នាពេលថ្មីៗនេះ កាសែតបាងកកប៉ុស្តិ៍ (ប្រទេសថៃ) បានចុះផ្សាយអត្ថបទវិភាគអំពីសេដ្ឋកិច្ចវៀតណាម ដោយក្នុងនោះ គេវាយតម្លៃថា វៀតណាមគឺជាទីផ្សារដែលកំពុងរីកចម្រើន ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងពិភពលោក។ ឧត្តមភាពមួយទៀតរបស់ប្រទេសអាស៊ីអាគ្នេយ៍នេះគឺ មិនប្រឈមនឹងអតិផរណាខ្ពស់ និងអត្រាការប្រាក់កើនឡើង ដែលជាកត្តាអាចនាំទៅរកវិបត្តិសេដ្ឋកិច្ចថ្មី ដូចប្រទេសអភិវឌ្ឍន៍ជាច្រើនកំពុងប្រឈមមុខ។

កាសែតបាងកកប៉ុស្តិ៍ បានលើកឡើងកត្តាមួយចំនួនដែលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់វៀតណាម រួមមាន៖ ទោះបីមានផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏ដោយតែការវិនិយោគផ្ទាល់ពីបរទេស (FDI) បានកើនឡើង គោលនយោបាយស្ដីពីកំណែទម្រង់ដីធ្លីមានប្រសិទ្ធភាព ហើយទីផ្សារភាគហ៊ុនមានការកែលម្អជាវិជ្ជមានជាច្រើន។ យោងតាមក្រុមហ៊ុន One Asset Management ONEAM នៃប្រទេសថៃ ស្ទុះងើបឡើងវិញក្នុងការប្រើប្រាស់ និងវិស័យសេវាកម្មបន្ទាប់ពីការបើកដំណើរការឡើងវិញរបស់វៀតណាម បានរួមចំណែកធ្វើឲ្យផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ៧.៧២% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២  បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាអត្រាកំណើនខ្ពស់បំផុតក្នុងត្រីមាសទីពីរនៃបណ្ដាឆ្នាំ ២០១១-២០២១។ GDP ក្នុងរយៈពេល ៦ ខែរបស់វៀតណាមក៏កើនឡើង ៦.៤២% ដែលបង្ហាញយ៉ាងច្បាស់លាស់ពីការរីកចម្រើននៃសេដ្ឋកិច្ច។

leftcenterrightdel
វៀតណាមបន្តកត់ត្រាកំណើនសេដ្ឋកិច្ចជាវិជ្ជមាន (រូបថត៖ Asian Investor)

កាសែតបាងកកប៉ុស្តិ៍ សង្កត់ធ្ងន់ថា កត្តាពោលខាងលើ បាននិងកំពុងទាក់ទាញអ្នកវិនិយោគមកវៀតណាម។ យោងតាមកាសែតបាងកកប៉ុស្តិ៍ លោក Shin Dong Bin ប្រធាន Lotte Group បាននិយាយថា Lotte ចាត់ទុកប្រទេសវៀតណាមជាប្រទេសដែលមានសក្ដានុពលនៃកំណើនខ្ពស់បំផុតនៅអាស៊ី ហើយជឿជាក់ថា បន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុន វៀតណាមនឹងក្លាយទៅជាទីផ្សារធំទី ៣ ដែល Lotte ផ្តោតលើធនធានវិនិយោគរបស់ខ្លួន។

គេហទំព័រ Asian Investor របស់ក្រុមហ៊ុន Haymarket Media Group មានទីស្នាក់ការនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ក៏បានបញ្ជាក់ដែរថា វៀតណាមបានក្លាយទៅជា “មេដែក” ចំពោះអ្នកវិនិយោគបរទេស ដោយសារកម្លាំងពលកម្មក្មេងដែលនិយាយភាសាអង់គ្លេសល្អ និងមានជំនាញ ហើយសហគ្រាសនៅវៀតណាមភាគច្រើនជាសហគ្រាសធុនតូច និងមធ្យម បង្កើតទីផ្សារសមភាព និងអាចចូលដំណើរការបានយ៉ាងងាយស្រួល។ នៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលត្រូវបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត វៀតណាមកំពុងទាក់ទាញការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ដោយសារតែមានសក្តានុពលក្នុងការអភិវឌ្ឍឲ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផលិតកម្មពិភពលោក។

ម៉្យាងវិញទៀត គេហទំព័រ Asian Investor បានអះអាងថា គោលនយោបាយកាត់បន្ថយពន្ធសម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការមិនកំណត់អត្រាកម្មសិទ្ធិរបស់អ្នកវិនិយោគបរទេសក្នុងវិស័យមួយចំនួនដែលរដ្ឋាភិបាលវៀតណាមអនុវត្ត នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគបណ្តាក់ទុនចូលមក។ គេហទំព័រ Asian Investor បានដកស្រង់សម្តីអ្នកជំនាញ Vinnie Lauria សហស្ថាបនិកក្រុមហ៊ុន Golden Gate Ventures (សិង្ហបុរី) ថា វៀតណាមគឺជាកំពូលមួយនៃ "ត្រីកោណមាសចាប់ផ្តើមអាជីវកម្ម" នៅអាស៊ីអាគ្នេយ៍ រួមជាមួយសិង្ហបុរី និងឥណ្ឌូនេស៊ី៕

បកប្រែដោយ Thuy Anh