អ្នកយកព័ត៌មាន៖ តើលោកស្រីអាចសង្ខេបអំពីលទ្ធផលគួរឱ្យចាប់អារម្មណ៍ក្នុងការអនុវត្តការងារជនជាតិដំណាក់កាលឆាំ ២០១៥-២០២០ ឬទេ?

លោកស្រី Hoang Thi Hanh: តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ មានសារៈសំខាន់ជាពិសេស។ បញ្ហាជនជាតិតែងតែត្រូវបានបក្សយើងកំណត់ថា មានជំហរយុទ្ធសាស្ត្រក្នុងបុព្វហេតុបដិវត្តន៍។ ដើម្បីរៀបចំជាគោលការណ៍ណែនាំក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក រដ្ឋសភា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានបានកសាង និងដាក់ចេញនូវប្រព័ន្ធច្បាប់ និងយន្តការគោលនយោបាយសម្រាប់ជនជាតិភាគតិច និងតំបន់ភ្នំ។ បច្ចុប្បន្នមានកម្មវិធីនិងគោលនយោបាយចំនួន ១១៨ ដែលកំពុងត្រូវបានអនុវត្តនៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ លទ្ធផលនៃការងារជនជាតិក្នុងរយៈពេលឆ្នាំ ២០១៥-២០២០ គឺមានលក្ខណៈវិជ្ជមាន។

ជាដំបូង ហេដ្ឋារចនាសម្ព័ន្ធរបស់ជនជាតិភាគតិច និងតំបន់ភ្នំត្រូវបានយកចិត្តទុកដាក់ វិនិយោគជាជំហានៗ និងព្រមៗគ្នា។ ការងារផ្នែកសុខាភិបាល និងអប់រំមានការបោះជំហានទៅមុខ។ គិតត្រឹមឆ្នាំ ២០២០ ៩៨,៤% នៃចំនួនឃុំ មានផ្លូវសម្រាប់រថយន្តទៅដល់ចំណុចកណ្តាល ហើយអត្រាចំនួនភូមិមានផ្លូវរឹងមាំកើនឡើង ១៦,៧% បើប្រៀបធៀបនឹងឆ្នាំ ២០១៥ ។ អត្រាគ្រួសារជនជាតិភាគតិចដែលប្រើប្រាស់បណ្តាញអគ្គិសនីឈានដល់ ៩៦,៧% ។ ១០០% នៃឃុំមានសាលាបឋមសិក្សា និងអនុវិទ្យាល័យ,  ៩៩,៧% នៃឃុំមានសាលាមត្តេយ្យសិក្សា។ អត្រាប្រជាជនដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងដែលអាចអាន និងសរសេរភាសាសាមញ្ញកើនឡើង ១,៧% ។ អត្រានៃការចូលរៀនបឋមសិក្សាតាមអាយុកំណត់បានកើនឡើង ៨% អនុវិទ្យាល័យកើន ៩ %, វិទ្យាល័យកើន ១៤,៧ %, ៩៩.៥% ឃុំមានមណ្ឌលសុខភាព, ៩៣% ជនជាតិភាគតិចទទួលបានប័ណ្ណធានារ៉ាប់រងសុខភាព។ អត្រារៀបការអាពាហ៍ពិពាហ៍មុនអាយុកំណត់… បានថយចុះ ៥,៦% ។ ទី ២ ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ បានទទួលលទ្ធផលគួរឱ្យចាប់អារម្មណ៍។ ជារៀងរាល់ឆ្នាំអត្រាគ្រួសារក្រីក្រថយចុះ ២-៣% ។ ចំនួនឃុំ និងភូមិ ដែលមានជីវភាពជួបការលំបាកខ្លាំងមានការថយចុះ ៣-៤% ។ ចំនួនស្រុកក្រីក្រមានការថយចុះ ៤-៥% …..

leftcenterrightdel
លោកស្រី Hoang Thi Hanh អនុប្រធានគណៈជនជាតិផ្តល់អំណោយជូនប្រជាជនភាគតិច

អ្នកយកព័ត៌មានៈ តើអ្វីទៅជាបទពិសោធន៍ពីការអនុវត្តការងារជនជាតិនាពេលកន្លងមក?

លោកស្រី Hoang Thi Hanh៖ ដំបូងបង្អស់អាជ្ញាធរគ្រប់លុះដាប់ថ្នាក់ និងអង្គការនានាត្រូវអនុវត្តធ្វើឱ្យសេចក្តីសម្រេចចិត្តទៅជាគោលនយោបាយជាក់លាក់ និងកម្មវិធីប្រតិបត្តិស៊ីចង្វាក់គ្នា ផែនការការងារជាក់ស្តែង ព្រមៗគ្នា។ ដំណើរការអនុវត្តន៍គួរតែមានការប្រគល់ការងារច្បាស់លាស់ មានការធ្វើវិមជ្ឈការ និងប្រគល់ការងារយ៉ាងក្បោះក្បាយ។ បន្ទាប់មកទៀត ត្រូវបង្កើតយន្តការព័ត៌មានទៅវិញទៅមកដើម្បីស្វែងយល់ពីស្ថានភាពឱ្យបានទាន់ពេលវេលា អនុវត្តការឃោសនាអប់រំ និងធ្វើចលនាជនជាតិភាគតិចអនុវត្តល្អតាមមាគ៌ា គោលនយោបាយ និងច្បាប់របស់បក្ស រដ្ឋ ទន្ទឹមនឹងនោះលើកកម្ពស់លទ្ធិប្រជាធិបតេយ្យមូលដ្ឋាន  និងដោះស្រាយគ្រប់បញ្ហារបស់ប្រជាជន។ ទន្ទឹមនឹងនេះ ត្រូវផ្តោតការយកចិត្តទុកដាក់លើធនធានវិនិយោគសម្រាប់ជនជាតិភាគតិច និងតំបន់ភ្នំ ផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយបញ្ហាដីធ្លីលំនៅដ្ឋាន ផលិតកម្ម ទឹកប្រើប្រាស់ ផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ចំណេះដឹងរបស់ប្រជាជន ផ្សាភ្ជាប់នឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារដល់ប្រជាជន។ លើសពីនេះទៀត ចាំបាច់ក្នុងការលើកកម្ពស់គុណភាពបុគ្គលិក និងតួនាទីផ្តល់ប្រឹក្សាយោបល់នៃប្រព័ន្ធភ្នាក់ងារដែលធ្វើការងារជនជាតិ។  ផ្តោតសំខាន់លើការកសាងកម្មាភិបាលស្នូល លើកកម្ពស់តួនាទីរបស់ប្រជាជនមានកិត្តិនាមនៅក្នុងសហគមន៍ជនជាតិភាគតិច។ គ្រប់ក្រសួង និងផ្នែកចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការធ្វើសមាហរណកម្មគោលនយោបាយក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ការរួមបញ្ចូលប្រភពដើមទុនសម្រាប់ការវិនិយោគសំខាន់ៗ ការកសាងគំរូសម្រាប់ការអភិវឌ្ឍផលិតកម្ម និងការការពារបរិស្ថាន។

អ្នកយកព័ត៌មានៈ តើមានបញ្ហាអ្វីខ្លះដែលកើតឡើងនៅក្នុងការងារជនជាតិសព្វថ្ងៃនេះ?

លោកស្រី Hoang Thi Hanh៖ ទោះបីត្រូវបានការយកចិត្តទុកដាក់ពីសំណាក់បក្ស និងរដ្ឋ ក៏ដោយ ប៉ុន្តែដោយសារតែមូលហេតុជាច្រើននោះ បានជាតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនៅតែជាតំបន់ដែលពិបាកបំផុតនៅក្នុងប្រទេសដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធនៅតែមានចំណុចខ្សោយជាច្រើន សេដ្ឋកិច្ចមានការអភិវឌ្ឍយឺត  គុណភាពនៃធនធានមនុស្សទាប អត្រាខ្ពស់នៃគ្រួសារក្រីក្រ …។ បញ្ហាបន្ទាន់មួយចំនួននៅក្នុងជីវភាពរស់នៅរបស់ប្រជាជនដូចជា៖ ការធ្វើចំណាកស្រុកដោយឯកឯង កង្វះដីលំនៅដ្ឋាន ដីសម្រាប់ផលិតកម្ម ទឹកប្រើប្រាស់ប្រចាំថ្ងៃ ស្ថានភាពអត់ការងារធ្វើរបស់យុវជនជនជាតិភាគតិច ... មិនទាន់ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាពទេ ជីវិតរស់នៅរបស់ជនជាតិភាគតិចនៅតែមានការពិបាកខ្លាំងណាស់។ គុណភាពនៃការអប់រំ ការថែទាំសុខភាព និងវប្បធម៌នៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំត្រូវបានធ្វើឱ្យប្រសើរឡើង ប៉ុន្តែនៅតែមានកម្រិតទាបបើប្រៀបធៀបទៅនឹងកម្រិតទូទៅនៃប្រទេស។ សមត្ថភាពរបស់ជនជាតិដើមភាគតិចក្នុងការទទួលបានសេវាសង្គមមូលដ្ឋាននៅតែជាការលំបាក។ សមាមាត្រកម្មាភិបាលជាជនជាតិភាគតិចនៅក្នុងទីភ្នាក់ងាររដ្ឋគ្រប់ជាន់ថ្នាក់មាននិន្នាការថយចុះ ...

គោលនយោបាយអភិវឌ្ឍន៍មួយចំនួននៅតែមានមាតិកាដែលមិនសមនឹងជនជាតិភាគតិច និងតំបន់ភ្នំទេ។ ពេលខ្លះ គោលនយោបាយដែលបានប្រកាសមិនសមស្របជាមួយនិងនិន្នាការសង្គមដែលកំពុងមានការផ្លាស់ប្តូរហើយមានការកែទម្រង់យឺត។ យន្តការនៃការអនុវត្តគោលនយោបាយនៅតែមានបញ្ហាប្រឈមក្នុងការគ្រប់គ្រង ការដោះស្រាយកម្មវិធី។ ធនធានដែលបានបម្រុងទុកសម្រាប់គោលនយោបាយជនជាតិភាគតិចមិនបានបង្ហាញពីអាទិភាពច្បាស់លាស់ស្របតាមគោលការណ៍ណែនាំ និងគោលបំណងដែលបានបង្កើតឡើង។ ដើមទុនសម្រាប់អនុវត្តគោលនយោបាយជនជាតិភាគតិចនាពេលកន្លងមកមិនទាន់គ្រប់គ្រាន់ មិនមានភាពស៊ីចង្វាក់គ្នា និងយឺតយ៉ាវ ដូច្នេះគោលនយោបាយជាច្រើនមិនបានបំពេញគោលដៅរបស់ខ្លួននៅចុងបញ្ចប់ទេ ហើយត្រូវតែពន្យាពេលអនុវត្ត ...

ដើម្បីសំរេចបានជោគជ័យនូវសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសខ្លាំងក្លាមួយ ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍជនជាតិភាគតិច និងតំបន់ភ្នំ។ ទាំងសមូហភាព និងបុគ្គលម្នាក់ៗដែលកំពុងធ្វើការងារជនជាតិនោះចាំបាច់ត្រូវតែលើកកម្ពស់តួនាទី ការទទួលខុសត្រូវ ហើយប្រកបការងារដោយអស់ពីចិត្ត ដោះស្រាយការលំបាក និងការខ្វះខាតយ៉ាងសកម្មដើម្បីជំរុញការអភិវឌ្ឍន៍ជនជាតិភាគតិច និងតំបន់ភ្នំ។

អ្នកយកព័ត៌មាន៖ អរគុណលោកស្រី!

បកប្រែដោយ Minh Trung