អាល្លឺម៉ង់ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសន្តិសុខតាមអ៊ីនធឺណិត AI និងបណ្តុះបណ្តាលវិជ្ជាជីវៈ
កប.អនឡាញ - អាល្លឺម៉ង់ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត បញ្ញាសិប្បនិម្មិត (AI) និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកស្រី Margarete Barth ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅវៀតណាម បានអះអាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីបណ្ដាព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាល្លឺម៉ង់ (ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ១៩៧៥ / ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥) ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកុម្ភៈ។
ដោយពិនិត្យមើលឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ និងសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកស្រី Margarete Barth បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនគឺជាមូលដ្ឋានគ្រឹះរវាងប្រទេសទាំងពីរ ជាកម្លាំងចលករសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិស័យសេដ្ឋកិច្ចនាពេលកន្លងមកនេះ។ នេះត្រូវបានបង្ហាញតាមរយៈចំនួនភ្ញៀវទេសចរអាល្លឺម៉ង់កាន់តែជាច្រើនមកកាន់ប្រទេសវៀតណាមជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០២៤ ភ្ញៀវទេសចរអាល្លឺម៉ង់ជាង ២៥ ម៉ឺននាក់បានមកវៀតណាម។ បច្ចុប្បន្ន អាណិកជនវៀតណាមជាង ២០០,០០០ នាក់កំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសអាល្លឺម៉ង់។
    |
 |
លោកស្រី Margarete Barth ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន |
ដោយវាយតម្លៃថា វៀតណាមមានដំណើរការធ្វើសមាហរណកម្មប្រកបដោយជោគជ័យ លោកស្រី Barth បានឲ្យដឹងថា នេះជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងភាគីទាំងពីរ។ បច្ចុប្បន្ន អាល្លឺម៉ង់កំពុងវិនិយោគជាង ៣.៦ ពាន់លានដុល្លារនៅវៀតណាម និងមានធុរកិច្ចអាល្លឺម៉ង់ចំនួន ៥៣០ ដែលកំពុងធ្វើអាជីវកម្មដោយជោគជ័យនៅវៀតណាម បង្កើតការងារប្រហែល ៥០.០០០។
លោកស្រី Barth បានឲ្យដឹងថា នាពេលខាងមុខ សន្តិសុខតាមអ៊ីនធឺណិត AI និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាវិស័យដែលអាល្លឺម៉ង់ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងការរក្សាសន្តិភាពក៏ជាវិស័យដែលអាល្លឺម៉ង់មានការយកចិត្តទុកដាក់ផងដែរ។ លោកស្រី Barth សង្ឃឹមថា ផលិតផលវៀតណាមកាន់តែច្រើន ជាពិសេសគ្រឿងអេឡិចត្រូនិក អាហារ និងទឹកត្រីនឹងត្រូវបាននាំចេញទៅកាន់ប្រទេសអាល្លឺម៉ង់។
នៅឆ្នាំ២០២៥ វៀតណាម និងអាល្លឺម៉ង់ប្រារព្ធខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ នេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរក្រឡេកមើលអតីតកាល ក៏ដូចជាសង្កត់ធ្ងន់លើបច្ចុប្បន្នកាល ហើយឆ្ពោះទៅសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើននាពេលអនាគត។ លោកស្រីឯកអគ្គរដ្ឋទូតបានឲ្យដឹងថា សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសអាល្លឺម៉ង់និងវៀតណាមនឹងរួមមាន រាត្រីការប្រគុំតន្ត្រី "Berlin ចាំងពន្លឺ" ដោយមានការចូលរួមពីលោកស្រី Katharine Mehrling តារាចម្រៀងដ៏ល្បីល្បាញលើពិភព; ការសម្តែងដោយ Thomas Anderson នៃក្រុម Modern Talking; “មហោស្រពអាល្លឺម៉ង់” នៅបឹង Hoan Kiem; ពិធីចុះហត្ថលេខារវាងសហព័ន្ធបាល់ទាត់វៀតណាម និង Bundesliga អាល្លឺម៉ង់។ល៕
បកប្រែដោយ Thuy Anh