ចែករំលែកជាមួយយើងអំពីការថែទាំសុខភាពសម្រាប់អ្នកឃុំ Yang Tao លោក Nguyen Dang Ha អនុប្រធានគិលានដ្ឋានឃុំបានឲ្យដឹងថា៖ “ដោយមានការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល បំប៉នកម្មាភិបាលផ្នែកសុខាភិបាលនោះ ពីមុន​ជាឃុំមួយដែលគ្មានវេជ្ជបណ្ឌិត ប៉ុន្តែ រហូតដល់ ឆ្នាំ២០០៩ គិលានដ្ឋានបានមានវេជ្ជបណ្ឌិតជាជនជាតិភាគតិចនៅនឹងកន្លែងហើយដែរ។ បច្ចុប្បន្ន គិលានដា្ឋនឃុំ Yang Tao មានកម្មាភិបាល និងបុគ្គលិកចំនួន ៩ នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតម្នាក់ គ្រូពេទ្យ ៣ នាក់ ឆ្មប ១ នាក់... មុនឆ្នាំ២០០៩ គិលានដ្ឋានឃុំគ្រាន់តែជាផ្ទះឈើបណ្ដោះអាសន្ន ខ្វះបរិក្ខារពេទ្យ។ តាំងពីឆ្នាំ២០០៩មក គិលានដ្ឋាននេះត្រូវបានវិនិយោគ និងសាងសង់តាមស្តង់ដារជាតិ និងមានបរិក្ខារពេទ្យជាច្រើន។ នាពេលបច្ចុប្បន្ននេះ គិលានដ្ឋានឃុំបានក្លាយជាកន្លែងពិនិត្យ និងព្យាបាលជំងឺ ដែលទទួលបានការជឿទុកចិត្តពីប្រជាជន»។

leftcenterrightdel
កម្មាភិបាលនៃគិលានដ្ឋាន ផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ជនជាតិភាគតិច M’Nong នៅភូមិ Dong Bac

ក្រៅពីការផ្លាស់ប្តូរអំពីសមត្ថភាពទទួល និងព្យាបាលជំងឺរបស់គិលានដ្ឋានឃុំនោះ គិលានុបដ្ឋាយិកា  H’Nien Kman ដែលបានបម្រើការងាររយៈពេល ១៨ ឆ្នាំនៅឃុំ Yang Tao បានបញ្ជាក់ថា៖ «ដោយសារធ្វើបានល្អក្នុងការងារឃោសនាផ្សព្វផ្សាយនោះបានជាប្រជាជនមានការយល់ដឹងអំពីការថែទាំសុខភាព។ ពេលឈឺ ឬសម្រាលកូន ប្រជាជនទៅជួបគ្រូពេទ្យ និងកន្លែងពេទ្យដើម្បីពិនិត្យ ព្យាបាល និងថែទាំ។ ករណីជំងឺធ្ងន់ធ្ងរត្រូវបានផ្ទេរទៅមន្ទីពេទ្យបានទាន់ពេលវេលា ស្ទើរតែគ្មានស្ថានភាពនៃការអញ្ជើញគ្រូសែនមកធ្វើពិធីដេញខ្មោចឡើយ។ ការយល់ដឹងពីការបង្ការ និងទប់ស្កាត់ជំងឺនៅក្នុងសហគមន៍ក៏មានការផ្លាស់ប្តូរច្រើនដែរ ដូច្នោះហើយ ជាច្រើនឆ្នាំកន្លងទៅ  Yang Tao លែងមានការផ្ទុះឡើងនៃជំងឺរាតត្បាត ជាពិសេសឃុំអត់សូវមាន ជំងឺគ្រុនចាញ់ និងគ្រុនឈាមទេ»។

តាមរយៈការស្វែងយល់របស់យើងខ្ញុំ បានដឹងថា ដោយសារមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងពង្រឹងផ្នែកសុខាភិបាលមូលដ្ឋាន ក្នុងបរិបទនៃការវិវត្តដ៏ស្មុគស្មាញ នៃការរាតត្បាតនៃជំងឺកូវីដ-១៩នាពេលកន្លងមក  ជាពិសេសនៅពាក់កណ្តាលឆ្នាំ ២០២១ ឃុំ Yang Tao  បានទទួលពលករជិត ២០០០ នាក់ ដែលត្រឡប់មកពីបណ្តាខេត្តភាគខាងត្បូង ប៉ុន្តែគិលានដ្ឋានឃុំបានបំពេញការងារបានយ៉ាងល្អ ក្នុងការធ្វើតេស្ដ ពិនិត្យ ណែនាំឱ្យធ្វើចត្តាឡីស័ក និងបញ្ជូនអ្នកជំងឺទៅព្យាបាល មិនទុកឱ្យជំងឺរាតត្បាតរីករាលដាលដល់សហគមន៍។ តាំងពីដើមឆ្នាំ ២០២២ មក គិលានដ្ឋានឃុំបានបំពាក់ស៊ីបំពង់អុកស៊ីហ្សែន និងម៉ាស៊ីនជំនួយផ្លូវដង្ហើម រួមទាំងថ្នាំមួយចំនួន មានសមត្ថភាពសម្រាប់ជួយព្យាបាល F0 នៅតាមផ្ទះ និងត្រៀមផ្តល់ជំនួយសង្គ្រោះបឋមដល់អ្នកជំងឺនៅពេលអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ។

ជាមួយនឹងការវិនិយោគទាំងមនុស្ស និងសម្ភារៈបរិក្ខារពេទ្យ រួមជាមួយការផ្លាស់ប្តូរជាវិជ្ជមានក្នុងការថែទាំសុខភាពសហគមន៍នោះ គិលានដ្ឋានឃុំ Yang Tao ត្រូវបានទទួលស្គាល់ថាជាគិលានដ្ឋានបំពេញតាមស្តង់ដារសុខាភិបាលជាតិ។ Yang Tao បានក្លាយជាមូលដ្ឋានគំរូមួយនៃស្រុក Lak ស្តីពីការអភិវឌ្ឍសុខាភិបាលមូលដ្ឋាន អនុវត្តល្អការថែទាំសុខភាពបឋមសម្រាប់ជនជាតិភាគតិចក្នុងតំបន់នៅតំបន់ដែលជួបការលំបាកខ្លាំង៕

បកប្រែដោយ Duy Hoan