន់នៅឆ្ងាយពីទីកណ្តាលភូមិជាង ១០ គីឡូម៉ែត្រ; ៣៤ តំបន់ជាង ៥ គីឡូម៉ែត្រ; ១៥២ តំបន់ជាង ២ គីឡូម៉ែត្រ; និង ១២៨ តំបន់តិចជាង ២ គីឡូម៉ែត្រ។ ទាក់ទងនឹងសមាសភាពជនជាតិភាគតិច ក្រុមជនជាតិដែលរស់នៅឆ្ងាយជាងគេពីទីកណ្តាលភូមិគឺជនជាតិ Thai ដែលមាន ១៦១ តំបន់ ជនជាតិ Mong មានចំនួន ១០២ តំបន់។  នេះគឺជាតំបន់មានភាពអន់ថយអំពីសេដ្ឋកិច្ចសង្គមនៃខេត្ត Son La។ តំបន់លំនៅដ្ឋានទាំងនេះមានអាកាសធាតុចម្រុះ និងស្មុគស្មាញ។ ប្រជាជនតែងតែជួបប្រទះគ្រោះរាំងស្ងួត សន្សើមប្រៃក្នុងរដូវរងារ ភ្លៀងលាយទឹកកក និង​ទឹកជំនន់ នៅរដូវវស្សា។ ចាប់ពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ន ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ធ្វើអោយតំបន់លំនៅដ្ឋានជាច្រើនបានរងគ្រោះដោយទឹកជំនន់ បណ្តាលឲ្យបាត់បង់អាយុជីវិត និងខូចខាត់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ដើម្បីជួយប្រជាជននៅតំបន់ដាច់ស្រយាល ក្នុងឆ្នាំ ២០១៧ គណៈកម្មការជនជាតិខេត្ត Son La បានផ្តល់យោបល់ជូនក្រុមប្រឹក្សាប្រជាជនខេត្ត​ចេញសេចក្តីសម្រេចចិត្តលេខ ៥៦/NQ-HDND ដោយអនុម័តលើគម្រោងរៀបចំ និងជួយគាំទ្រតំបន់លំនៅដ្ឋានដែលនៅឆ្ងាយពីទីកណ្តាលភូមិក្នុងខេត្ត ក្នុងអំឡុងឆ្នាំ ២០១៧-២០២៥។ គម្រោងនេះនឹងត្រូវអនុវត្តជាពីរដំណាក់កាល គឺដំណាក់កាលទី ១ (២០១៧-២០២០) ពិចារណាបង្កើតភូមិថ្មីចំនួន ១៥ ដំណាក់កាលទី ២ (២០២១-២០២៥) នឹងបន្តជួយគាំទ្រការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជួយគាំទ្រផលិតកម្ម ដើម្បីជួយប្រជាជនរក្សាលំនឹងជីវភាពរស់នៅ។

លោក Dinh Trung Dung ក៏បានបន្ថែមថា ដោយភូមិសាស្ត្រស្មុគស្មាញ ភ្នំខ្ពស់ ទន្លេ ស្ទឹងជាច្រើនដូចជាខេត្ត Son La នោះ ការផ្តល់អាទិភាពដល់តំបន់នៅឆ្ងាយពីទីកណ្តាលភូមិ និងភូមិគឺពិតជាចាំបាច់ណាស់។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងដំណើរការអនុវត្ត អាជ្ញាធរ​មូលដ្ឋាន​ត្រូវមានភាពបត់បែន និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងជាងមុន ដើម្បីឱ្យសេចក្តីសម្រេចចិត្តនេះមានប្រសិទ្ធភាព និងជួយតំបន់លំនៅដ្ឋានទាំងនេះឱ្យរួចផុតភាពអន់ថយនៃសេដ្ឋកិច្ចសង្គម៕

បកប្រែដោយ Duy Hoan